ខេត្តកំពង់ចាម៖ក្នុងឱកាស ចុះបំពេញបេសកកម្ម នៅក្នុងខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន បាននាំយកកាមេរ៉ាវីដេអូ ចំនួន ០៦គ្រឿង ផ្ដល់ជូនមន្ទីរព័ត៌មានចំនួន៦ខេត្ត រួមមាន៖
មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប ក្រចេះ និងខេត្តស្ទឹងត្រែង។ ការប្រគល់សម្ភារៈទាំងនេះ ត្រូវបានរៀបចំឡេីងនៅមន្ទីរព័ត៌មាន ខេត្តកំពង់ចាម នៅល្ងាចថ្ងៃពុធ ម្សិលមិញ។
លោកខៀវ ញារីទ្ធ មានប្រសាសន៍ថា នេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក៏ដូចជា ការជួយ សម្រួលដល់មន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញរបស់មន្ទីរនីមួយៗ ក្នុងការចុះយកព័ត៌មានរូបភាព ដើម្បី ធ្វើការផ្សព្វផ្សាយ ផងដែរ។
រដ្ឋមន្ត្រីរូបនេះក៏ បានផ្ដាំផ្ញើ ចំពោះ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានទាំងអស់ បន្ទាប់ពីទទួលនូវសម្ភារៈទាំងនេះហេីយ សូមណែនាំដល់មន្ត្រីជំនាញរបស់ខ្លួន ឱ្យយកចិត្តទុកដាក់ថែទាំ ឲ្យបានគត់ហ្មត់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ថ្វីក្បិតតែ វាជាគ្រឿងអេឡិចត្រូនិច ប្រសិនបើ អ្នកប្រើប្រាស់ ចេះថែទាំបានល្អប្រសើរ នោះវានឹងជួយសម្រួល ដល់ការប្រើប្រាស់របស់យើង បានយូរអង្វែង។
លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្នុងនាមមន្ទីរព័ត៌មានខេត្តទាំង ៦ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ខៀវ ញារីទ្ធ ដែលបានផ្ដល់នូវកាមេរ៉ាវីដេអូ សម្រាប់មន្ទីរទុកប្រើប្រាស់ ជាពិសេសការចុះយកព័ត៌មាន អំពីសមិទ្ធផលនានា ក៏ដូចជាសកម្មភាពផ្សេងៗ របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋាន ដើម្បីយកទៅផ្សព្វផ្សាយ បង្ហាញទៅដល់សាធារណជនឲ្យបានជ្រួតជ្រាប ផងដែរ។
លោកស្រីសមផល្លា ក៏បានគោរពជូនពរ ដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមឲ្យទទួលបានសេចក្ដីសុខចំរើន ប្រកបដោយពរទាំងប្រាំប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា អំណោយដែល លោក ខៀវ ញារីទ្ធ ផ្ដល់ជូនមន្ទីរព័ត៌មាន ទាំង៦ខេត្ត រួមមាន៖កាមេរ៉ាវីដេអូ ១គ្រឿង ជើងកាមេរ៉ា ១ កាបូបដាក់កាមេរ៉ា១ និង Memory ចំនួន២ផងដែរ៕SRP


ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ជំនួបរវាងសម្តេចតេជោហ៊ុន សែន និងអ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ដើម្បីជំរុញ ការលើកកម្ពស់វិស័យព័ត៌មាន ឱ្យកាន់តែរីកចម្រើនតាមរយៈ ការបង្កើនទំនាក់ ទំនងរវាង អ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និងអ្នកនាំពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែមានភាពសុក្រឹត្យ ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ដល់សង្គម។