
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ដែលបានចុះហត្ថលេខា ដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩។ នេះបើតាមលិខិតរបស់ដែលបានចុះហត្ថលេខា ដោយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP
«លោកផូ ស៊ីផា»
ខេត្តសៀមរាប៖លោកផូ ស៊ីផា អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សុំធ្វើការបដិសេធ ចំពោះព័ត៌មានមួយចំនួន ដែលបានបង្ហោះតាមបណ្ដាញសង្គមថា រូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន រឿងឆបោក ដោយការផ្សព្វផ្សាយនោះ ជារឿងមិនពិតនោះទេ។
លោកផូ ស៊ីផា តាមរយ:«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃ១១ខែ មេសាឆ្នាំ២០២១នេះ បានចេញមុខបំភ្លឺថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានមួយចំនួនបានបង្ហោះថាសមត្ថកិច្ចចាប់រូបលោករឿងឆបោក ជារឿងមិនពិត មូលបង្គាច់បំផ្លាញកិត្តិយសរបស់លោកតែប៉ុណ្ណោះ។ លោកផូ ស៊ីផា បានបន្តថា រូបលោកពិតជាបានទទួលលុយចំនួន៥ម៉ឺនដុល្លារពីលោក ទូស សាភឿន ប្រាកដមែនតាមរយ:ABA ដោយបានយកដី១ប្លង់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាទ្រព្យបញ្ចាំ។
បើតាម លោក ផូ ស៊ីផា បានបញ្ជាក់ថា ការខ្ចីប្រាក់ចំនួន៥ម៉ឺនដុល្លារខាងលើ នឹងត្រូវយកមកទូទាត់ជាមួយនឹងលោកទូស សាភឿន វិញ ដែល លោកទូស សាភឿន បានទិញដីពីរូបលោកចំនួន២២៣ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចុះកុងត្រានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទឹកប្រាក់សរុបចំនួន(១០,៨៦០,០០០ដុល្លារ) តែចាប់តាំងពីថ្ងៃបានធ្វើកុងត្រាជាមួយគ្នាមក លោកទូស សាភឿន ទើបតែទូទាត់លុយមកឲ្យ លោកផូ ស៊ីផា បានតែចំនួន(១,៤២៣,៧០០ ដុល្លារ) នៅខ្វះប្រាក់ចំនួន(៩,៤៣៥,៣០០ ដុល្លារ) ដែលមិនទាន់បានទូទាត់ឲ្យលោក ផូ ស៊ីផា រហូតមកដល់ពេលនេះ។
ចំណែកលុយចំនួន៥ម៉ឺនដុល្លារដែលលោកបានខ្ចីនោះ លោកទូស សាភឿន មិនដែលបានមកទារពីលោកម្ដងណាឡើយ។ ប៉ុន្តែបែជាលោក ទូស សាភឿន ទៅប្ដឹងរូបលោកពីបទឆបោក គេចវេសមិនព្រមសងលុយដែលរូបលោកបានខ្ចី និងសុំឲ្យសមត្ថកិច្ចចាប់រូបលោក នឹងសុំឲ្យរឹបអូសរថយន្តរបស់លោក១គ្រឿងម៉ាកលុយស៊ិសពណ៌មាសពាក់ស្លាកលេខសៀមរាប.២B៦៨០៦ទៅវិញ។ ត្រង់ចំណុចនេះ ខ្ញុំផូ ស៊ីផា សុំធ្វើការបដិសេធ នូវព័ត៌មានមួយចំនួនដែលបានផ្សាយកន្លងថាមានសមត្ថកិច្ចចាប់រូបលោកជារឿងមិនពិតទាំងស្រុង។ ជាមួយគ្នានេះ លោកផូ ស៊ីផា ថាគ្រោងនឹងប្ដឹងអ្នកបង្ហោះព័ត៌មានមួយចំនួនដែលបានផ្សាយបំផ្លើសការពិត។
ជុំវិញករណីនេះ«សៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ទូស សាភឿន នៅឡើយទេ នៅព្រឹកនេះ៕SRP
ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចនគរបាលនិងមន្ត្រីជំនាញវប្បធម៌ បានចុះផ្អាក ក្រុមសសិល្បៈ១ក្រុម ឲ្យឈប់សកម្មភាពថតវីដេអូ MV។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការប៉ូលិសជាតិកម្ពុជា។
ប៉ូលិសនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះផ្អាកក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fims ថតវីដេអូ MV នៅថ្ងៃទី១០ ខែមេសាឆ្នាំ ២០២១ នេះ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ។
ប៉ូលិសខេត្តកំពង់ស្ពឺបានបន្តថាក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fims មកស្នាក់នៅក្នុងដីឡូតិ៍ មួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម្ចាស់ឈ្មោះ ប៊ុន ចាន់និមុល ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះមានមនុស្សប្រុស-ស្រី តារាចម្រៀង តារាសម្ដែងនិងអ្នកផលិតកម្មវិធី ប្រមាណ ១៥នាក់ ស្រី៥ ដោយអ្នកទាំង១៥នាក់ខាងលើ មកទីនេះរយៈពេល ៤៥ ថៃ្ងមកហើយ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
