Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៥

អភិបាលខេត្តកំពង់ចាម​ លើកយកគោលការណ៍ ៩ចំណុច ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩

ខេត្តកំពង់ចាម៖នៅក្នុងកិច្ចប្រជុំ ផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់រដ្ឋបាលខេត្ត​ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់​ ត្រូវយកចិត្តទុកដាក់ជាចម្បង លើផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាព គន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកយកគោលការណ៍ ៩ចំណុច ណែនាំដល់ អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ឆ្នាំ២០២៩ ការត្រៀមខ្លួនសម្រាប់ការចាកចេញ របស់ប្រទេសកម្ពុជា ពីចំណាត់ថ្នាក់ក្រុមប្រទេស អភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩​ ដូចខាងក្រោម៖

ទី១- ត្រូវរួមគ្នារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។

ទី២- ត្រូវពង្រឹង និងពង្រីកផលិតភាពកសិកម្មទាំងបរិមាណ និងគុណភាព ដោយយកចិត្តទុកដាក់លើការងារ ការកសាង ការជួសជុល ការថែទាំ និងការ គ្រប់គ្រង ប្រព័ន្ធធារាសាស្ត្រត់គ្រប់ប្រភេទ។

ទី៣- លើកកម្ពស់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ សោភណភាពទីក្រុង និងជនបទ

ទី៤- គម្រោងទាំងអស់ នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) ជាផែនការសម្រាប់អនុវត្តនៅឆ្នាំ២០២៦ សូមលោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជំរុញការអនុវត្តគម្រោងនីមួយៗឱ្យចប់តាមការកំណត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ។

ទី៥- យើងត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈ ក្រសួង ឬ ធនធានពីដៃគូនានា ដើម្បីបន្តការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ធ្វើ
យ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពប្រសើរឡើង និងចូលរួមដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។

ទី៦- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតត្រូវរួមគ្នា ក្នុងការពិនិត្យ និងជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព បានលើកគម្រោង បន្ទាប់ពីរដូវវស្សាត្រូវបញ្ចប់ ដើម្បីបង្កបរិយាកាសងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលកំពុងប្រមូលផលកសិកម្ម។

ទី៧- លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំ និងយកចិត្តទុកដាក់ក្នុងការដឹកនាំអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យបានកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន។

ទី៨- ក្រុមការងារកសាងផែនការ ត្រូវយកឯកសារនេះទៅកែតម្រូវពាក្យពេចន៍ បន្ថែមទៅតាមគោលបំណងរបស់កិច្ចប្រជុំថ្ងៃនេះ ហើយដាក់ជូនក្រុមប្រឹក្សា
ខេត្ត ពិនិត្យ និងអនុម័ត ទៅតាមប្រតិទិនការងារដែលបានកំណត់។ ជាកិច្ច ការបន្តក្រុមការងារត្រូវបោះពុម្ភ ជាឯកសារផ្លូវការសម្រាប់រដ្ឋបាលខេត្ត និង ចែកជូនគ្រប់អ្នកពាក់ព័ន្ធ ដើម្បីយកទៅអនុវត្តឱ្យបានជោគជ័យ ក្នុងឆ្នាំ២០២៦ខាងមុខ។

ទី៩- បន្ទាប់ពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តត្រូវបានអនុម័ត គ្រប់ស្ថាប័នឃើញថា មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធត្រូវ៖ តាមដានការអនុវត្តរាល់គម្រោង/សកម្មភាព ទាំងអស់ដែល មន្ទីរ-អង្គភាពជំនាញ អង្គការនានាជារៀងរាល់ថ្ងៃ/ខែ ដើម្បី ធានាថាគម្រោងទាំងអស់ ត្រូវបានអនុវត្ត ឬការផ្តល់សេវា ប្រព្រឹត្តទៅតាម ស្ដង់ដារ និងពេលវេលាកំណត់ និងធ្វើការវាយតម្លៃ រាល់គម្រោងទាំងនោះឱ្យ តើការវិនិយោគកន្លងមកបានផ្តល់តម្លៃសមស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋដែរឬទេ? ហើយត្រូវធ្វើការកែសម្រួល ឬដាក់បញ្ចូល គម្រោងអាទិភាពថ្មីអ្វីខ្លះ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តសម្រាប់ ឆ្នាំបន្ទាប់។ ការប្រើប្រាស់សូចនាករត្រឹមត្រូវ គឺជាគន្លឹះដើម្បី ធ្វើឱ្យការតាមដាន និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៥

លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែទប់ស្កាត់ជាដាច់ខាតនូវបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន និងការដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥ នេះ ដើម្បីធានាបាននូវការអភិរក្សធនធានជលផលនៅបឹងទន្លេសាប។

លោកក៏បានជំរុញយ៉ាងមុតមាំដល់មន្ទីរជំនាញអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តវិធានការនេះឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាបាននូវភាពសម្បូរបែបនៃធនធានជលផល ដូចជាប្រភេទត្រីកម្រ និងដែលជិតផុតពូជ និងរក្សាបាននូវធនធានជលផល ធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់ប្រើប្រាស់យូរអង្វែង។ ជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជានេសាទ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់ជាកេរមរតកបន្តដល់កូនចៅជំនាន់ក្រោយៗ។

លោកមានប្រសាសន៍ណែនាំយ៉ាងដូច្នេះក្នុងឱកាស
តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សា និងពង្រឹងការចាត់វិធានការការពារ និងទប់ស្កាត់បទល្មើសនេសាទ ក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ ជុំវិញតំបន់បឹងទន្លេសាប ខេត្តសៀមរាបនារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានបញ្ជាក់ថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥ កម្លាំងចម្រុះដែលដឹកនាំដោយខណ្ឌរដ្ឋបាលជលផលសៀមរាប រួមជាមួយកងកម្លាំងយោធា ក្រុមអន្តរាគមន៍ថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងលុបបំបាត់បទល្មើសជលផលសរុបចំនួន ៤១៨ ករណី។ ក្នុងចំណោមករណីទាំងនោះ ក្រុមការងារបានបំផ្លាញចោលនៅនឹងកន្លែង ៣៨០ ករណី, ពិន័យអន្តរការណ៍ ១៦ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ២២ ករណី និងឧបករណ៍ឈ្នាងអូសលៀសខុសច្បាប់ ៣១ ករណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៥

បែកធ្លាយរឿង ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​

នៅថ្ងៃទី 5 ខែក្នុងឆ្នាំ 2025 នេះមានការបែកធ្លាយរឿងអាស្រូវ ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​ថែមទៀត។

បើតាមលោកផែង វណ្ណៈ បានទម្លាយថាឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​មានរឿងអាស្រូវ​ឆបោក​លុយជនរងគ្រោះ​ ២លានដុល្លារ​ មិនទាន់​ដោះស្រាយ​ចប់​ផង​ ឥលូវ​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​ចេញ​មុខមក​ផ្ដល់​ព័ត៌មាន​មកអោយខ្ញុំ​បាទ​ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ជនរងគ្រោះ​ ៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​។

លោកផែង វណ្ណៈ បានបន្តថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ បាន​គំរាម​ជនរងគ្រោះ​ថា​ សម្បត្តិ​ត្រឹម​ អា​ ផែង​ វណ្ណៈ​ ធ្វើ​ អញមិនបែកផង​ ហែងនិងស្អី​ ចង់​លេងជាមួយ​អញ​ ? ខ្សែ​អញនៅ​មហាផ្ទៃ​ ហែងចង់​ប្ដឹង​ទៅណា​ ប្ដឹង​ទៅ​ អាផែង​ វណ្ណៈ​ ជិតជាប់គុកហេីយ​ ។ លោកផ្កាយ២គង់​ វុទ្ធី​ និយាយ​ត្រូវ​ សម្បត្តិ​ត្រឹម​ខ្ញុំ​ជា​អ្នកកាសែត​និង​ធ្វើ​ស្អី​គាត់​ តាមពិត​ខ្ញុំ​អត់មាន​សិទ្ធិ​អី​មែន​ តែខ្ញុំ​មានសិទ្ធិ​ផ្សាយ​អំពី​ទង្វើ​ថោកទាប​របស់​ ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ បាន​គ្រប់​ពេល​។

