Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៥

សង្កាត់សាលាកំរើក ក្រុងសៀមរាប នឹងសាងសង់ផ្លូវបេតុងអាមេ២ខ្សែទៀត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៦២៧ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក បានឱ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៥ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ មានប្រវែង ៦២៧ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ មានគ្រួសធម្មជាតិស្មារផ្លូវទាំងសងខាង គម្រោងចំនួន២ និងស្លាកចរាចរចំនួន២ ក្នុងតម្លៃប៉ាន់ស្មានប្រមាណ ៤៤០ ០៤៦ ៧៤៨ រៀល ដោយមានក្រុមហ៊ុនចំនួន៦ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើ ហ៊ត់ ហេង ក្នុងតម្លៃប្រមាណ ២៨២ ០០០ ០០០ រៀល ។

ជាមួយនឹងការទទួលបានសិទ្ធនៃការសាងសង់នេះ តំណាងក្រុមហ៊ុនម៉ៅការ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាសាងសង់ឱ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុត្តនៃការសាងសង់ និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
#មន្ទីរព័ត៌មានខេត្តសៀមរាប

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២៥

សាលាដំបូងខេត្តសៀមរាបសម្រេចចោទប្រកាន់អ្នកសារព័ត៌មានចំនួនពីររូប ការប្រមូលព័ត៌មាន ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ

សូមអានសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធករណីឈ្មោះ ភាព ភារ៉ា និងឈ្មោះផន សុភាព៖

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៥

ប្រមុខក្រសួងមហាផ្ទៃ ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ត្រូវថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។

យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អគារអធិការដ្ឋានក្រុងរុនតែឯកតេជោសែន និងសមិទ្ធផលដែលសម្ពោធនៅថ្ងៃនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកែ សួនសុភី ស សុខា ជូនមន្ត្រី និងប្រជាពលរដ្ឋ ក្រុងរុនតាឯកតេជោសែន។

សមិទ្ធផលនេះរួមមាន អគារធំទំហំ១៣,៥ គុណ២៣ម៉ែត្រ អគារស្នាក់នៅរបស់មន្ត្រីទំហំ៧,២គុណ២៦ម៉ែត្រ អគារផ្ទះបាយ និងកន្លែងហូបបាយទំហំ៥គុណ១៣,៥ម៉ែត្រ អគារឃាត់ខ្លួនបណ្តោះអាសន្នទំហំ៥គុណ១០ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យ ៧,៤គុណ ១៣,៥ម៉ែត្រ បន្ទប់ទឹកសាធារណៈទំហំ២,៧គុណ ៥,៨ម៉ែត្រ របងព័ទ្ធជុំវិញប្រវែង២៩១,៥៧គុណ២ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាម១កន្លែង រៀបចំចំណតរថយន្ត១កន្លែង និងដងទង់ជាតិចំនួន១ សាងសង់លើផ្ទៃដីទំហំ ៥ ០០០ម៉ែត្រការ៉េ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ជាមនុញ្ញផលថ្មីមួយទៀត កើតចេញពីមរតកនៃការដឹកនាំប្រកបដោយបទពិសោធឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពូនជ្រុំប្រកបដោយភាពស្វាហាប់ ពីរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភ្ជាប់នឹងអំណរសាទរជាមួយមន្ត្រីនគរបាល និងប្រជាពលរដ្ឋក្រុងថ្មីមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំលោកវរសេនីយ៍អធិការ និងមន្ត្រីនគរបាលចំណុះអធិការដ្ឋាន រួមគ្នាថែទាំសមិទ្ធផលមួយនេះ ហើយខិតខំបំពេញតួនាទីភារកិច្ចឱ្យបានល្អដើម្បីកសាងគុណតម្លៃឱ្យអធិការដ្ឋានក្លាយជាកន្លែងផ្ដល់ទំនុកចិត្ត និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការពេញចិត្តចំពោះការរៀបចំកសាងអធិការដ្ឋានថ្មីនេះ ថាមានលក្ខណៈស្តង់ដា មានរចនាបថស័ក្ដិសមសម្រាប់ការបំពេញការងាររបស់មន្ត្រីក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌របស់ជាតិ។ ឯកឧត្តម ក៏បានណែនាំ ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ សហការជាមួយអង្គភាពពាក់ព័ន្ធ ពន្លឿនការដោះស្រាយ និងរៀបចំអធិការដ្ឋានក្រុង ស្រុក ខណ្ឌមួយចំនួនឱ្យបានស័ក្ដិសមនៅមុនដំណាច់ឆ្នាំ២០២៨។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍កោតសរសើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ដែលបានសហការជាមួយខេត្តជាប់ព្រំដែន រួមចំណែករែកពុនដោះស្រាយការស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលនៃការប្រយុទ្ធការពារបូរណភាពទឹកដី ទប់ទល់នឹងអំពើឈ្លានពានពីសំណាក់កងទ័ពថៃ។ ឯកឧត្តមចាត់ទុកការងារនេះជាផ្នែកមួយនៃស្មារតីរួបរួមជាតិដ៏រឹងមាំរបស់ខ្មែរ។

