Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

សម្ដេច​ធិបតី៖​ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ

ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក ។

ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ  និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។

ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។

ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ, ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។

ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។

ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និង ខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរបានឯកភាពគ្នាប្រគល់ជូន    គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែង និង ខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ, ពិសេស នៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិលធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។

លក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន ផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។

មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្ត ដោយពេញលេញរយៈពេល ៧២ ម៉ោង, យោធិនកម្ពុជា ១៨ រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជាវិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ។

បន្ថែមលើនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និង អនុលោមតាមកិច្ចព្រមព្រៀង ដែលមានជាធរមាន ។ ក្នុងន័យនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួមនៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និង សេចក្តីថ្លែងការណ៍រួម ទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥ រួមបញ្ចូលនូវឯកសារព្រមព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ, ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និង ថៃ ។

ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ, ជាពិសស សហរដ្ឋអាម៉េរិក, សាធារណរដ្ឋប្រជាមានិតចិន, និង បណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន, ដែលបានជួយជ្រោមជ្រែង និង ចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺ តាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់គោលជំហរអនុវត្តពេញលេញ និង ដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់នេះ និង សូមស្វាគមការចូលរួមរបស់ប្រទេសជាមិត្ត និង សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព, ពិសេស ក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និង ធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប, ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកត្តញ្ញូតាធម៌ និង អំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេតែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្ម ដើម្បីជាតិ និង មាតុភូមិ និង តែងយកព្រះទ័យទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ, ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ ។

ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តមនៃការកាពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ហើយក៏សូមសម្តែងនូវការកោតសរសើរ និង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និង ស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជនរួមជាតិគ្រប់រូប, ពីគ្រប់ទិសទី, ទាំងក្នុង និង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និង គ្រប់ជំនាន់ ។

ទុក្ខលំបាក និង ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិ គឺជាការដាស់តឿន មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ, ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់», យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង ។

ជាថ្មីម្តងទៀត, បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ, ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និង ការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាន នូវការបាត់បង់អាយុជីវិត, ការឈឺចាប់, និង ការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ ។

ខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង, គ្រប់មជ្ឈដ្ឋាន និង គ្រប់ទិសទី, នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និង ក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី និង ក្នុងការអភិវឌ្ឍជាតិ និង មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និង ក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និង កិត្យានុភាពខ្ពស់ត្រដែត លើឆាកអន្តរជាតិ ។

ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមប្រសិទ្ធពរជូនដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #cambodia

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព វរសេនីយ៍ទោ ចាន់ សុវត្ថា ដែលបានពលីក្នុងសមរភូមិ កាលពីពេលកន្លងទៅ ហើយដែលបច្ចុប្បន្នក្រុមគ្រួសារសពស្នាក់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។

ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមាចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានពលីក្នុងសមរភូមិ, អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវក្តីសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារ ចំពោះការបាត់បង់សមាជិកគ្រួសារ លោកវរសេនីយ៍ទោ ចាន់ សុវត្ថា ដែលមានទឹកចិត្តអង់អាចក្លាហាន មោះមុតលើសមរភូមិប្រយុទ្ធ តស៊ូប្តូរជីវិត ដើម្បីបុព្វហេតុការពារបូរណភាព ទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រជាជន។

ក្នុងសមានទុក្ខដ៏សែនក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ចាន់ សុវត្ថា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២៥

មូលហេតុរថយន្តព្រូស បើកចូលទឹកកណ្សិនទឹកអង្គរវត្ត

ខេត្តសៀមរាប៖តាមសមត្ថកិច្ចបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះ ករណីរថយន្តព្រោះដែលបានបើកចូលទឹកកណ្សិនទឹកអង្គរវត្ត មូលហេតុអ្នកបេីកបររថយន្តបើកលឿនដោយខ្វះការប្រុងប្រយ័ត្ន​ ទើបបណ្ដាលឱ្យមានហេតុការណ៍នៃកើតឡើង។