តាមពិត​ទៅ​ខ្ញុំ​ស្គាល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ គាត់​ជា​ថ្នាក់ដឹកនាំ​ល្អ​ មិនការពារ​ មន្ត្រី​ខិលខូច​ទេ​ ទង្វើ​បុគ្គល​ គង់​ វុទ្ធី​ កាន់តែ​ធ្វើ​អោយ​គេស្គាល់​ក្រយ៉ៅច្បាស់ថា​ លោក​ជាជនឆបោក​ជ្រកក្រោម​ស្លាក​ស្ថាប័ន​តែ​ប៉ុណ្ណោះ​។

គង់​ វុទ្ធី​ ត្រូវ​ចាំ​អោយច្បាស់​ កុកអាចភ្លេចជុង​ តែជុង​មិនភ្លេច​គុកទេ​។

ជុំវិញការបង្ហោះសាររបស់លោកផែងវណ្ណៈយ៉ាងដូច្នេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិមិនទាន់ទទួលបានការបំភ្លឺពីឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន រម្លឹកបទចម្រៀង «ឱភ្នំពេញអើយ» នឹងចាត់ទុកជាបទចម្រៀងប្រវត្តិសាស្ត្រ

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។
នៅសល់ជាង១ខែទៀតនឹងឈានដល់
ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបប
ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។
ចម្រៀងបទ(ឱភ្នំពេញអើយ)នៅតែជា
ការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។
ទឹកដៃនិពន្ធទំនុកច្រៀងដោយបង
កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំ
ផលិតដោយបង ជ័យ សោភា និងច្រៀងដោយក្មួយ សូ ចន្នី ពិតជាគួរឲ្យ
គោរព និងកោតសរសើរ។
ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស
ពីវិញ្ញាណក្ខន្ធបង កែវ ចិន្តា បង ជ័យ សោភា
ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថាគ្រួសារបង កែវ ចិន្តា និងគ្រួសារបង
ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់
បទ(ឱភ្នំពេញអើយ)ប៉ុន្តែនៅពេលខ្ញុំ
ឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅ
ក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទ
«ឱភ្នំពេញអើយ» គឺលោកអ៊ុំ <ម៉ម ធឿន>…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថាអាចមាន
បទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំង
ខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់
ជាងគេ ដែលនៅទីនោះមានអង្គភាព
សិល្បះទាំងបុរាណ ទាំងសម័យ និងបង
ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿង
ដែលមិនអាចទៅរួចឡើយ។ (សិល្បះ
កងទ័ពសព្វថ្ងៃកកើតពីខែកក្កដា ឆ្នាំ១៩៧៨
ដែលមានខ្ញុំជាបង្កើត)
ចំណុចកាន់តែច្បាស់បទនេះមិនអាច
និពន្ធមុនរំដោះភ្នំពេញបានឡើយ
ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ (ឱភ្នំពេញអើយបីឆ្នាំនឹកអ្នកក្នុង
ឱរា) (ភ្នំពេញដួងព្រលឹងជាទីស្នេហា
បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា
អង់អាចក្លាហាន) (អើយឱភ្នំពេញអើយ
ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញ
ហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ
អើយភ្នំពេញអើយ)
ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់
គ្រាន់ថាបទចម្រៀងនេះនិពន្ធក្រោយ
ភ្នំពេញត្រូវបានរំដោះមិនមែននៅ
ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។
ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់
ផ្សាយមុនថ្ងៃ៧ មករា ១៩៧៩ ផងដែរ។
មកនិយាយពីប្រវត្តិបទនៃចម្រៀង
(ឱភ្នំពេញអើយ)វេលាថ្ងៃត្រង់ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ
ត្រូវបានរំដោះខ្ញុំមិនប្រាកដថាបង
កែវ ចិន្តា សរសេរនៅពេលល្ងាច ឬ
ពេលយប់៧មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។
