ខេត្តកំពង់ចាម៖ភ្នាក់ងារបានរាយការណ៍ថាមនុស្សចំនួន១០នាក់ត្រូវបានឃាត់ខ្លួនករណីបង្ក្រាបល្បែងជល់មាន់។
ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ។
គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង ព្រមទាំងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់) កន្ត្រក់ដាក់មាន់ចំនួន០២ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច) កញ្ចក់សំរាប់បាំងមាន់ចំនួន០១ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ) ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល) ធុងក្លាស្សេចំនួន០១ និងហាន់តោសម្រាប់លេងអាប៉ោងចំនួន០១ ផងដែរ។
ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕SRP
សៀមរាប ប៉ុស្តិ៍
១៨ ឧសភា ២០២០

