ខេត្តសៀមរាប៖ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត សៀមរាប ប្រមាណ៣០ទៅ៤០នាក់ នៅរសៀលថ្ងៃទី ២៤ខែមេសា ម្សិលមិញ បានទទូចសុំទៅស្ថាប័នតុលាការ មេត្តាដោះលែងចាងហ្វាងសារព័ត៌មានម្នាក់អោយនៅក្រៅឃុំ។
ការទទូចសុំអោយចាងហ្វាងរូបនេះ នៅក្រៅឃុំពីសំណាក់ ក្រុមអ្នក សារព័ត៌មាន ក្នុងខេត្តសៀមរាបគឺ ក្រោយពេលសមត្ថកិច្ចអញ្ជើញចាងហ្វាងរូបនេះ ទៅសាកសួរករណីបង្ហោះព័ត៌មានតាមហ្វេសប៊ុកផ្ទាល់ខ្លួនថា ឧកញ៉ាលី យ៉ុងផាត់ ទទួលមរណភាព។
ឈ្មោះលឹម ហួរ ភេទប្រុស ជាចាងហ្វាងការផ្សាយកាសែតខ្មែរ៧មករា។ រូបគាត់ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាប ហៅសាកសួរនៅល្ងាចថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃម្សិលមិញ។
លោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃម្សិលមិញបានថ្លែងតាមទូរស័ព្ទប្រាប់អ្នកសារព័ត៌មានថា៖ លោកលឹម ហួរ បានត្រូវលោកចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ពីបទ ក្លែងព័ត៌មាន។
ក្នុងករណីនេះ លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ករណីនេះលោកបានកំពុងប្រមូលព័ត៌មាន ដើម្បីជម្រាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកបន្តថា អ្នកសារព័ត៌មានត្រូវធ្វើអ្វីឬផ្សាយព័ត៌មានទៅតាមច្បាប់ឬអាជ្ញាប័ណ្ណ ដែលក្រសួងផ្តល់អោយ។តែបើបុគ្គលធ្វើអ្វីដោយឯកជនខ្លួនឯង ដូចជាផ្សាយក្នុងហ្វេសប៊ុកឯកជន នោះវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឡើយ។ តែរឿងនេះខាងមន្ទីរនឹងបន្តតាមដានទៅទៀត។
ក្រោយចៅក្រមសម្រេចឃុំខ្លួន លោកលឹម ហួរ ចាង ហ្វាងកាសែតខ្មែរ៧មករា ក្រុមអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប បាននាំគ្នាទទូចសុំស្ថាប័នតុលាការ មេត្តាដោះលែង លោកលឹម ហួរ អោយនៅក្រៅឃុំ ត្បិតរូបគាត់បានដឹងកំហុស និងបានធ្វើការឡាយសុំទោសជាសាធារណ:វិញផងដែរហើយ។ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាប សង្ឃឹមថា តុលាការនឹងពិចារណា ហើយដោះលែងលោកលឹម ហួរ អោយបាននៅក្រៅឃុំ។
សូមជម្រាបថាឧកញ៉ា លី យ៉ុងផាត់ មិនបានទទួលមរណភាព នោះទេ។ នេះបើយោងតាមការបញ្ជាក់របស់ លោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបង្ហោះសារនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោក។
នៅក្នុងសារដដែល របស់លោកដួង តារា បានសរសេរថា៖ ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៌មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត។
ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៌មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។
ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះ សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។ សូមអរគុណ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP



ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជុំ កុសល បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបានសរសេរថា៖តើអ្នកយល់ពាក្យ « ព័ត៌មាន » ដែលភាសាបរទេសហៅថា « News » ច្បាស់ហើយឬនៅ ? និងស្គាល់ពីតួនាទីអ្នកសារព័ត៌មានច្បាស់ទេ ? ។