ល្ងាចថ្ងៃ៨ មករា មានការប្រជុំដើម្បី
ចាត់តាំងរដ្ឋាភិបាល ដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែបង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែបងកែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។
យប់ថ្ងៃ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ
មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួល
ទានបាយជាប់ជាមួយបង កែវ ចិន្តា គាត់
ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយ
សម្លេងរណសិរ្សតាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។
ព្រឹកថ្ងៃ៩ មករា ១៩៧៩ មានការប្រជុំ
រដ្ឋាបាលលើកដំបូង ដើម្បីបែងចែក
ភារកិច្ច។
ក្រោយប្រជុំចប់ឃើញឃើញបង
ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ
ទៅដល់ដើម្បីឆ្លងយោបល់បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯបង ជ័យ សោភា និយាយ
មកកាន់ខ្ញុំថាបង ហ៊ុន សែន នៅជួយ
យោបល់ផង។ ទម្លាប់បង ជ័យ សោភា
ហៅខ្ញុំថាបងទោះគាត់មានអាយុច្រើន
ជាងខ្ញុំក៏ដោយ។
បង ជ័យ សោភា ចាក់បទឱភ្នំពេញអើយ
៣ដង។ ក្រោយស្តាប់រួចបង កែវ ចិន្តា
ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជា
បន្ថែមសម្លេងទ្រ។
ខ្ញុំមិនច្បាស់ថាបង ជ័យ សោភា ធ្វើតាមការណែនាំរបស់បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែល
អាចបំភ្លឺបាននោះ គឺក្មួយ សូ ចន្នី។ ប្រសិន
បើគាត់ច្រៀងថតឡើងវិញមានន័យថា
បង ជ័យ សោភា ធ្វើតាមបង កែវ ចិន្តា
ប្រសិនបើបើមិនថតឡើងវិញ អាចថត
តាមក្រោយទៀត ព្រោះចម្រៀងនេះ
ត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។
ដូចនេះតាមការស្មានរបស់ខ្ញុំបង
កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច
ថ្ងៃ៧ ឬយប់ថ្ងៃ៧ មករា។ ប្រគល់ឲ្យបង
ជ័យ សោភា រៀបភ្លេង និងផលិតនៅថ្ងៃ៨ ឬយប់ថ្ងៃ ៨មករា និងព្រឹកថ្ងៃ៩ មករា
១៩៧៩ ម៉ោងជាង១០ព្រឹក ឆ្លងយោបល់
បង កែវ ចិន្តា។
តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នក
និពន្ធនៅពេលណា?
ពេលចាក់ផ្សាយដំបូងមិនមាននិយាយ
ពីអ្នកនិពន្ធទេ។ ចូលដល់ខែកញ្ញា ឆ្នាំ១៩៧៩
គណប្រតិភូជាន់ខ្ពស់ដឹកនាំ
ដោយសម្តេច ហេង សំរិន ដែលរូបខ្ញុំ
និងបង កែវ ចិន្តា អមដំណើរផងដែរទៅ
ទស្សនកិច្ចនៅឡាវ។
ក្នុងពិធីជប់លៀងអ្នកចម្រៀងឡាវច្រៀងបទឱភ្នំពេញអើយដោយអ្នក
ឧទ្ទេសនាមបកជាភាសារខ្មែរថាបទ
(ឱភ្នំពេញអើយនិពន្ធដោយសមមិត្ត
កែវ ចិន្តា)
តាំងពីពេលនោះមកមិនមានអ្នកណា
ទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង
ជ័យ សោភា ផងដែរ។
ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅលោក
ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយ
ព័ត៌មានខុសដោយអចេតនា ដែលថា
លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង
(ឱ ភ្នំពេញអើយ) ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា
មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។
ខ្ញុំសូមលោក chun sothy ធ្វើការ
កែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។
ការខិតខំស្រាវជ្រាវ និងពន្យល់របស់
ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅ
ថ្ងៃក្រោយព្រោះបទចម្រៀង
(ឱភ្នំពេញអើយ) ជាបទចម្រៀងប្រវត្តិសាស្ត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៥

ខេត្តសៀមរាប៖ក្នុងមួយយប់ៗត្រូវបានគេរាយការណ៍ថាមានក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំងខេត្តសៀមរាបយកទៅលក់នៅប្រទេសវៀតណាមដោយសមត្ថកិច្ចជំនាញក្នុងខេត្តសៀមរាបគ្មានអ្នកទប់ស្កាត់ឡើយ។

ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះបង្ក្រាបរថយន្តមួយគ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។

យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកតែ៣តោនទេ តែឈ្មួញបានលួចដឹករហូតដល់២០តោន។

ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបាន តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។

យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។

បើតាមមន្រ្តីយោធា, ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។

សូមជម្រាបថា ក្រៅពីឈ្មួញមានឈ្មោះខាងលើដែលរងការបង្ក្រាបក៏មានឈ្មួញជាច្រើនទៀតដែលសម្រុកដឹកជញ្ជូនលៀសចេញពីឃុំកំពង់ឃ្លាំង ក្នុងនោះត្រូវបានគេទម្លាយដឹងថាមានឈ្មួញឈ្មោះយាយ សុខ គឺជាថៅកែជើងខ្លាំងក្នុងការប្រមូលទិញលៀសនៅតំបន់ឃុំកំពង់ឃ្នាំង រាប់សិបឆ្នាំមកហើយ។ ករណីយាយ សុខ ប្រមូលទិញលៀយ៉ាងគគ្រឹកគគ្រេងនៅឃុំកំពង់ឃ្លាំងបានដោយរលូនបែបនេះសមត្ថកិច្ចជំនាញនៅតំបន់នោះហាក់មិនអើពើទប់ស្កាត់បង្ក្រាបនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៥

ទម្ងន់ជាង៨០តោន! បង្ក្រាបរថយន្តដឹកលើសទម្ងន់ចំនួន៣គ្រឿងគេចជញ្ជីងពិន័យតាមច្បាប់

ក្រសួងសាធារណ៍ដឹកជញ្ជូនបានអះអាងថារថយន្ដធុនធំដឹកលើសទម្ងន់គេចវាងស្ថានីយចំនួន០៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចមន្រ្តីស្ថានីយជញ្ជីង ឃាត់ត្រួតពិនិត្យ និងពិន័យតាមច្បាប់។

ការបង្ក្រាបបានធ្វើឡើង នាយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្លាំងសមត្ថកិច្ចចម្រុះមន្រ្តីស្ថានីយជញ្ជីងកណ្តោលដុំ ខេត្តកំពង់ស្ពឺ ខណៈដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គ.មលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះក្រុមមន្ត្រីបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាតនៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ធ្នូ ២០២៥

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសង្កត់ធ្ងន់ថា ជោគជ័យ និងក្តីសប្បាយរីករាយដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពពីស្មារតី ២ធ្នូ និងជ័យជម្នះ៧មករាដ៏រុងរឿងដែលបានបំភ្លឺផ្លូវក្នុងរយៈពេល៤៧ឆ្នាំកន្លងមក ហើយបច្ចុប្បន្ន យើងអាចឃើញច្បាស់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យដ៏ច្រើនអនេកដោយមានការចូលរួមចំណែកពីរណសិរ្ស ព្រមទាំងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជូនជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តម សុខ លូ មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៥) ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវា ជាប្រវត្តិសាស្ត្រនៃដំណើរចាប់ផ្ដើមរស់រានមានជីវិតឡើងវិញរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោកឈរឡើងប្រកាសបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដើម្បីដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់មន្រ្តីរាជការ អាជ្ញាធរ កងកម្លាំង អតីតយុទ្ធជន និវត្តន៍ជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃដោយផ្នែកលើច្បាប់អន្តរជាតិ។ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុលដើម្បីសេដ្ឋកិច្ចខ្មែរកាន់តែរឹងមាំបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ធ្នូ ២០២៥

ខេត្តសៀមរាប៖គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកប្រតិបត្តិការឃាត់ខ្លួន

ជនសង្ស័យចំនួន១៩នាក់ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ហេតុការណ៍ឃាត់ខ្លួន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រឹងបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ដោយផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បន្ទាប់ពីក្រុមនេះ ទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។

លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ថា ពិតជាមានការឃាត់ខ្លួនជនបរទេស ១៩ នាក់ពិតប្រាកដមែន។ ប៉ុន្តែក្រុមនេះមិនទាន់ធ្វើសកម្មភាពនៅឡើយទេទើបតែមកស្នាក់នៅខេត្តសៀមរាបហើយត្រៀម ធ្វើសកម្មភាព។

សូមបញ្ជាក់ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ១៦នាក់ និងនេប៉ាល់៣នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៥

គ្រឹះស្ថានអង្គរ រកប្រាក់ចំណូលបានជាង ៤០លានដុល្លារ ពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានបង្ហាញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រដើរទស្សនារមណីយដ្ឋានអង្គរចំនួន ៨៦៧ ១៩៥នាក់ ដោយទទួលបានចំណូលចំនួន ៤០ ៤៨០ ៩៤៥ដុល្លារ ថយចុះ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

