ខេត្តសៀមរាប៖លោកសួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និងបានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសជលផល បទល្មើសធនធានធម្មជាតិឲ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់។
លោកសួស អង្គារ៍ បន្តថា ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឲ្យខាងតែបាន។
លោកក៏បានផ្តោតយ៉ាងសំខាន់ទៅលើ បញ្ហាការ គ្រប់គ្រងអ្នកចំណាកស្រុក និង ត្រូវជម្រុញការធ្វើវេទិកាសាធារណៈ ធ្វើទៅតាមការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយតូចៗ តែទទួលបានលទ្ធផលខ្ពស់។
លោកក៏បានឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និង ត្រូវត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់និងជម្ងឺរាតត្បាតផ្សេងៗ ឲ្យមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានាឲ្យបានល្អប្រសើរ និងប្រសិទ្ធភាព។
លោកបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និង អនុវត្តឲ្យបាន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និង បង្កើនការ យកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស លើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
លោកសួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ជំរុញយ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកមិញនេះ។
កិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ឆ្នាំ២០២៥ ធ្វើនៅរដ្ឋបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ អង្គភាពពាក់ព័ន្ធ អធិការដ្ឋាននគរបាល បញ្ជាការមូលដ្ឋានកងរាជហត្ថក្រុង ស្រុក មេប៉ុស្តិ៍ មេឃុំ សង្កាត់ប្រមាណ ៣០០នាក់ចូលរួមផងដែរ។
លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះការបង្ក្រាបបទល្មេីសនានាមានការថយចុះ ប៉ុន្តែបទល្មេីសចរាចរណ៍មានការកេីនឡេីង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វេីបទបង្ហាញដោយផ្តោតសំខាន់លេីការឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកេីតឡេីង ដេីម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍ផងដែរ៕SRP