ខេត្តត្បូងឃ្មុំ៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៨គ្រួសារ បណ្តាលអោយខូចខាតផ្ទះ ស្ថិតនៅក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានអំណោយពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ខែមិថុនានេះ។
តំណាងលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដែលចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដោយផ្ទាល់ដល់លំនៅដ្ឋានពលរដ្ឋរងគ្រោះទាំង០៨គ្រួសារនេះ ដឹកនាំដោយ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួង រួមទាំងប្រតិភូក្រសួងរួមមានលោក កៅ អុីមរ៉ន អនុរដ្ឋលេខាធិការ លោក អ៊ុន សម័យ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ លោក ច័ន្ទ វិវឌ្ឍន៍ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោក ស ស៊ីណា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន។ក្នុងឳកាសសំណេះសំណាល លោក លី វ៉ាន់ហុង បានសម្តែងនូវការសោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក ខៀវ កាញារីទ្ធ និងលោកស្រី ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ដោយក្តីអាណិតអាសូរបំផុត។ជាមូយគ្នានោះដែរ លោក លី វ៉ាន់ហុង ក៏បានផ្តាំផ្ញើបន្ថែមទៀត ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះ ការបម្រែបម្រួលអាកាសធាតុ ត្រូវថែរក្សាសុខភាពខ្លួន មើលថែកូនៗតូចៗឲ្យបានល្អ ពិសេសរក្សាអនាម័យជាប់ជានិច្ច រក្សាគម្លាតពីគ្នា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩។
ចំពោះអំណោយនាំយកទៅចែកជូបពលរដ្ឋរងគ្រោះទាំង០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករ៥០គីឡូក្រាម,ត្រីខ១យួរ,ទឹកត្រី១យួរ ,មី១កេស និងថវិការចំនួន៥០ម៉ឺនរៀល សម្រាប់០៥គ្រួសារផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិកា២៥ម៉ឺនរៀល សម្រាប់០៣គ្រួសារផ្ទះរងការខូចខាតតិចតួច ក៍ដូចជាផ្តល់ថវិកាជូនយុវជន ស.ស.យ.ក និងCMYAចំនួន៦០មុឺនរៀលផងដែរ៕SRP