បើតាមប៉ូលិសបានបញ្ជាក់ថាក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fims ដែលមកពីភ្នំពេញ ចំនួន៨នាក់បន្ថែម ក្នុងគោលបំណងមករកថតនៅក្នុងដីឡូតិ៍ ប៊ុន ចាន់និមុល ត្រូវបានវិលត្រឡប់ទៅរាជធានីភ្នំពេញអស់ហើយ នៅតែម្ចាស់ដីឡូតិ៍ ឈ្មោះ ប៊ុន ចាន់និមុល និងសិល្បករ សិល្បការិនី ប្រមាណ១៥នាក់ ស្រី ០៥នាក់ មិនហ៊ានត្រឡប់ទៅរាជធានីភ្នំពេញវិញទេ មូលហេតុដោយពួកខ្លួននៅទីនេះ ដោយអនុវត្ដតាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមិនអនុញ្ញាតឱ្យធ្វើដំណើរក្នុងតំណាក់កាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសការរីករាលដាលជំងឺកូវីដ-១៩ ចល័តពីខេត្ដមួយទៅខេត្តមួយទៀត។សូមបងប្អូនចូលរួមអនុវត្ដ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដាក់ចេញដោយសម្ដេចតេជោ នាយករដ្ឋមន្រ្ដី៕SRP
ភ្នំពេញ៖ក្នុងករណីបុគ្គល ឈ្មោះឃឿន សុឡា ហៅ K01 នៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងនិងស្នើដល់អាជ្ញាធរ ចាត់វិធានការទៅតាមច្បាប់។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់អ្នកនាំពាក្យក្រសួងព័ត៌មាននៅយប់ថ្ងៃទី ១០ ខែមេសានេះ។
តាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថាដោយពិនិត្យឃើញថា បុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាក ពីក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង កិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននិងស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម នីតិវិធីច្បាប់ជាធរមាន៕SRP
ខេត្តព្រះវិហារ៖ទីតាំងកន្លែងភ្នាល់ល្បែងសុីសងមួយកន្លែងមាន ល្បែងជល់មាន់តាមonline ល្បែងប្រដាល់ និងល្បែងផ្សេងៗទៀត ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានកម្លាំងអាវុធហត្ថខេត្តចុះបង្ក្រាប។
ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃសៅរ៍ ទី ១០ ខែមេសា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ។
លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តបានប្រាប់អ្នកសារព័ត៌មានថា ករណីនេះដោយសារពួកគាត់មិនគោរពតាមវិធានកាណ៍របស់ក្រសួងសុខាភិបាល ដែលរដ្ឋាភិបាលកំពុងតែមមាញញឹកនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ លោកត្រូវតែពង្រឹងច្បាប់អោយទាល់តែបាន ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង។
សូមជម្រាបដាក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១០នាក់ ម៉ូតូ៣០គ្រឿង ឡាន៣គ្រឿង ទូរទស្សន៍២គ្រឿង នឹងសម្ភារភ្នាល់មួយចំនួនផងដែរ។ចំណែក មនុស្សចំនួនប្រហែល៥០នាក់ទៀតបានគេចខ្លួនបាត់ក្នុងការបង្រ្កាបនេះ។ ចំពោះករណីសមត្ថកិច្ចថាកសាងសំណុំរឿង បញ្ជូនទៅតុលាការធ្វើតាមនីតិវិធីច្បាប់៕SRP
ភ្នំពេញ៖ក្រសួងព័ត៌មាន បានសម្រេចលុប អាជ្ញាប័ណ្ណរបស់សារព័ត៌មាន K01 ធីវីអនឡាញ របស់លោក ឃឿន សុឡា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខាដោយ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងនៅថ្ងៃទី ១០ខែមេសានេះ៕SRP

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ព្រឹកមិញនេះ បានអញ្ជើញថ្លែងសារពិសេសទាក់ទង នឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា។
នាយករដ្ឋមន្ត្រី បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ពេលនេះ គ្មានការថមថយទេ ប៉ុន្តែបែរជាកាន់តែធ្ងន់លើសមុន បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរឹងក្តី ក៏ប៉ុន្តែដោយសារជំងឺនេះ មកដល់លឿនពេក ដែលហៅថា ជំងឺបំប្លែងភេទ ហើយនឹងការអភិបាលកិច្ច នៅតំបន់មួយចំនួនមិនត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់ ដែលធ្វើឲ្យចំនួនកើនឡើង។
