នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូន
ជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប
អំណោយរទេះរុញដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និង លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បាននាំយក ប្រគល់ជូនដល់បងប្អូនជាជនភៀសសឹកមានពិការភាពចំនួន ៣២នាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុន ដា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ចំពោះជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់។
ឯកឧត្តម មានប្រសាសន៍ថា ការចែករទេះរុញដល់ជនពិការភាព គឺជាសកម្មភាពឆ្លុះបញ្ចាំងពីស្មារតីអាណិត ស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋដែលជួបការលំបាកហើយក៏ជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ដែលជួយសម្រាលបន្ទុក និងលើកកម្ពស់គុណភាពជីវិត។ តាមរយៈការផ្ដល់រទេះនេះ គឺជាការសម្រាលការលំបាក សម្រួលដល់ការធ្វើដំណើរ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និងក្រុមការងារ ដែលបាននាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាពេលនេះ ហើយអំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការចែករទេះរុញ បានធ្វើឱ្យបងប្អូនជនពិការលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារងាយស្រួលក្នុងការធ្វើដំណើររបស់ពួកគាត់។
សូមបញ្ជាក់ថា ក្រៅពីអំណោយជារទេះរុញ ក្រុមការងារក៏បាននាំយកអំណោយមួយចំនួន ដោយក្នុងម្នាក់ទទួលបានរទេះរុញ ១គ្រឿង, ថ្នាំប៉ារ៉ាសេតាមុល ១ប្រអប់, សាប៊ូ ១ដុំ, ទឹកដោះគោខាប់ ១កំប៉ុង និងថវិកា ៥ម៉ឺនរៀល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក និងក្រុមការងារ ក៏បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលអំណោយរបស់សប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ ឯកឧត្តម ប្រគល់ជូនដល់វីរកងទ័ពនៅឈរជើងនៅប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ២គ្រឿង សម្រាប់ធ្វើដំណើរបំពេញការងារផងដែរ៕SRP
អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

