Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២៥

ខេត្តសៀមរាប៖កម្លាំងនគរបាលក្រុងសៀមរាប នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វបានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី អំពើលួច(ម៉ូតូចំនួន ០១គ្រឿង) នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ១-ឈ្មោះ វណ្ណារ៉ា ផារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
២-ឈ្មោះ រឹម រតនៈ (ហៅណាក់) ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូដែលមានស្លាកលេខ សៀមរាប 1U-6550 របស់ជនរងគ្រោះពិតប្រាកដមែន។ ចំណែកម៉ូតូដែលខ្លួនលួចបានត្រូវបានបក្ខពួកខ្លួនយកជិះបន្ត។ ករណីនេះដកហូតវត្ថុតាងរួមមាន:
ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថាប្រតិបត្តិការនេះដោយអនុវត្តតាមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២៥

ខេត្តសៀមរាប៖សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ធិម សេរីវុឌ្ឍ ជាប្រធានមន្ទីរទេសចរណ៍សៀមរាប នៃក្រសួងទេសចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់អភិបាលស្រុក មេឃុំអារក្សត្នោត តាមដាន រាល់ការទុកដាក់ សម្រាមឲ្យបានត្រឹមត្រូវ មានធុង សម្រាប់ដាក់សម្រាម និងជំរុញ ដល់អាជីវករ កាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិច ព្រោះ ថង់ប្លាស្ទិច ជាសារធាតុ ប៉ះពាល់ដល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរ ហើយ ក៏ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ផងដែរ។

ឯកឧត្តម ក៏ណែនាំ ដល់មេឃុំ មេភូមិ ធ្វើសហការ ជាមួយ ប្រជាការពារ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ បងប្អូន អាជីវករ លក់ដូរតាមដងផ្លូវ ធ្វើ ពលកម្ម ដើររើស បោសសម្អាត សម្រាម នៅតាមដងផ្លូវឲ្យស្អាត មានសោភ័ណភាព គួរឲ្យទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ចូលមក បរិភោគអាហារ និងមកលែងកំសាន្ត។

ឯកឧត្តម បានអំពាវនាវដល់បងប្អូន អាជីវករ លក់ដូរ សុំជួយទុកដាក់ សម្រាម រក្សាអនាម័យ បរិស្ថាន តាមដងផ្លូវ ឲ្យមានសោភ័ណភាព ដើម្បី ជាទីកន្លែង ទាក់ ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទិញ ម្ហូបអាហារ ផលិតផល របស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។

អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ជំរុញបែបនេះ
ក្នុងឱកាសបានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខអាជីវករ ដែលលក់ដូរនៅសងខាងផ្លូវ ផ្សារបែកអន្លូង និងចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ នៅតាមដងផ្លូវ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លង់ រហូតដល់សាលាវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ នៅព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២៥

ម៉ូតូចំនួន២គ្រឿងព្រលះគ្នាបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តសៀមរាប៖ម៉ូតូម៉ាកហុងដាមួយគ្រឿងដែលពាក់ស្លាកលេខ សៀមរាប 1AD-0822 បានបើកបរក្នុងស្ថានភាពលឿនពីរលិច ទៅកើតមកដល់ត្រង់ចំណុចមន្ទីររដ្ឋបាលខេត្តសៀមរាប ក៏ទៅបុកនិងម៉ូតូម៉ាកខ្លិចដែលបើកបរទិសដៅស្របគ្នាយ៉ាងពេញទំហឹងដល់ម៉ូតូខ្លិចពាក់ផ្លាកលេខសៀមរាប 1AQ-2862 បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ហេតុការណ៍ខាងលើស្ថិតនៅចុងផ្លូវ 60 ម៉ែត្រជាប់នឹងមន្ទីររដ្ឋបាលខេត្តសៀមរាប វេលាម៉ោង០៧ និង៤៩នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អ្នកសារព័ត៌មាន ថាម៉ូតូម៉ាកសង់ទ្រីម ០១៨ បើកបរទិសដៅពីលិច ទៅកើតមកដល់ត្រង់ចំណុចកើតហេតុ ក៏ទៅបុកនឹងម៉ូតូម៉ាកខ្លិចដែលបើកបរទិសដៅស្របគ្នា ក៏បានឈប់ត្រូវបានម៉ូតូសង់ទ្រីមបុកពីក្រោយយ៉ាងពេញទំហឹងតែម្ដង។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តសៀមរាប បានចុះមកវាស់សវែងនិងយកម៉ូតូទៅរក្សាទុកនៅទីស្នាក់ការខេត្តសៀមរាប៕SRP សរសេរអត្ថបទនិងរាយការណ៍ដោយកូនចាបតូច