សូមជម្រាបថាគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង
នៅវេលា​ម៉ោង២០និង៣៥នាទី​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ នៅលេីរុក្ខវិថីព្រះសីហនុ​ ចំណុចផ្លូវអក្សរតេ​ (ចំបក់កំណប់​) ស្ថិត​នៅភូមិក្រវ៉ាន់​ សង្កាត់​នគរធំ​ ក្រុងសៀមរាប​។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយខ្លួនឯង​ ដែលមានមនុស្សចំនួន៤នាក់ បានជិះក្នុងរថយន្ត មានឪពុកម្តាយ​ និងកូន០២នាក់​ ធ្វេីដំណេីរដោយរថយន្ត​ Toyota Prius ពណ៌ក្រហម​ ផ្លាកលេខ​ កំពង់ឆ្នាំង​ 2C-5595 ទិសដៅពីត្បូងទៅជេីង​ លុះដល់ចំណុចផ្លូវអក្សរតេក៏រ៉េចង្កូតចូលកណ្សិនទឹកអង្គរវត្តតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងហេតុការណ៍នេះ
ជនរងគ្រោះ​ ឪពុក​ម្ដាយ​ រងរបួសស្រាល​ និងកូនស្រី​ អាយុ​០៥ឆ្នាំ​ និងកូនប្រុស​ អាយុ០៣ឆ្នាំ​ រងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមាអង្គរ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយរហូតដល់ព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២៥

រថយន្តម៉ាកMercedes ព្រលះម៉ូតូនៅស្រុកជីក្រែង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់

ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុដោយរថយន្តមួយគ្រឿងបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅលេីផ្លូវជាតិលេខ ៦ ស្ថិតក្នុងភូមិតាអុង  ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង១៧និង៥២នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍
នេះ រវាងរថយន្តម៉ាក Mercedes ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2D-5324 និងម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AG-2695 ( ទិសដៅពីលិចទៅកើត )។

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលអោយស្លាប់ ឈ្មោះ ម៉ៅ រ៉ែម ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ។

ចំណែកអ្នកបើករថយន្ត ឈ្មោះ ឡោះ សាហ្វីអ៊ី ភេទប្រុសអាយុ៣០ឆ្នាំទីលំនៅ ភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសស្រាល )៊

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមជនរងគ្រោះបេីកបរម៉ូតូបត់ឆ្លងថ្នល់ពីទិសខាងត្បូងទៅទិសខាងជេីង បណ្តាលឲ្យរថយន្តបុកស្លាប់តែម្ដង។

បច្ចុប្បន្ន អ្នកបើកបររថយន្តនិងរថយន្តទៅបានសមត្ថកិច្ចនគរបាលស្រុកជីក្រែង នាំយកទៅរក្សាទុកដើម្បីដោះស្រាយតាមពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២៥

ខេត្តសៀមរាប៖លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីជាជនភៀសសឹក ទើបសម្រាលកូនរួច និងត្រៀមសម្រាល ចំនួន ១៦នាក់ ស្នាក់នៅ ៣ទីតាំងរួមមាន វត្តពោធិ៍សាត់ ពោធ៍ពីរដើម, ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ, និងវត្តប្រាសាទត្រាំនាគ។

គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជានិច្ចកាលតែងតែទុកការលំបាករបស់ប្រជាជនជាការលំបាកផ្ទាល់ខ្លួនរបស់លោកជានិច្ច។ ស្ថិតក្នុងឱកាសនោះ លោកជំទាវបានជួបសំណេះសំណាលក្រុមគ្រួសារស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប សូមមានភាពកក់ក្ដៅជាមួយអាជ្ញាធរមូលដ្ឋាននៅជាប់ផ្ទាល់ជាមួយនឹងបង-ប្អូន និងបានថ្លែងសរសើរចំពោះការយកចិត្តទុកដាក់ សម្របសម្រួលទីតាំងស្នាក់នៅ និងបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជូនក្រុមគ្រួសារភៀសសឹកក្នុងករណីចាំបាច់ណាមួយ។

ជាមួយគ្នានេះ លោកជំទាវលើកទឹកចិត្តឱ្យបំបៅកូនដោយទឹកដោះម្ដាយសម្រាប់រយៈពេល ៦ខែដំបូង ដើម្បីប្រព័ន្ធភាពស៊ាំរបស់កូនរឹងមាំ ហើយចំពោះម្ដាយកំពុងពពោះសូមបរិភោគអាហារសម្បូរសារធាតុចិញ្ចឹម ពិសេសជាតិដែក ដើម្បីឱ្យទារកនៅក្នុងផ្ទៃលូតលាស់បានល្អ។

