ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ)។
ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សៀមរាប និងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការណ៍ ជាមួយគរបាលខេត្តកណ្តាល ដោយអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ: ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅថ្ងៃអង្គារនេះថា ជនត្រូវចោទឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចប្បុន្ន ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
នគរបាលបានថ្លែងបន្តថា ជនត្រូវចោទបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឲ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
បច្ចប្បុន្នជនត្រូវចោទត្រូវបានប្រគល់ និងទទួលទៅឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី៕