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២៥

សម្តេចតេជោ ហ៊ុន សែន៖ ការថៃបិទព្រំដែនកន្លងមកនេះ មិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រក ព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះ ឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជម្រុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃនិងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២៥

បិទកាស៊ីណូ​ចំនួន​៤ ពាក់ព័ន្ធ​ការឆបោកអនឡាញ​នៅខេត្តព្រះសីហនុ​

រាជរដ្ឋាភិបាលកម្ពុជាបានធ្វើ​យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗ ចំនួន4 ដែលសង្ស័យថា​ពាក់ព័ន្ធ​ជាមួយមេខ្លោងឆបោកអន្តរជាតិ Chen Zhi នៅខេត្តព្រះសីហនុ ៖

១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប

២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី

៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ និង

៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី ៤
ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២៥

ខេត្តសៀមរាប៖គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយទាំង៧ភូមិចំណុះជើង វត្តតាហង្សសរារ៉ាម នៅរសៀលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើអង្គកឋិនទានសាមគ្គី នៅភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងខ័ណ្ឌសីមា និងដើម្បីប្រមូលបច្ច័យសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃនិងកសាងហេដ្ឋារចនាសម្ព័ននិងសមិទ្ធិផលនានាក្នុងវត្តតាហង្សសរារ៉ាម ដែលជាប្រយោជន៍រួមសម្រាប់ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលផងដែរ។

ព្រះជិនវំសបាលោ សេង ហុង និងជា ព្រះគ្រូ ចៅអធិការវត្តតាហង្សសរារ៉ាម បានមានថេរដីកាថា កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១.ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២. ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឲ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤.ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។

ព្រះគ្រូចៅអធិការវត្តតាហង្សសរារ៉ាម បានបន្តថាក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមាន សម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និង វិស័យ សង្គមកិច្ចជាដើមផងដែរ។

ព្រះតេជគុណ សេង ហុង បានមានថេរដីកាបន្ថែមថា បុណ្យកឋិនសាមគ្គី គឺបង្ហាញពីការរួបរួមគ្នារបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ឬញាតិញោមមកពីទីជិតឆ្ងាយ ក្នុងការរួមចំណែកកម្លាំងកាយចិត្ត និងថវិកា (បច្ច័យ) ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការឡើយ។

សូមបញ្ជាក់ថានៅឆ្នាំនេះកឋិនទាន ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ ១រោច ខែអស្សុជ ដល់ថ្ងៃពុធ ១៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។  ចំពោះបុណ្យកឋិនទានគឺប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗ មួយចំនួន គឺ ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង.ដើម្បីផ្តល់កម្លាំងកាយចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ.ដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរនិងដើម្បីកុំឱ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន៕SRP
ជន់ ពិទូ ភ្នាក់ងារខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២៥

អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញលទ្ធផលស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាព នៃការស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ។

តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា។
ACU បានការស្តាប់ចម្លើយលោក ស៊ាន បូរ៉ាត ចំនួន១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ), បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត។

របាយការណ៍ដដែលបានបញ្ជាក់ថា លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន១២៥កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមី លោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។

ក្នុងរយៈពេល៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារលោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ
១៖ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ,
២៖ ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ, ៣៖ ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤៖ ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥៖ ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ,
៦៖ អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧៖ សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ,
៨៖ រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ, ៩៖ ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០៖ ឃុច ចំរើន ២៤កំណត់ហេតុស្តាប់ចម្លើយ។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន៖ ១៖ បទឆបោកមានស្ថានទម្ងន់ទោស, ២៖ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣៖ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ តុលា ២០២៥