ជាចុងក្រោយ លោកជំទាវជូនពរឱ្យមាតា និងទារកទាំងអស់មានសុខភាពល្អ និងអាជ្ញាធរមូលដ្ឋាន សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ពិសេសសូមបង-ប្អូនដែលនៅជួរមុខទាំងអស់ជួបប្រទះតែសេចក្ដីសុខ សុវត្ថិភាពជានិច្ច។

សូមបញ្ជាក់ផងដែរថា សម្ភារ ១៣មុខ ផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គ.ក្រ, សារុង១,​ មួកកូនង៉ែត១, អាវកូនង៉ែត២, ខោទឹកនោម២ដុំ, កន្សែងសើម១ដុំ, កន្សែងពោះគោ២, ស្រោមដៃ និងស្រោមជើង២ឈុត, ប្រេងកូឡា២ដប, សំឡីអនាម័យស្ត្រី២ដុំ, ម្សៅទឹកដោះគោ២កំប៉ុង, ដបទឹកដោះគោ២, និងថវិកា លោកជំទាវ ខេង សំវ៉ាដា សមាជិការដ្ឋសភា ចំនួន១០ម៉ឺនរៀល។

ជាពិសេស ក្នុងអំឡុងពេលសំណេះសំណាលនេះលោកជំទាវអនុប្រធានក៏បានជួបសួរសុខទុក្ខ និងពាំនាំថវិការបស់លោកជំទាវ ខេង សំវ៉ាដា ព្រមទាំងថវិការបស់លោកជំទាវផ្ទាល់ ចំនួន ២០០ដុល្លារជូនប្អូនស្រីឈ្មោះ ធន់ ធារ៉ា ដែលកំពុងមានជំងឺខូចតម្រងនោមរ៉ាំរ៉ៃ និងបានលើកទឹកចិត្តឱ្យប្អូនស្រីមានក្ដីសង្ឃឹម តស៊ូជម្នះជំងឺនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២៥

មនុស្សប្រមាណ២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ផ្សាភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ក្រោមប្រធានបទ “រួមគា្នដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី »

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ « រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិប្រមាណ២ពាន់នាក់ មកចូលរួមដើម្បីបង្ហាញអបអសាទរទិវាសន្តិភាពកម្ពុជា និង លើកស្ទួយវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» (Together for Cambodia in Solidarity Season) ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គីភាព ជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បីជួយដល់គ្រួសារ ភៀសសឹកនៅក្នុងគ្រាដ៏លំបាក។

ឯកឧត្តមបន្តថា តាមការរៀបចំពីដំបូង ក្រុមការងាររំពឹងថា នឹងមានអ្នកចូលរួមចំនួន ១ពាន់នាក់ ប៉ុន្តែត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ចំនួនអ្នកចុះឈ្មោះមានដល់ជាង២ពាន់នាក់ និងមាន២០ជាតិសាសន៍ផ្សេងៗគ្នាមកចូលរួម ដែលនេះ បានបង្ហាញអំពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រួមគ្នាដើម្បីកម្ពុជា នៅក្នុងរដូវកាលសាមគ្គី។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ ផ្សាភ្ជាប់នឹងសកម្មភាពមនុស្សធម៌នៅថ្ងៃនេះ គឺជាការរួបរួមគ្នាដ៏អស្ចារ្យមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួបរួមកម្លាំងសាមគ្គីដ៏រឹងមាំបង្ហាញការជួយទៅវិញទៅមកក្នុងកាលៈទេសៈដ៏លំបាក ទៅតាមវិស័យរៀងៗខ្លួន និងមិនបោះបង់គ្នា (No one is left behind)។

ក្នុងស្មារតីសាមគ្គីភាពនេះ, ឯកឧត្តមរដ្ឋមន្ដ្រី ជឿជាក់ថាយើងទាំងអស់គា្ន ពិតជា អាចឆ្លងផុតការលំបាកមួយនេះបាន។ ឯកឧត្តម ក៏បានយកឱកាសនេះ ជូនពរដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ សូមធ្វើដំណើរកម្សាន្ត ប្រកបដោយទំនុកចិត្ត ព្រោះសៀមរាបគឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព, បដិសណ្ឋារកិច្ចស្វាគមន៍រាក់ទាក់កក់, សក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសា និងភាពរួសរាយរាក់ទាក់ របស់ប្រជាជនកម្ពុជា។