ក្នុងចំណោមអនុសាសន៍សំខាន់ៗដែលបានផ្ដល់ជូនទៅកាន់មន្ត្រីពាក់ព័ន្ធនាឱកាសនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង អំពើជួញដូរមនុស្ស និងការធានាផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា បន្ថែមលើអំណោយដ៏ថ្លៃថ្លាដូចបានបញ្ជាក់ខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានឧបត្ថម្ភជូនអធិការដ្ឋាននគរបាលក្រុងរុនតែឯកតេជោសែន នូវរថយន្ត Pick up ថ្មីចំនួន១គ្រឿង ព្រមទាំងកុំព្យូទ័រមួយចំនួនទៀត។ ការឧបត្ថម្ភនេះ គឺបន្ថែមលើថវិកា ដែលផ្ដល់ជូនអធិការដ្ឋាន តំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងយុវជន ដែលបានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលដ៏អធិកអធមនាឱកាសនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

“ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។

ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។
លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។

វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយយ៉ាងជាក់លាក់ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់។ អាស្រ័យហេតុនេះ កម្ពុជា ក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២៥

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ បានអញ្ជើញចូលរួមជាមួយប្រជាពុទ្ធបរិស័ទកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរត្ន័ ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ព្រមទាំងបាននាំយកនូវទ័យ្យទាន ជាគ្រឿងឧបភោគ បរិភោគមួយចំនួន វេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស។

ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ព្រះពុទ្ធសាសនាគោរពប្រតិបត្តិតាំងពីដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះពុទ្ធបរិស័ទ ពុទ្ធសាសនិក ខ្មែរយើង បានប្រារព្ធធ្វើឡើង ដែលបងប្អូនជាមន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើងពីសកម្មភាពនិងសភាពការណ៍ពីជំលោះនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា ថៃ ជូនដល់បងប្អូនប្រជាពុទ្ធបរិសទ ព្រមទាំងបានធ្វើថ្លែងអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃគ្រប់វត្ត និងសប្បុរសជនជាតិ អន្តរជាតិ និង រួមសហការជាមួយអាជ្ញាធរ ក្នុងស្មារតីសាមគ្គីជាតិ សំខាន់ព្រះសង្ឃបានដោះស្រាយគ្រប់តម្រូវការរបស់បងប្អូនជនភៀសសឹក គ្រួសារកងទ័ព មកពីតំបន់រងគ្រោះ មកស្នាក់នៅទីកន្លែងសុវត្ថិភាព តាមវត្តអារាម សាលារៀន និង ផ្គត់ផ្គង់ស្បៀងអាហារជាដើម។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះបងប្អូនជនភៀសសឹកមួយចំនួន បានវិលទៅកាន់លំនៅរបស់ខ្លួន ហើយបងប្អូនមួយចំនួនកំពុងស្នាក់នៅជំរុំសុវត្ថិភាព ដោយពួកគាត់មានលំនៅដ្ឋានស្ថិតក្នុងតំបន់ដែលងាយរងគ្រោះបំផុត ហើយត្រូវអាជ្ញាធរខេត្តយើង ធ្វើការគ្រប់គ្រងបន្ត ក្នុងការផ្គត់ផ្គង់ ថែទាំសុខភាព អនាម័យជូនពួកគាត់បន្តទៀត ។ ឯកឧត្តមបានបន្តទៀតថា ចំពោះមុខអាជ្ញាធរខេត្ត ធ្វើការរៀបចំដាក់បំពូលភ្លើងសូឡា បំភ្លឺតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យផងដែរ ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមអភិបាលខេត្ត មន្រ្ដីរាជការ និង ក្រុមការងារទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល វរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា និង ជនរងគ្រោះដោយភាពអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ សូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះ ជួយទ្រទ្រង់ឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ។ ទ័យ្យទានវេរប្រគេនព្រះសង្ឃមានគ្រឿងឧបភោគបរិភោគចំនួន ១៣មុខ និង បច្ច័យរបស់រដ្ឋបាលខេត្ត និង ពុទ្ធបរិស័ទប្រគេនវត្តព្រះព្រហ្មរ័ត្ន ចំនួន២លាន ៩សែនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Older posts
Newer posts
← Previous Page1 … Page37 Page38 Page39 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!