
ខេត្តព្រះវិហារ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានថ្លែងប្រាប់ ឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វ មកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃ ជាអំពេីល្មេីសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។
រដ្ឋមន្ត្រី ក៏បានផ្តល់ជម្រើស ជូនប្រជាពលរដ្ឋ ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជាគោ ក្របី ហើយជាពិសេសនោះ គឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹម ក្នុងព្រៃសហគមន៍ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយ ពេលវេលាតិច ចំណេញច្រើន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូន ប្រជាពលរដ្ឋ មានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋ មានបាន នោះនឹងមានការចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលយើងមាន។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានណែនាំ និងពន្យល់បកស្រាយ ជូនដល់ ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះ ទាំងអស់គ្នា។
លោកថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងពេល ចូលរួមវេទិកាសាធារណៈ ពិភាក្សាលើ ករណី ប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី ។
ប្រជាពលរដ្ឋ ដែលបានមកចូលរួម បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមធ្វេីការដោះដូរដី ដែលបច្ចុប្បន្ន ពួកគាត់បានកំពុងអាស្រ័យផល លើដី សហគមន៍ និងខ្លះទៀត ជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។
លោករដ្ឋមន្ត្រី ថានឹងរៀបចំដីបំរុងទុក សម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់ នៅដោយមានភាពងាយស្រួល។
រដ្ឋមន្រ្តី ក៏បានជំរុញ ឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃ ឱ្យបានលឿន ពង្រឹង ការអប់រំ ប្រជាពលរដ្ឋ លេីកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋ បានរៀនសូត្រទាំងអស់គ្នា និងស្នេីឱ្យដាំដេីមឈេី ដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម៕SRP