ឯកឧត្តមសង្ឃឹមថា លោក លោកស្រី ភ្ញៀវទេសចរ ជាពិសេសទេសចរអន្តរជាតិ នឹងវិលត្រឡប់មក កម្ពុជាវិញម្តងទៀត ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ។ កម្ពុជារង់ចាំទទួលស្វាគមន៍ និង សូមចាត់ទុកកម្ពុជា ជាផ្ទះដ៏កក់ក្ដៅរបស់លោក អ្នក និងទទួលស្វាគមន៍លោកអ្នកដូចជាក្រុមគ្រួសាររបស់កម្ពុជា។

សូមជម្រាបថា ក្រសួងទេសចរណ៍ បានដាក់ចេញ រដូវកាលសាមគ្គី (Solidarity Season) ក្នុងស្មារតីសាមគ្គីភាពជាធ្លុងមួយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ និង ស្ថិតក្រោមក្របខណ្ឌសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទាំង ៦ របស់ក្រសួងទេសចរណ៍ រួបរួមគ្នាដើម្បីបន្តនិរន្តរភាពនៃដំណើរការវិស័យទេសចរណ៍ ,បន្តប្រក្រតីភាពនៃដំណើរការអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីទ្រទ្រង់ប្រាក់ចំណូលរបស់អាជីវករ, ប្រតិបត្តិករទេសចរណ៍, បងប្អូនប្រជាពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រឹងភាពធន់នៃវិស័យទេសចរណ៍ទៅនឹងវិបត្តិ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដើម្បី ធានាថា វិស័យទេសចរណ៍នៅតែបន្តដើរតួនាទីសំខាន់ជា“មាសបៃតង» និងជា “ចន្ទល់ សេដ្ឋកិច្ច» ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២៥

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូន ព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលពិធីបួងសួងនេះនឹងប្រារព្ធ នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

នេះបើតាមបញ្ជាក់របស់ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំពិធីបួងសួងសុំសុខសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។

លោកអភិបាលរងខេត្ត បានបន្តថា ពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះ ស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។

បើតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានបញ្ជាក់ថា ពិធីបួងសួងធ្វើឡើងក្នុងគោលបំណង ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ ដើម្បីបួងសួងសុំឱ្យសុខសន្តិភាពកើតមានដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ ជំរុញស្មារតីប្រជាពលរដ្ឋ ក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា ។ ពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពជាតិខ្មែរ ពង្រឹងការគាំទ្រ និងជឿជាក់លើថ្នាក់ដឹកនាំ រាជដ្ឋាភិបាល និងកងទ័ព ។ ស្តារនូវទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងការដោះស្រាយជម្លោះ ដោយធម៌អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា គោរពដឹងគុណដល់វីរៈយុទ្ធជន និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី និងប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ធ្នូ ២០២៥

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានជួបតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៥

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា៖ សារព័ត៌មាននានាជាពិសេសនៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តមនេត ភក្រ្តា បានបង្ហាញនូវព័ត៌មានមួយនៅរសៀលថ្ងៃនេះទាក់ទងទៅនឹងការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាជាពិសេស ករណី
យោធាថៃបានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា តាំងពីថ្ងៃម្សិលមិញនិងបន្តមកដល់ថ្ងៃនេះ សារព័ត៌មាននានាជាពិសេសសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌបានផ្សព្វផ្សាយពីរូបភាដែលយោធាថៃក្រោយការឈ្លានពានលើទឹកដីកម្ពុជា បានបំផ្លាញរូបសំណាកព្រះវិស្ណុដែលបានសាងសង់នៅលើទឹកដីកម្ពុជាសម្រាប់ការគោរពបូជា។

