ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកវ៉ារិនជាង៦០នាក់ ក្នុងចំណោមជាង២០០គ្រួសារ នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២១ ម្សិលមិញ នេះ បានលើកគ្នាមកសាលាខេត្តសៀមរាប សុំអោយអាជ្ញាធរជួយអន្តរាគមន៍ ករណីមនុស្ស៨នាក់ប្តឹងយកដីនិងផ្ទះពួកគាត់ ហើយត្រូវតុលាការចេញដីការកោះអោយចូលខ្លួនទៀត។
ទោះជាយ៉ាងពលរដ្ឋ បានព្រមត្រឡប់ទៅផ្ទះវិញ នៅម៉ោងជិត១២ថ្ងៃដដែល បន្ទាប់ពីសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ថ្នាក់ដឹកនាំខេត្តទទួលសំណើពួកគាត់រួចហើយ តែចាំផ្តល់ដំណឹងតាមទូរស័ព្ទពេលក្រោយ។
នៅមុខសាលាខេត្តគេបានឃើញក្រុមសមត្ថកិច្ចជា ច្រើននាក់ បានដាក់ពង្រាយក្បែរៗហ្វូងពលរដ្ឋក្នុងគោលដៅ មិនអោយប្រមូលផ្តុំច្រើន និងប្រការខ្លាច ក្រែងកើតមានអំពើហិង្សាកើតឡើងផងដែរ។ តែករណីនេះមិនមានហិង្សាណាមួយកើតឡើងនោះទេ ត្បិតមិនមានវត្តមានភាគីម្ខាងទៀត។
ប្រជាពលរដ្ឋ នៅភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន បានអោយដឹងថា ពួកគាត់២១១គ្រួសារដែលកំពុងរស់នៅនិងអាស្រ័យផលលើផ្ទៃដី២០០០ហិកតា ក្នុងភូមិឃុំខាងលើគឺមានលិខិតកាន់កាប់ក្នុងចន្លោះឆ្នាំ ២០០៣ដល់២០០៧។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ក៏មានជំទាវម្នាក់រួមទាំងមនុស្ស៧ នាក់ផ្សេងទៀតមកប្តឹងពួកគាត់ពីបទក្លែងបន្លំឯកសារនិងលួចលក់អចនវត្ថុរបស់អ្នកដទៃ។
ពលរដ្ឋក្នុងចំណោមនោះ លោកឈិត សៀង បានអោយដឹងថា ករណីនេះត្រូវបានតុលាការកោះហៅពួកគាត់ចំនួន១១នាក់ ដែលរួមទាំងមេភូមិដៃអាវ និងមេឃុំស្រែណូយ អោយចូលខ្លួន២ដងរួច មកហើយ និងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ អោយចូលខ្លួនម្តងទៀត។ អីចឹងហើយទើបពួកគាត់មកសុំអោយអាជ្ញាធរជួយអន្តរាគមន៍ រឿងវិវាទដីធ្លីដែលនាំអោយមានដីការកោះពីតុលាការ។
ចំណែកលោកភោគ និល ក៏បានអោយដឹងដែរថាពួកគាត់ជាង២០០គ្រួសារ រស់នៅអាស្រ័យផលលើផ្ទៃ ដី២០០០ហិកតា តាំងឆ្នាំ២០០៣និងខ្លះឆ្នាំ២០០៧។ តែនៅឆ្នាំ២០១៩ ក៏ស្រាប់តែមានជំទាវម្នាក់ឈ្មោះកុល សុ ខុម រួមទាំងមនុស្ស៧នាក់ទៀត មកអះអាងថា ពួកគេមានដី៤០០០ហិកតា។ ដោយក្រុមពួកគេថាដីនោះជាដីសម្បទាន ដែលពួកគេទទួលបានសិទ្ធិបង្កើតជាសមាគមន៍ទ្រទ្រង់ជនក្រីក្រនិងស្ត្រីមេម៉ាយ ចឹងទេពលរដ្ឋទាំងអស់កំពុងរស់នៅរំលោភលើដីសមាគមន៍នេះហើយ។
លោកបន្តថា ករណីនេះ ក្រៅពីពលរដ្ឋជាង២០០គ្រួសារ ក៏មានវត្តនិងទីតាំងការិយាល័យបោះឆ្នោត ស្ថិតក្រោមសមាគមន៍របស់ជំទាវនោះដែរ។ អីចឹងទេ បើថ្នាក់ដឹកនាំខេត្តមិនអាចជួយអន្តរាគមន៍ទេ ពលរដ្ឋអាចបាត់បង់ដីនិងផ្ទះ ហើយឈានដល់ការជាប់ឃុំឃាំងទៀតផង។
លោកលី សំរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទថា ករណីនេះអាជ្ញាធរបានទទួលពាក្យពួកគាត់ និងអោយទៅផ្ទះវិញហើយ។ អាជ្ញាធរនិងរកដំណោះស្រាយជូនពួកគាត់តាមភាពជាក់ស្តែង តែមិនអាចកំណត់វេលាថាពេលណានោះទេ។ លោកបន្តថា ចំពោះដីកាកោះ ពួកគាត់ត្រូវតែចូលខ្លួនតាមពេលវេលា។ អីចឹងទេបើពួកគាត់មានលិខិតស្នាមត្រឹមត្រូវមិនមានអ្វីត្រូវបារម្ភនោះឡើយ។
អ្នកនាំពាក្យបញ្ជាក់ថា ដោយពេលនេះកំពុងរាលដាលជំងឺឆ្លង មិនតម្រូវអោយពួកគាត់ប្រមូលផ្តុំឡើយ តែនឹងរកដំណោះស្រាយជូន ដោយអនុវត្តតាមលិខិតដែលត្រឹមត្រូវ៕SRP

ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញលទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី “ការពង្រីកវិសាលភាពដាំដុះពូជស្រូវ ផ្កាមាលតី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ”។
ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានចេញសេចក្ដីសម្រេចបើកដំណើរការផ្សារលើធំថ្មីឡើងវិញ។

ភ្នំពេញ៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានបានផ្តាំផ្ញើឲ្យក្រសួងស្ថាប័ន បន្តជំរុញអនុវត្តសកម្មភាពទាំងឡាយ តាមការគ្រោងទុក និងត្រូវខិតខំពង្រឹង កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថានទូតអាមេរិក និងគ្រប់ស្ថានទូតប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ ដែលបាន និងកំពុងរួមគ្នាជួយគាំទ្រ និងសហការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បី ធ្វើឲ្យសម្រេចលទ្ធផល តាមការគ្រោងទុក ដោយពុះពារគ្រប់ឧបសគ្គ និងភាពប្រឈមទាំងឡាយ និងរួមគ្នារៀបចំទិន្នន័យ ដើម្បីចងក្រងជាប្រព័ន្ធ ដែលស៊ីសង្វាក់គ្នា សម្រាប់ប្រើប្រាស់ ជារបាយការណ៍ជាតិ និងសម្រាប់ការចែកផ្សាយទូលំទូលាយ។
ភ្នំពេញ៖ក្រសួងកសិកកម្មប្រកាសថា «ផ្លែមៀនប៉ៃលិន» មិនទាន់អាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន ដោយសារបញ្ហារីករាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមអានសេចក្ដីប្រកាសខាងក្រោម៖
ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានរាយការណ៍ថាក្មេងអាយុទើបពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈម្ដាយជាប់រវល់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិគោកពោធិ៍ ឃុំក្តីរុន ស្រុកពួក។