ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាជាច្រើនខែមកហើយក្រុមហ៊ុនយុវពាណិជ្ជ បានធ្វើសកម្មភាព បូមខ្សាច់យ៉ាងគគ្រឹកគគ្រេងបំផុត នៅក្នុងដែនដី គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។ ដោយក្រុមហ៊ុនយុវពាណិជ្ជ សំអាងថាខ្លួនមានអាជ្ញាប័ណ្ណពីក្រសួងក្នុងស្ដារស្ទឹង។ទីតាំងបូមខ្សាច់នេះស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជុំវិញករណីនេះបើទោះបីមានការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មានយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ ហាកបីរក្សាភាពស្ងប់ស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រការដែលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់បែបនេះ គេនៅតែមានចម្ងល់ថាមានមូលហេតុអ្វីបានជាមិនចុះពិនិត្យនូវទីតាំងបូមខ្សាច់មួយនេះ។
ប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើចង់ឃើញអាជ្ញាធរជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងបូមខ្សាច់របស់យុវពាណិជ្ជ ឡើងវិញដោយហេតុថាអាជីវកម្មមួយនេះអាចធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ធនធានធម្មជាតិ។
ការបូមខ្សាច់និងឈូសឆាយព្រៃឈើនៅតំបន់ខាងលើដោយក្រុមហ៊ុនយុវពាណិជ្ជ គឺក្រុមហ៊ុនមានសំអាងរបស់ដោយយោងតាមលិខិតបានបញ្ជាក់ថាទីតាំងបូមខ្សាច់នេះ មានអាជ្ញាបណ្ណចេញដោយក្រសួងរ៉ែនិងថាមពល បានអនុញាតឲ្យក្រុមហ៊ុនយុវពាណិជ្ជ ដែលមានអាសយដ្ឋាននៅភ្នំពេញ ធ្វើអាជីវកម្មខ្សាច់សំណង់នៅតំបន់ស្ទឹងរលួស ភូមិត្រាច ឃុំបល្ល័ង្កនិងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចុះហត្ថលេខាដោយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០ ដោយមានសុពលភាពមួយឆ្នាំ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានទទួលស្គាល់ក្រុមហ៊ុនយុ វពាណិជ្ជ ធ្វើអាជីវកម្មតំបន់ខាងលើផងដែរ។ ដោយបានចុះហត្ថលេខាដោយលោកស៊ុំ ម៉ាប់ អតីតប្រធាអាជ្ញាធរជាតិអប្សរា។
សេចក្ដីរាយការណ៍បបានឲ្យដឹងថាទីតាំងអាជីវកម្មបូមខ្សាច់ខាងលើ បានឈូសឆាយពព្រៃឈើផងដែរ ដើម្បីវាទយកកន្លែងកាយបូមខ្សាច់។ ពាក់ព័ន្ធករណីនេះលោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់តាមប្រព័ន្ធតេលេក្រាមថាចាំមើលលោកសួរនាំសិន ប៉ុន្តែនេះមិនមែនជាគម្រោងរបស់អាជ្ញាធរជាតិអប្សរានោះទេ ការបូមស្ដារប្រហែលជាគម្រោងសំណូមពរ។ ទោះយ៉ាងណាលោកឡុង កុសល នៅមិនទាន់បញ្ជាក់លំអិតនៅឡើយ ជុំវិញការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន យុវ ពាណិជ្ជ នេះ។ ដោយឡែកលោកង៉ាន ភិរុណ អភិបាលរង ខេត្តសៀមរាប បានបញ្ជាក់ថាករណីនេះ ក្រុមហ៊ុន មានច្បាប់តាំងពីជំនាន់លោកឃឹម ប៊ុន សុង អតីតអភិបាលខេត្តសៀមរាប។
ទោះយ៉ាងណាប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ សង្ឃឹមថាអាជ្ញាធរគ្រប់ពាក់ព័ន្ធនិងចុះត្រួតពិនិត្យ ទីតាំងខាងលើជាក់ជាមិនខាន ដោយក្នុងនោះរថយន្តដឹកខ្សាច់បានបំផ្លាញផ្លូវក្នុងមូលដ្ឋានពួកគាត់ផងដែរ៕SRP