អ្នកប្រតិបត្តិសាសនានៅក្នុងប្រទេសឥណ្ឌបានប្រតិកម្មតបយ៉ាងខ្លាំងនិងរិះគន់ប្រទេសថៃដែលបានវាយកម្ទេចរូបសំណាកនេះដោយបានពិពណ៌នាសកម្មភាពនៃការបំផ្លិចបំផ្លាញរបស់យោធាថៃនេះថា«ការមិនផ្តល់នូវការគោរព»។

ជាមួយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមអ្នកនាំពាក្យរបស់ថៃនៅថ្ងៃនេះ ប្រតិកម្មកាន់តែឡើងកម្តៅ និងមានការថ្កោលទោសចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៥

ស្នងការខេត្តបាត់ដំបង៖ សមត្ថកិច្ចបាន​ស្រាវជ្រាវ​ដឹងឈ្មោះម្ម្ចាស់រថយន្តនេះហើយ ដោយជនរងគ្រោះ ប្ដឹង
ពី​បទ​ ប៉ុនប៉ង​មមនុស្សឃាត

ខេត្តបាត់ដំបង៖នៅទីបំផុតសមត្ថកិច្ចបានសាវជ្រាវស្គាល់ឈ្មោះម្ចាស់រថយន្តមួយគ្រឿងនេះហើយដោយពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងម្ចាស់រថយន្តនេះពីបទប៉ុនប៉ងមនុស្សឃាត។

តាមសេចក្ដីរាយការណ៍ពីខេត្តបាត់ដំបងបានឲ្យដឹងថា
ម្ចាស់​រថយន្ត​ Ford ផ្លាកលេខ​ភ្នំពេញ. 2AU-9188 បេីកបំបុកពូសណ្តាប់​ធ្នាប់​ដែល​កំពុង​សម្រួល​ចរាចរណឲ្យសិស្សានុសិស្ស​ឆ្លង​ផ្លូវ​ជាតិ​លេខ​៥​ នៅឃុំកកោះ​ ស្រុកមោងឬស្សី​ ខេត្តបាត់ដំបង​ ថ្ងៃ​ទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ រួចបេីក​ររត់គេចខ្លួនបាត់តែម្ដង។

ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍​ទោ​ ដាញ់​ អេង​ប៊ុនចាន់​ បបានឲ្យដឹងថា​ សមត្ថកិច្ចរបស់លោកបាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​ម្ចាស់រថយន្តខាងលេីហេីយ​ ពេលនេះ​ជនរងគ្រោះ​កំុង​ដាក់​ពាក្យ​បណ្ដឹង​ម្ចាស់​រថយន្ដខាងលេី​ពី​បទ​ ប៉ុនប៉ង​មនុស្សឃាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា បន្តផ្តល់អំណោយជូនគ្រួសារភៀសសឹក និងគ្រួសារកងទ័ព ៦៤គ្រួសារ ក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបន្តអញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនគ្រួសារភៀសសឹក និង គ្រួសារកងទ័ព ចំនួន ៦៤គ្រួសារ ក្នុងក្រុងកំពង់ចាម។

ក្នុងពេលសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន មួយរយ: ដើម្បីជំលៀសខ្លួនចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។

ទាំងនេះ បង្ហាញឲ្យឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ក៏ដូចជាវីរ:កងទ័ព និងគ្រួសារ ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់បងប្ហូនទាំងអស់គ្នា ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២៥

កម្ពុជាមិនអាចចាញ់ ថៃមិនអាចឈ្នះ…

២៣ថ្ងៃក្រោយមក, ២៣ថ្ងៃក្រោយពីផ្តើមវាយលុកលើទឹកដីខ្មែរ នៅបណ្តោយព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ, កងទ័ពថៃវ័ណ្តជើងក្នុងសង្គ្រាមរ៉ំារ៉ៃ។ គឺជា«សង្គ្រាមលេណដ្ឋាន»ដូចចម្បាំងនៅVerdun ក្នុងឆ្នាំ១៩១៦ កាលសម័យសង្គ្រាមលោកលើកទីមួយ ៖ ចេញពីលេណដ្ឋាន, វ៉ៃសម្រុក, យកបានទីតាំងមួយកន្លែង តែមិនយូរឡើយត្រូវបានវ៉ៃរុញច្រានវិញ រួចហើយបាក់ទ័ព នាំគ្នារត់ចូលលេណដ្ឋានវិញ។ និយាយបែបផ្សេង ថៃឈ្លានពាន ឈ្នះមិនបានយូរ, កម្ពុជាការពារទឹកដី ដោយមិនចេះចាញ់។