ប៉ូលិសផ្កាយ២គង់​ វុទ្ធី ចូលបំភ្លឺ ករណីយកលុយ​២លាន​ដុល្លារ​ រត់ការមិនបានសម្រេច

ភ្នំពេញ៖តាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ថានៅព្រឹក​ថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អគ្គនាយករងនៃអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​ បានចូល​ខ្លួន​បំភ្លឺដល់​ក្រុមប្រឹក្សា​វិន័យ​ នៃ​ អគ្គ​នាយកដ្ឋានអត្តសញ្ញាណកម្ម​ ពាក់ព័ន្ធ​ករណី​យកលុយ​ជនរងគ្រោះ​ ២លាន​ដុល្លារ​ ដេីម្បី​រត់ការការងារ​មិនបានសម្រេច​ហើយបែជាមិនព្រមប្រគល់លុយ​ជូន​ជនរងគ្រោះវិញ​។

ករណីនេះលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​បដិសេដ​មិនបាន​ឆបោក​ជនរងគ្រោះ​ ដូច​សារ​ព័ត៌មាន​បានផ្សាយនោះទេ​ តែ​បាន​ទទួលស្គាល់ថា​ នៅ​ខ្វះ​លុយ​ជនរងគ្រោះ​ប្រមាណ​ ២លានដុល្លារ​ពិត​ប្រាកដមែន​។ ជាមួយគ្នានេះដែរជនរងគ្រោះ​ នឹង​ចូល​បំភ្លឺនៅ​ អគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្មនៅព្រឹកស្អែកដោយយក​ឯកសារ​ជា​ភស្តុតាង​ទៅជាមួយផង​ដែរ។ នៅ​រសៀលថ្ងៃទី​ ៣០​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ នេះ​ អគ្គាធិការដ្ឋាន​ ក្រសួង​មហាផ្ទៃ​ ក៏បាន​អញ្ជេីញ​លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ ទៅបំភ្លឺផងដែរ​។

សូមជម្រាបថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាន​ទទួល​ប្រាក់​ចំនួន​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ការងារ​អោយ​ជនបរទេស​។ ប៉ុន្តែចាប់​តាំង​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ទទួល​បានលុយ​ពី​ជនរងគ្រោះ​ហើយ​ មានរយះពេល​ជាង​ ១ឆ្នាំ​ហើយ​ លោក​មិនបាន​ធ្វើ​ការ​អោយជនរងគ្រោះ​បានសម្រេច​ទេ​ ហេីយ​លុយ​ ២លាន​ដុល្លារ​ ក៏​មិនព្រម​ប្រគល់​ជូន​ជនរងគ្រោះ​វិញដែរ។

ជុំវិញការបែកធ្លាយរឿងអាស្រូវរត់ការមិនបានសម្រេចនេះ ពីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២៥

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានបញ្ជូនជនសង្ស័យចំនួនពីរនាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូ។

ជនសង្ស័យ
១-ឈ្មោះ ទឺ សីហា ហៅតយ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)។
២-ឈ្មោះ ណាក់ មិនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)​។

ជនសង្ស័យឈ្មោះ​ ទឺ សីហា ហៅតយ បានឆ្លើយសារភាពថា ខ្លួនជាអ្នកធ្វើសកម្មភាពចូលលួចម៉ូតូ ឈ្មោះ​ ណាក់ មិនា ជាអ្នកឈរមើលផ្លូវ និងជាអ្នកធាក់រុញម៉ូតូយកទៅធ្វើសោរ និងជិះរត់គេចខ្លួនទៅស្រុកវ៉ារិន បន្ទាប់មកពួកខ្លួនបានយកម៉ូតូដែលលួចបាននោះទៅដោះប្ដូរអាវម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍លួចម៉ូតូបានកើតឡើង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៦និង១៨នាទី នៅចំណុចសណ្ឋាគារ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយយកម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ បាត់ដំបង ១AS ០១០៥។ ការចាប់ខ្លួនបានធ្វើឡើងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដោយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវ៉ារិន។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះ ម្ចាស់ម៉ូតូ
ឈ្មោះ  ឋនរ-វ.ម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅបច្ចុប្បន្នភូមិចំបកហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

