រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល៕SRP
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល៕SRP
សម្ដេចតេជោ សម្រេចឱ្យបណ្ដេញ លោកស្រី ធី សុវណ្ណថា ចេញពី គណបក្សប្រជាជនកម្ពុជា និងបញ្ចប់មុខតំណែងពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់តែម្ដង
សម្ដេចតេជោហ៊ុន សែន៖ យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បាន
បង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យ
លុបចោលនៅអត្ថបទ២កាលពីប៉ុន្មាន
ថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់
កងទ័ពក្នុងពេលកងទ័ពកំពុងការពារ
ទឹកដី។
ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕SRP
អភិបាលខេត្តបាត់ដំបងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងការជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីថៃ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ក្នុងឱកាសអញ្ជើញទទួលស្វាគមន៍និងសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងសរុបជាង៣០ម៉ឺននាក់។
ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់កំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងដែលបានខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
ឯកឧត្តម សង្កត់ធ្ងន់ថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកខ្លាំងណាស់ធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញប្រកបដោយភាពសុខស្រួល។
បងប្អូនពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃសូមវិលត្រឡប់មកមាតុប្រទេសវិញដើម្បីសុវត្ថិភាព។
បងប្អូនពលករ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព។
សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនបងប្អូនទៅដល់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាពនិងឥតគិតថ្លៃ។
ជាមួយគ្នានោះ អាជ្ញាធរមកពីតាមបណ្ដាខេត្តនានា ក៏បានមកចាំទទួលនិងដឹកជញ្ជូនបងប្អូនពលករខ្មែរត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញដោយសុវត្ថិភាព។រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជាបានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ៕SRP
អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលក្រុមការងារនេះ គឺបានបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា សមាសភាពក្រុមការងារសម្របសម្រួលនេះ រួមមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និងឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាអនុប្រធាន និងទី៣ ឯកឧត្តមឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រួសួងការពារជាតិ ជាអនុប្រធាន ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដែរ។
ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារសម្របសម្រួល គឺដើម្បីផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ៕SRP
ឯកឧត្តមប្រាក់ សោភ័ណ នាំយកថវិកា និងសារំលែកទុក្ខរបស់សម្តេចធិបតី និងលោកជំទាវជូនដល់គ្រួសារយោធិនពលីនៅសមរភូមិជួរមុខ
ឯឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន ៨០លានរៀល និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដេីម្បីប្រគល់ជូនដល់គ្រួសារលោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ ដែលបានពលីកាលថ្ងៃទី២៧៥ ខែកក្កដា ឆ្នាំ២០២៥ តំបន់ភ្នំទ្រព្យ។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រែកជាមួយនឹងក្រុមគ្រួសារយោធិនពលីនៅតំបន់សមរភូមិជួរមុខនេះ។
ឯកឧត្តម អភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញេីរបស់សម្តេចធិបតីក្នុងការរំលែកទុក្ខនៃមរណភាពរបស់លោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួ សារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ នូវវីរយុទ្ធជនខ្មែរ ដ៏ អង់អាចក្លាហានម្នាក់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
ឯកឧត្តម អភិបាលខេត្ត ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អនុសេនីយ៍ត្រី ថន ញ៉ាញ់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឲ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឲ្យមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕SRP
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប
ខេត្តកំពង់ធំ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នៅព្រឹកមិញនេះ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ
ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងការបានវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាពចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែងផងដែរ ។
លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។
ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ៕SRP
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។
នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕SRP
សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ
សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷
ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន😅 មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។
អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល។
បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។
ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។
ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ😅
សម្ដេចធិបតីហ៊ុន ម៉ាណែត សម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។
ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។
ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ៕SRP
សម្ដេចតេជោហ៊ុន សែន៖ សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ
ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។ ហើយក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៉ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
ខ្ញុំក៏សូមអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ៕SRP
សម្ដេចធិបតីហ៊ុន ម៉ាណែត បង្ហាញថា លទ្ធផល
ដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖
1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕SRP
