ភ្នំពេញ៖មានការលើកឡើងថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកំពត លោក ជួប ចំរើន បានប្រើអំណាចពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកយកលុយពីក្រុមឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើ.ទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមមកខ្មែរតាមតែអំពើចិត្ត។
ប្រភពពីក្រុមអាជីវករនិងឈ្មួញរកស៊ីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានឲ្យដឹងថាលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពត ឡើងកាន់តំណែងថ្មីបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ដោយភាពមិនប្រក្រតីនេះមិនអាចបិទបាំងបានតទៅ ទៀតនោះទេ។
ប្រភពបានបន្តថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ឈ្មោះ សារឿន កំពុងដើរគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំ។
គេសង្កេតឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសាខាគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាឆាប់រហ័សជុំវិញភាពមិនប្រក្រតី ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន។
ភាពមិនប្រក្រតីរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចមួយចំនួនក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បី ជាការផ្ដល់ព័ត៌មានដល់លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងថ្មីជាមេសាខា គយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញឃុបឃិតបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ។
បើយោងតាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងទៀតថា ចាប់តាំងពីលោក ជួប ចំរើន ទទួលបានតំណែងជាមេគយខេត្តកំពត រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក ជួប ចំរើន តែម្តងប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ជុំវិញការរិះគន់នេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ធ្វើបានការបំភ្លឺពី លោក ជួប ចំរើន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយពុំមានលេខទំនាក់ទំនង៕SRP