ក៏ប៉ុន្តែ សង្គ្រាមនេះ បន្តសម្លាប់…
យុទ្ធជនទាំងសងខាងដែលសុទ្ធតែជាកូនៗនៃប្រជាជាតិថៃ និងជាកុលបុត្រនៃប្រជាជាតិកម្ពុជា បន្តពលី ៖ ម្ខាងត្រូវគេបញ្ជូនមកឱ្យស្លាប់ដើម្បីវ៉ៃយកដីនិមិត្តរូបពីរបីចំអាម, ម្ខាងទៀតត្រូវការពារទឹកដីដូនតា បូរណភាព អធិបតេយ្យភាព យុត្តិធម៌ កិត្តិយស និងភាពថ្លៃថ្នូរ។

ដើម្បីលាក់បាំងបរាជ័យនៅលើដី, កងទ័ពថៃបន្លឺសំឡេងរន្ទះនៃយន្តហោះចម្បាំងF-16 ដែលទម្លាក់គ្រាប់បែកពីលើអាកាស ដូចស្នូរកាំភ្លើងធំលាន់ឮបែកមេឃនៃសមរភូមិVerdun សម័យសង្គ្រាមលោកលើទីមួយ។ មិនមែនដើម្បីជ័យជំនះទៀតទេ តែដើម្បីបំភ័យប្រជាជនខ្មែរ និង ដើម្បីឃោសនាប្រាប់ប្រជាជនថៃថា កងកម្លាំងរបស់គេ កំពុងឈ្នះ។

ការពិត បាននិងកំពុងបន្តប្រឡាក់ប្រតាក មុខមាត់នៃនគរថៃ, កិត្តិយសនៃមេទ័ពថៃ និងនិទានកថា(narrative)នៃរដ្ឋាភិបាលថៃ។ ហេតុអ្វី? ពីព្រោះ បណ្តាយុទ្ធជនកំពុងពេញកម្លាំងនៃប្រទេសមួយនេះ ស្លាប់គរជើងគ្នាក្នុងព្រៃកម្ពុជា ក្នុងសង្គ្រាមមួយឥតន័យ និងដើម្បីបុព្វហេតុស្នេហាជាតិមួយក្លែងក្លាយ សម្រាប់បំពេរអារម្មណ៍នយោបាយរបស់ពួកជ្រុលនិយមមួយក្តាប់តូច។

ថៃត្រូវបញ្ឈប់សង្គ្រាមឈ្លានពានមកលើកម្ពុជាជាបន្ទាន់
—————————-
Twenty-three days later, twenty-three days after the launch of the assault on Cambodian territory along a border stretching more than 800 kilometers, the Thai army has become bogged down in a war of attrition.

It is a true “trench war,” reminiscent of the battles of Verdun during the First World War: troops leave their trenches, launch assaults, seize a position, only to be quickly pushed back; units break apart and retreat in haste to their trenches. In other words, the Thai aggressor is unable to hold its gains, while Cambodia defends its territory without ever yielding.

Yet the war continues to claim lives.
Soldiers on both sides, children of the Thai nation and sons of the Cambodian people, continue to make the ultimate sacrifice. On one side, soldiers are sent to die in order to seize a few symbolic scraps of land; on the other, they fight to defend ancestral soil, territorial integrity, sovereignty, justice, honor, and dignity.

So, to mask defeat on land, the Thai army makes noise with their F-16s and bombs Cambodia from the sky. Just like the artillery at Verdun once did, not to win the war, but to manufacture fear among Khmer civilians, and to make Thai people believe that victory is theirs.

Reality, day after day, continues to stain the image of the Kingdom of Thailand, the honor of its military leadership, and the official narrative promoted by its government. Why? Because young soldiers, in the prime of their lives, are dying in the forests of Cambodia, in a senseless war fought in the name of a fabricated patriotism, cynically exploited to serve the political ambitions of a small clique of ultranationalists.

Thailand must immediately put an end to its war of aggression against Cambodia.

Jean-François Tan

Like 195
Comment 0
Share ចែកចាយ
Views 700
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×