ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅ
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយ ករណីពលរដ្ឋ ការបិទផ្លូវពីស្រុកអង្គរធំ ទៅស្រុកអង្គរជុំ
តាមបណ្តោយផ្លូវ2SR2 នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរធំ។
អាជ្ញាធរស្រុកអង្គរធំបានឲ្យដឹងថា កិច្ចប្រជុំនេះ បានឯកភាពគ្នា មាន៧ ចំណុច។
1.ក្រុមហ៊ុន ត្រូវស្រោចទឹកផ្លូវ ជូនប្រជាពលរដ្ឋក្នុង ១ថ្ងៃ ៣ដង ចាប់ពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ នេះតទៅ។
2.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាអំពីការដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ។
3.អធិការដ្ឋាននគរបាលស្រុកអង្គរធំ ត្រូវធ្វើការពិនិត្យមើល ចាប់ល្បឿនការបើកបរ និងត្រួតពិនិត្យ រកសារធាតុញៀន លើអ្នកបើកបរ ដោយសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត។
4.មន្ទីរបរិស្ថានខេត្ត ត្រូវចុះពិនិត្យការផាកពិន័យលើរថយន្តដែលពុំបានគ្របទ្រុងត្រឹមត្រូវ។
5.មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះពិនិត្យលើទីតាំងធ្វើអាជីវកម្ម លើអាជ្ញាប័ណ្ណដែលហួសសុពលភាព ត្រូវចាត់វិធានការតាមផ្លូវច្បាប់។
6.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យសិក្សាលើការជួសជុលផ្លូវនេះ។
7.រដ្ឋបាលស្រុកអង្គរធំ និងស្រុកអង្គរជុំ ត្រូវពិនិត្យ និងតាមដានលើការអនុវត្តនរបស់ក្រុមហ៊ុន តាមកិច្ចសន្យា។
8.សូមក្រុមហ៊ុនធ្វើអាជីវកម្ម ថ្ម ជួយជួសជុល កន្លែង ដែលមានក្រឡុកធំៗ តាមដងផ្លូវ និងសហការ ក្នុងការផ្ទុកថ្ម តាមទម្ងន់រថយន្ត(មិនអោយលើទម្ងន់កំណត់នៃរថយន្ត)៕SRP