ខេត្តកំពង់ចាម៖លោក ខៀវ កាញារីទ្ធ បានលើកឡើងថាត្រូវចងចាំ នូវអនុសាសន៍សម្ដេច ហ៊ុន សែន អំពីគោលការណ៍អាត់ ៣ បូក ១ គឺមេឃុំ ស្មៀន មេប៉ុស្ដ៍នគរបាល បូក ប្រធានមណ្ឌលសុខភាព ដែលជាអ្នកមានតូនាទីសំខាន់ ដើម្បី ទទួលបានការគាំទ្រ គោរពស្រលាញ់ និងផ្តល់ការជឿទុកចិត្តពី ប្រជាពលរដ្ឋ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន ក៏បានក្រេីនរំលឹកដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សូមរក្សាសាមគ្គីផ្ទៃក្នុង ហើយដើម្បីឲ្យមានសាមគ្គីភាព គឺត្រូវមានតម្លាភាព និងយុត្តិធម៌ក្នុងអង្គភាព។
លោកថ្លែងបែបនេះក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ អគារស្នាក់ការបំពេញការងារថ្មី ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ខៀវ កាញារីទ្ធ ក៏បានសំដែងនូវការវាយតំលៃខ្ពស់ ចំពោះអស់ថ្នាក់ដឹកនាំមន្រ្តី និងថ្នាក់ដឹកនាំទូទាំង ឃុំមហាខ្ញូង ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ច បានយ៉ាងល្អប្រសើរ និងបានជម្រុញ លើកទឹកចិត្ត ឲ្យបន្តប្រឹងប្រែងបំពេញការងារ ជូនប្រជាជន បានតែល្អ និងរួមគ្នាអភិវឌ្ឍន៍ មូលដ្ឋានភូមិ ឃុំ កាន់តែរីកចំរើន ហើយអ្វីដែលសំខាន់គឺភូមិ ឃុំមាន សុវត្ថិភាពផងដែរ។
លោក ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់នូវថវិកា ១លានរៀល ដល់ស្រុកកោះសូទិន ឃុំ មហាខ្ញូង ៥០ម៉ឺនរៀល នគរបាល អាវុធហត្ថ និងយោធាស្រុក សរុប ៦០ម៉ឺនរៀល បងប្អូនប្រជាពលរដ្ឋចូលរួម ម្នាក់ៗ ១ម៉ឺនរៀល។
គួរបញ្ជាក់ដែរថា អគារថ្មីដែលត្រូវធ្វើការសាងសង់ នាឱកាសនេះ គ្រោងចំណាយថវិកាប្រមាណជាង ៥ម៉ឺនដុល្លារ ដែលរួមមាន អគារប្រជុំទំហំ 7 មx16 ម សង់ពីបេតុងអាមេ មានកម្ពស់មួយជាន់ ប្រក់ដំបូលក្បឿងជ័រ។ ក្នុងនោះក៏មានបន្ទប់ទឹក សង់ផ្ទាល់ដី ដំបូលប្រក់ក្បឿងជ័រ ធ្វើពីបេតុងអាមេ និងមានរបងព័ទ្ធជុំវិញ ផងដែរ។ តាមផែនការសំណង់អគារថ្មីនេះ គ្រោងហើយរួចរាល់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។
លោក ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសនៃសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបសំណេះសំណាល និងចែកជូននូវអំណោយដល់កុមារកំព្រា អាយុក្រោម ១៣ឆ្នាំចុះ នៅក្នុងឃុំព្រែកតានង់ ខេត្តកំពង់ចាម ផងដែរ៕SRP