ករណីនេះនគរបាលដកហូតវត្ថុតាង៖​ ម៉ូតូចំនួន២គ្រឿងៈ ទី០១ម៉ាកហុងដាZOOMBER X ស៊េរីឆ្នាំ២០១៧ ពណ៌ខៀវក្រហម សេ១២៥ ពាក់ផ្លាកលេខ តាកែវ ១O ៦១០០ ដែលមានលេខតួ និងលេខម៉ាស៊ីន ៥០០១៦៩០ មានកញ្ចក់ ,ទី២ម៉ាកហុងដាឌ្រីម សេ១២៥ មានលេខតួ និងលេខម៉ាស៊ីន៦៣៩៤៣៣១ គ្មានផ្លាកលេខ បំពាក់អាវម៉ូតូស៊េរីឆ្នាំ២០១៤ ,ផ្លាកលេខ ចំនួន១សន្លឹក បាត់ដំបង ១AS ០១០៥ ,អាវម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ចំនួន១ឈុត តែពុំមានគម្របអាវផ្នែកអាគុយ និងកន្រ្តកចំនួន១។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងដឹកនាំផ្ទាល់ពីលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៥

ចាប់ជនដៃដល់ពីរនាក់ ករណីបាញ់ប្រហារនគរបាលខេត្តកំពង់ធំ  បណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងបាញ់ប្រហារដល់នគរបាលខេត្តកំពង់ធំ, ជនដៃដល់២នាក់ត្រូវចាប់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានករណីជនសង្ស័យម្នាក់បានយកកាំភ្លើង ០១ដើមម៉ាក AK47 បាញ់រះទៅលើមន្រ្តីនគរបាលចំនួន០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុច ភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ និងបានយកកាំភ្លើង០១ដើម ម៉ាក K59 ពីរបស់សមត្ថកិច្ចរត់គេចខ្លួន។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹងនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមមាន៖
១.ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដឹកជនសង្ស័យរត់គេចខ្លួន) ឃាត់ខ្លួនត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។

ដកហូតវត្ថុតាង អាវុធ១ម៉ាក AK47 បង់ចំនួន០១ គ្រាប់ចំនួន២២ នៅចំណុច ភូមិម្រាមទាក​ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។ ជនដៃដល់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២៥

ភ្នំពេញ៖លោកផែង វណ្ណៈ នៅមុននេះបន្តិចបានទម្លាយរឿងមួយដ៏រសើបពាក់ព័ន្ធនឹងទឹកលុយប្រមាណ ២លានដុល្លារ។

លោកផែង វណ្ណៈបានសរសេរបង្ហោះលើ account ទំព័រផេកផ្លូវការរបស់លោកថា៖ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាន​ទទួល​ប្រាក់​ចំនួន​ ២លាន​ដុល្លារ​ ដេីម្បី​រត់​ការ​ចូល​សញ្ជាតិ​អោយ​ជជនបរទេស។ ប៉ុន្តែ​ ចាប់​តាំង​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ទទួល​បានលុយ​ពី​ជនរងគ្រោះ​ហើយ​ មានរយះពេល​ជាង​ ១ឆ្នាំ​ហើយ​ លោក​មិនបាន​ធ្វើ​ការ​អោយជនរងគ្រោះ​បានសម្រេច​ទេ​ ហេីយ​លុយ​ ២លាន​ដុល្លារ​ ក៏​មិនព្រម​ប្រគល់​ជូន​ជនរងគ្រោះ​វិញដែរ។

ការ​ប្រេីប្រាស់​តួនាទី​ បុណ្យស័ក្តិ​អួតអាង​ ដេីម្បី​បោកប្រាស់​ជនបរទេសមានច្រេីនករណី​ណាស់​ ហេីយក៏មានអស់​តួនាទី​ បុណ្យស័ក្តិ​រហូត​ជាប់​គុក​ជាហូរហែរដែរ​។ ប៉ុន្តែ​បុគ្គលខូចនៅតែខូច​។ ចាំមេីល​ករណីនេះ​ តេី​ ឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អគ្គនាយករង​អត្តសញ្ញាណកម្ម​ មានវាសនាបែបណា​ ?

ជុំវិញការបង្ហោះសាររបស់លោកផែង វណ្ណៈ យ៉ាងដូច្នេះ ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយក​ដ្ឋាន​ អត្តសញ្ញាណ​កម្ម​ បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Older posts
Newer posts
← Previous Page1 … Page9 Page10 Page11 … Page638 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!