ខេត្តសៀមរាប៖លោកអែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ ដែលជាសាសនិកទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
លោកមានប្រសាសន៍អរគុណបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ដឹកនាំសហការីដែលជាក្រុមការងារសាសនិកឥស្លាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន ជូនដល់សាសនិកឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន៥៥គ្រួសារ នៅភូមិលេខ៥សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
លោកអែល សៀត បានមានប្រសាសន៍ថាកញ្ចប់អាហារស្រាយបួសដែលយកមកជូនសាសនិកឥស្លាមដែលមានជីវភាពក្រីក្រនេះគឺទទួលបានការឧបត្ថម្ភ ពីមិត្តភ័ក្តិសប្បុរសជននៃប្រទេសម៉ាឡេស៊ីដែលផ្តល់តាមរយៈ លោកផ្ទាល់។
លោកបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់សាសនិកក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមសាសនិកឥស្លាមដូចគ្នា។
លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សប្បុរសជននៃប្រទេសម៉ាឡេស៊ីតែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមខេត្តសៀមរាប ដើម្បីចែករំលែកដល់សាសនិកដែលមា ជីវភាពខ្វះខាតផងដែរ។
ក្នុងនាមសាសនិកឥស្លាមខេត្តសៀមរាប លោក អែល សៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភ័ក្តិដែលជាសប្បុរសជន នៃប្រទេសម៉ាឡេស៊ីដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់សាសនិកឥស្លាម ក្នុងខេត្តសៀមរាប។
លោកបន្តថានេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក៕SRP
