កូនត្នោត ៤០០ដើម ត្រូវបានដាំក្នុងសហគមន៍កំពង់ឃ្លាំង ដើម្បីលើកកម្ពស់វិស័យបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព
សមាគមទេសចរណ៍កម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលស្រុកសូទ្រនិគម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានដាំកូនត្នោតចំនួន ៤០០ដើម ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព អមជាមួយកម្មវិធីដំណើរទស្សនកិច្ចទេសចរណ៍បរិស្ថាន ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការដាំកូនត្នោតនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពស្អាត និងភាពបៃតងធ្វើឱ្យពលរដ្ឋមានសុខុមាលភាពក្នុងសហគមន៍បង្កើតអនុស្សាវរីយ៍ជាមួយនឹងបវរកញ្ញាពិភពលោក ដែលមកពី៥០ប្រទេសផ្សេងគ្នា ក្នុងគោលដៅរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅសហគមន៍កំពង់ឃ្លាំង និងបង្ហាញពីអត្ដសញ្ញាណជាតិទៅកាន់ពិភពលោក។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កូនត្នោតទាំង ៤០០ដើម ដែលបានដាំនាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការអភិរក្សបរិស្ថាន ការបង្កើនភាពបៃតង និងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព។ ជាពិសេសការដាំដើមត្នោតនេះ មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌របស់យើងផងដែរ ពីព្រោះដើមត្នោតត្រូវបានចាត់ទុកជារុក្ខជាតិដ៏មានតម្លៃ និងបង្ហាញពីអត្ដសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។
លោកអភិបាលរង មានប្រសាសន៍បន្ដថា សម្រាប់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រតិភូបវរកញ្ញាភពផែនដីអន្ដរជាតិ ឆ្នាំ២០២៦ លើកទី៤ នាពេលនេះ ក្នុងគោលបំណងស្វែងយល់ពីរបៀបរស់នៅ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ការចូលរួមរបស់ប្រតិភូអន្ដរជាតិនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយនូវសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌របស់ខេត្ដសៀមរាបទៅកាន់សហគមន៍អន្ដរជាតិ និងពិភពលោកផងដែរ។
លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា ការរៀបចំទស្សនកិច្ចទេសចរណ៍ ដែលមានព្រឹត្តិការណ៍ដាំកូនត្នោត គឺដើម្បីបណ្ដុះគំនិត ពន្លកបៃតង ដែលចូលរួមចំណែកក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលស្រុកក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស នាំគ្នាដាំកូនត្នោត ដើមឈើនានាឱ្យបានច្រើនក្នុងគោលបំណងទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវចម្រុះ សេដ្ឋកិច្ច សង្គមកិច្ច និងបង្កើនការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕SRP
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ


