ឯកឧត្តម សុខ លូ អភិបាលបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអះអាងថា រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍ សមភាព និងបរិយាបន្ន ដោយក្នុងនោះត្រូវនាំគ្នា អនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់ នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី។
ឯកឧត្តមបន្តថាសម្រាប់សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ ឱ្យបានឆាប់បំផុត, ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ ហើយសូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ទាំងអស់ សូមចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជម្ងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» នៅរសៀលថ្ងៃសុក្រ នេះ ឯកឧត្តម សុខ លូ ក៏បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងការនឹករលឹកដល់ប្រជាពលរដ្ឋ ដែលផ្ទុកនូវជម្ងឺអេដស៍ ផងដែរ៕

