ខេត្តសៀមរាប៖រដ្ឋបាលខេត្តបានលើកនូវសំណូមពរដល់អង្គការ IOM ក្នុងការគាំពារដល់កិច្ចការងារមួយចំនួន។
១-ការរៀបចំឲ្យរថយន្តឈ្នួលដឹកជញ្ជូនពលករមកពីក្រៅប្រទេសទាំងអស់ត្រូវមានការកត់ត្រាឈ្មោះអ្នកជិះរថយន្ត ដើម្បីងាយស្រួលស្រាវជ្រាវក្នុងករណីមាន ប្រជាពលរដ្ឋមកពីក្រៅប្រទេសណាម្នាក់មានផ្ទុកវីរុសកូវីដ ១៩។
២-ការគាំទ្រក្នុងការផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មន្ត្រីដែលជួបអនុវត្តការងារផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋមកពីក្រៅប្រទេស និងសាធារណជនទូទៅ។
៣-ការគាំទ្រជាសម្ភារៈដល់ការ ធ្វើចិត្តាឡីស័ក ដោយការដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កក្នុងក្រុង ស្រុកនីមួយៗ។
៤-ការរៀបចំបញ្ជីពលករដោយមានការបញ្ជាក់ពីជំនាញវិជ្ជាជីវៈនានាដែលពួកគាត់បានអនុវត្តនៅក្រៅប្រទេស។
ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយ អង្គការ IOM លើការងារប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការការពារការីករាលដាលជំងឺកូវីដ១៩ ធ្វើនៅរសៀលថ្ងៃទី២៣ខែមេសាម្សិលមិញ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តនិងជាតំណាង លោកទៀ សីហា អភិបាលខេត្ត។
ឆ្លើយតបនឹងសំណូមពរនេះ IOM នឹងធ្វើកិច្ចការនេះជាមួយគណៈកម្មការកូវីដខេត្ត និងគណៈកម្មការគ្រប់គ្រងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដើម្បីពិនិត្យលទ្ធភាពក្នុងការគាំទ្រនានា។ ជាក់ស្តែង IOM នឹងផ្តល់នូវសម្ភារ:មួយចំនួនសម្រាប់មន្ត្រីបំពេញកិច្ចការងារផ្ទាល់ជាមួយពលករ និងការងារទប់ស្កាត់ជំងឺកូវីដ១៩៕SRP

