ខេត្តសៀមរាប៖ថ្លែងក្នុងឱកាសពិធីដាំកូនឈើហូបផ្លែចំនួន ៨០០ដេីម នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនដើម្បីអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ឆ្នាំ២០២២ នៅរសៀលថ្ងៃអង្គារ ម្សិលមិញ លោក
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានមានប្រសាសន៍ថា៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មិនត្រឹមតែជាតំបន់ដែលមានជីវៈចម្រុះគ្រប់ប្រភេទនោះទេ ថែមទាំងជាទឹកដីពោរពេញដោយសម្បត្តិវប្បធម៌ អរិយធម៌ពីបុរាណផងដែរ។ ដូច្នេះ យើង នឹងធ្វើឱ្យឧទ្យានជាតិ មួយនេះឱ្យក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដាំដំណាំកសិកម្ម និងការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ពីព្រោះថា កាលណាជីវភាពក្នុងសហគមន៍រីកចម្រើន ពួកគាត់មានការងារធ្វើ មានប្រាក់ចំណូល នោះពួកគាត់ក៏លែងចូលព្រៃកាប់ឈើ ទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ។
លោក សាយ សំអាល់ ថា៖ជាក់ស្តែងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” យើងបានបង្កើតស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរ សម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ក្រៅពីទទួលប្រាក់ចំណូល ពីអនុផលព្រៃឈើ និងបានជំរុញឱ្យពួកគាត់ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការផ្សេងៗរួមផ្សំ ដើម្បីបង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិដែលពួកគាត់រស់នៅផងដែរ។
រដ្ឋមន្ត្រីបរិស្ថាន បានបន្ថែមថា៖ ការដើរកម្សាន្ត របស់ភ្ញៀវទេសចរគ្រប់ទីកន្លែងក្នុងប្រទេស ក៏ដូចជា ការអភិវឌ្ឍសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រកបានមកដោយកម្រ ហេតុនេះក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល និងអ្នកជំនាន់ក្រោយទាំងអស់ ត្រូវតែថែរក្សាសុខសន្តិភាព ដែលយើងកំពុងមាននេះ បន្តទៅមុខទៀត ដើម្បីបន្តការអភិវឌ្ឍ រីកចម្រើននៃប្រទេសជាតិយើង៕SRP



ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខ ទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។