របាយការណ៍ដដែលក៏បានបង្ហាញថា សម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរអន្ដរជាតិចំនួន ១០១ ៦៧៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ មានការថយចុះជាង១៨ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២៤ ដោយទទួលបានចំណូល ៤ ៩០៥ ១៦៤ដុល្លារអាមេរិក ថយចុះជាង ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ដោយឡែកក្រៅពីចំណូលនៃការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងនោះការលក់សំបុត្រចូលទស្សនាប្រាសាទបេងមាលា មានចំនួន ១៤ ៦៩៩នាក់ ទទួលបានចំណូល ១៤៦ ៩៩០ដុល្លារ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២៥ ខណៈការលក់សំបុត្រចូលទស្សនានៅភ្នំក្បាលស្ពានរកចំណូលបានចំនួន ៦ ៥៦០ដុល្លារ ផងដែរ៕

អត្ថបទ៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៥

លោកផែង វណ្ណៈ៖ ខ្ញុំបាន​ធ្វេី​កកិច្ចសន្យាចំនួន៤ចំណុច​ ជូនដល់បញ្ជាការដ្ឋាន​កងរាជ​អអាវុធហត្ថលេីផ្ទៃប្រទេស

ភ្នំពេញ៖លោកផែង វណ្ណ: បានសរសេរថា
ក្រោយភ្លៀងមេឃស្រលះ​ !

នៅរសៀល​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ ខ្ញុំបាទបាន​ការ​អនុញ្ញាតិ​ពី​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ ចូលជួប​ដេីម្បី​សុំទោស​អំពីចន្លោះប្រហោង​ក្នុងការ​ប្រេីប្រាស់​ពាក្យសំដីដែល​ន៉ះពាល់នឹងតម្លៃ​សិលធម៌ទៅលេី​ស្ថាប័ន​  និង​ សុំការ​ណែនាំពី​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ។  ខ្ញុំក៏បាន​ធ្វេី​កិច្ចសន្យាចំនួន​ ៤ចំណុច​ជូនដល់​ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថលេីផ្ទៃប្រទេសផងដែរ​ ។

ខ្ញុំបាទ​សូម​គោរ​ព​អរគុណ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ដែលបាន​យោគយល់​ និង​ ផ្ដល់​ឱកាសអោយ​ខ្ញុំ​បាទ​ សហការ​ការងារ​ក្នុងការ​ផ្ដល់​ព័ត៌មានពិត​ ដេីម្បី​កែ​លម្អ​ចំណុចអវិជ្ជមាន​ ។

សូមបញ្ជាក់ថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖

១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។

៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕SRP

https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៥

ចាប់មុខសញ្ញាគ្រឿងញៀនចំនួន០៣នាក់និងគ្រឿងញៀនមេតំហ្វេតាមីនទម្ងន់ជាង​០១គីឡូក្រាម

លោកឧត្តមសេនី​យ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនមានកម្លាំងក្នុងផែន ចុះប្រតិបត្តិការបង្រ្កាបករ​ណីករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន ជនសង្ស័យបានចំនួន ០៣នាក់ កាលពីថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅចំណុ​ច​ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល និងចំ​ណុ​ចភូមិដង្កោ ក្រម៉ាង ឃុំអំពិលប្រាំដើម ស្រុកប​វេល ខេត្តបាត់ដំបង។

ការបង្ក្រាបធ្វើឡើងេតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ស​ ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការ​សម្របសម្រួលលើនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង។

មានឈ្មោះដូចខាងក្រោម៖
១-(ឈ្មោះ សុងហេង សេងហៃ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ ភាច ភារម្យ ហៅ តេវ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ ឈាង វណ្ណធី ភេទប្រុស អាយុ៤​២ឆ្នាំ មានទីលំនៅភូមិមុខដា ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកក កICE)ចំនួន ១៨ថង់ ទម្ងន់ ១៦៣៦ ,៤៨ ក្រាម(ថ្នាំសុទ្ធ) ។
-ទូរស័ព្ទដៃចំនួន ០៣គ្រឿង , សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ថង់ប្លាស្ទិកតូចៗពណ៌សថ្លាមួយចំនួន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកYAMAHA MT ពណ៌ខ្មៅ

ជនសង័្សយនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្ត ទោសបន្តតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៥

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣%

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកមិញនេះ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្តីជូនដំណឹងដល់សាធារណជន ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ត្រង់ទីតាំងខាងលើ ដោយនឹងបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើដំណើរ។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page6 Page7 Page8 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×