ខេត្តសៀមរាប៖ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានបន្តគម្រោងទីក្រុងឆ្លាតវៃដល់ខេត្តសៀមរាបជំហាន២ មានរយៈពេល ៣ឆ្នាំ ដែលនឹងចាប់ផ្តើមពីខែសីហា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេស Jica ខេត្តសៀមរាប ដែលបានជួយសម្របសម្រួល គាំទ្របច្ចេកទេស និងរៀបចំឱ្យទីក្រុងឆ្លាតវៃជំហាន១ បានជោគជ័យតាមការគ្រោងទុក។
លលោកអភិបាលរងខេត្តបានបន្តថា រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារបច្ចេកទេស Jica នឹងបន្តសហការក្នុងការសម្របសម្រួលរៀបចំ និងគាំទ្រគម្រោងទីក្រុងឆ្លាតវៃជំហាន២នេះឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោកអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធិចុះហត្ថលេខាលើកំណត់ហេតុនៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ជំហាន២
បន្ទាប់ពីភាគីទាំងពីបានប្រជុំពិភាក្សាគ្នាជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលសម្រាប់កែសម្រួល និងរៀបចំផែនការសម្រាប់អនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប ជំហាន២រូចមក។
សូមជម្រាបថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តបានរៀបចំពិធីហត្ថលេខាលើកំណត់ហេតុ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន២ រវាងរដ្ឋបាលខេត្តដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ជាមួយភាគីជប៉ុន ចៃការ (Jica) ដឹកនាំដោយលោក អាបេ ម៉ាសានូរិ(ABE Masanori) ប្រធានក្រុមការងារអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃភ្នាក់ងារចៃការ (Jica)៕SRP

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងជម្រុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់លើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទាំង៣៨ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ខេត្ត សៀមរាប ក្នុងការបម្រើដល់វិស័យទេសចរណ៍ ដែលបច្ចុប្បន្ននេះភ្ញៀវទេសចរណ៍បានកំពុងមានការកើនឡើងវិញផងដែររ។
ពិធីនេះនៅសាលសន្និសីទសុខាសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន៥គឺ៖ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) សំដៅការពារ ថែរក្សា ពួនជ្រំសមិទ្ធផលជាតិ ជម្រុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឲ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់៕SRP