សម្តេចតេជោ បានថ្លែងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។
នៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖
១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក។
២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។
៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។
៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ។
៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។
នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។
សម្តេចតេជោ មានប្រសាសន៍ទៀតថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោមៈ
១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។
៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕SRP
ខេត្តកំពង់ចាម៖សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាង១ពាន់នាក់បានស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំង(ស៊ីណូរ៉ាក់) ក្នុងជំហានទី១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ព្ព្រឹកមិញនេះ ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពី លោកចាន់ លំផាត់ សមាជិកអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា លោកគីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល។
លោក អ៊ុន ចាន់ដា បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងជំហានទី១នេះ នៅទូទាំងខេត្តកំពង់ចាម មានចំនួន១២៨៨នាក់ ហើយត្រូវចាក់ជូនអ្នកស្ម័គ្រចិត្ត ជំហានទី២ ជាបន្តបន្ទាប់ទៀត ព្រោះវាមានសារៈសំខាន់ណាស់ សម្រាប់ការពារសុខភាព ដោយមិនឲ្យជំងឺកូវីដវាយលុកចូលក្នុងខ្លួនប្រាណយើងបានឡេីយ។
អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដេីម្បីការពារអាយុជីវិតខ្លួនឯង ដោយជំងឺដ៏កាចសាហាវនេះ វាអាចផ្តេីមចេញពីខ្លួនយេីងម្នាក់ៗ ហេីយក៏ធ្វើឲ្យប៉ះពាល់ដល់អ្នកដ៏ទៃទៀតផង។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឲ្យមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងនេះឡេីយ ព្រោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម សរុបជាង២ម៉ឺននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនមានបញ្ហាប៉ះពាល់ដល់សុខភាពអ្វីឡើយ តែផ្ទុយទៅវិញវាអាចការពារអាយុជីវិតយើង ឲ្យចាកផុតពីការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។
លោកឯម កុសល ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជខេត្តកំពង់ចាម បានឲ្យដឹងថា ចំពោះសមាជិកសមាគមអតីតយុទ្ធជន ដែលបានស្មគ្រ័ចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានទី១ សរុបចំនួន១២៨៨នាក់ រួមមាន៖ ក្រុងកំពង់ចាម ចំនួន១៨៥នាក់ និងស្រុកកំពង់សៀម ចំនួន១៩៥នាក់ ដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅ មន្ទីរពេទ្យខេត្តកំពង់ចាម។ ដោយឡែកស្រុកព្រៃឈរមានចំនួន១៧៣នាក់, ស្រុកជើងព្រៃ ១៣០នាក់, ស្រុកបាធាយ ១៨៦នាក់, ស្រុកចំការលើ ១១១នាក់ , ស្រុកស្ទឹងត្រង់ ៧៣នាក់ , ស្រុកកោះសូទិន ៦៦នាក់, ស្រុក កងមាស ១០៣នាក់ និងស្រុកស្រីសន្ធរ ៦៦នាក់ ដោយត្រូវចាក់នៅមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ៕SRP
ខេត្តសៀមរាប៖យើងខ្ញុំទាំងអស់គ្នា នាយកនាយករង នាយទាហាននាយទាហានរង និងពលទាហាន សាលាការពារអាកាស សូមគោរពជូនពរ ឧត្តមសេនីយ៍ត្រីជូន សារ៉េត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕SRP
ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៩ ខែមេសា ម្សិលមិញបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។
ក្នុងពេលចុះពិនិត្យនេះ អភិបាលខេត្ត បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែរ អភិបាលខេត្ត ក៏បានបន្តអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍។
ក្នុងដំណើរការចុះត្រួតពិនិត្យនេះ លោក ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលការណ៍ នានារបស់រាជរដ្ឋាភិបាល បទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។ ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក៕SRP
ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈបើកម៉ូតូឌុបគ្នាទៅបុករថយន្តធំពីក្រោយដែលបានចតស្ងៀម។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៩មេសា២០២១ រវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ត្រង់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគី ម៉ូតូម៉ាកហុងដាសេរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ៥០ឆ្នាំរស់នៅភូមិ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់មមួកសុវត្ថិភាព (ស្លាប់) អ្នកជិះជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង មិនពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុករថយន្តធំគ្រឿងពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ខាងក្រោយ ព្រះសីហនុ ៤A-១៥៥៨ ខាងមុខ ភ្នំពេញ 3C.2940 ដឹកឥដ្ឋ ឈប់នៅផ្លូវខាងស្តាំបែក្បាលទៅទិសខាងលិច អ្នកបើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបន្តថាករណីនេះរងការខូចខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ មានល្បឿនលឿន។រថយន្តធុនធំបើកមកឈប់នៅលើផ្លូវថ្នល់។
សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP
ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ទុករថយន្ត១គ្រឿងម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន «អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស»។
យោងតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ពីឈ្មោះទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែង«ទំហំ៦៧៨៨ម៉ែតក្រឡា» មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយរួចហើយ ឈ្មោះផូ ស៊ីផា មិនដឹងថាយកប្រាក់ទាំងនោះទៅធ្វើអ្វីនោះទេ ដោយបុគ្គលឈ្មោះផូ ស៊ីផា មិនបានសងប្រាក់មកម្ចាស់បំណុលវិញតាមការកំណត់ឡើយ។ បន្ទាប់ពីមានករណីបែបទើបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទូស សាភឿន បានប្តឹងឈ្មោះផូ ស៊ីផា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៥ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតុលាការខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត។
យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប យល់ឃើញថាឈ្មោះ ផូ ស៊ីផា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តនិងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ ក្នុងនោះឈ្មោះផូ ស៊ីផា បានយកដីដែលខ្លួនបានបញ្ចាំ ទៅពុះឡូតិ៍លក់ ដោយសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ ដែលមានអតិថិជនថ្មីបានទិញដីឡូតិ៍ពីឈ្មោះ ផូ ស៊ីផា ប្រាកដមែន។ ជាមួយគ្នានេះដែរក៏មានដីកាបង្គាប់ឲ្យឈ្មោះផូ ស៊ីផា ចូលខ្លួនទៅបំភ្លឺជាលើកទី២ផងដែរ។
ពាក់ព័ន្ធករណីចោទប្រកាន់នេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»មិនអាចទាក់ទងលោកឈ្មោះផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេ នាយប់ថ្ងៃទី០៩ខែមេសានេះ៕SRP


