ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្នុង និងក្រៅប្រទេសចំនួន៨២នាក់ នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ ប្រកបដោយជោគជ័យ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយបានធ្វើការពិនិត្យជាប្រចាំទៅលើសុខភាពរបស់បងប្អូន ឃើញថាមានសុខភាពល្អធម្មតា ព្រមទាំងកំដៅក្នុងខ្លួនរបស់បងប្អូនគឺល្អ មិនមានករណីណាមួយកើតឡើង គួឲ្យព្រួយបារម្ភឡើយ។
លោកស្រី ម៉ននី រងី្ស អភិបាលស្រុកក្រឡាញ់នៅព្រឹកមិញបានចុះជួបសំណេះសំណាល ធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ដាក់ឲ្យដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ប្រកបដោយជោគជ័យ និងត្រូវបានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសាររបស់ខ្លួន។ លោកស្រី ម៉ននី រងី្ស បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅ ប្រទេសទូទាំងស្រុកក្រឡាញ់ សរុប១២ពាន់៧៩នាក់ និង បានវិលមកវិញចាប់ពីថ្ងៃទី១០ មីនា មកដល់បច្ចុប្បន្នមានចំនួន២ពាន់៩៣៦នាក់ ក្នុងនោះអ្នកដែលបានចូលមកមណ្ឌលធ្វើចត្តាឡីស័ក នៃវិទ្យាល័យ ក្រឡាញ់មានចំនួន ២២០នាក់ និងនៅតែបន្តចូលមកជាបន្ត បន្ទាប់ ហើយបងប្អូនដែលបានអនុវត្ត ត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយ:ពេល១៤ មានចំនួន ១១១នាក់ ដោយបានវិលទៅកាន់ភូមិដ្ឋានទាំងពីរលើកក្នុងថ្ងៃនេះ ។ លោកស្រីបន្តថា ក្នុងនាមអាជ្ញាធរស្រុក បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ការណែនាំរបស់ក្រសួងសុខាភិបាល។ លោកស្រីក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់បងប្អូនទាំងអស់ គឺត្រូវបន្តទៅទៀតក្នុងការធ្វើអនាម័យឲ្យបានជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ចៀសវាងការឆ្លងជម្ងឺកូវីដ១៩ ។
ម៉្យាងទៀត ការដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយៈពេល១៤ថ្ងៃនេះ មិន មែនជាការរើសអើងចំពោះបងប្អូនឡើយ គឺជាវិធានការដ៏ល្អ របស់ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការពារកុំឲ្យមានការរីករាតត្បាតនៅក្នុងសហគមន៍ បើសិននៅក្នុងចំណោមបងប្អូន ដែលមានអ្នកណាម្នាក់បានឆ្លងជម្ងឺកូវិដ ១៩ ពីក្រៅប្រទេសនោះ នឹងធ្វើឲ្យក្នុងសហគមន៍មូលដ្ឋានខ្លួនទទួលរងគ្រោះជាក់ជាមិនខាន។ លោកស្រីអភិបាលស្រុក ក៏បានធ្វើការរំលឹកដល់បងប្អូន ត្រូវតែបន្តការតាម ដាននូវសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ បើសិនមានបញ្ហាសុខភាព ត្រូវប្រញាប់ធ្វើការទំនាក់ទំនង ផ្តល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឬ ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ១១៥ ផងដែរ ។ លោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ នៅពេលមានបងប្អូននៅក្នុង មូលដ្ឋានខ្លួន ដែលបានវិលពីក្រៅប្រទេស ហើយមិនបានចូលមកធ្វើចត្តាឡីស័ក គឺត្រូវរាយការណ៍មកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនិង ជម្ងឺឆ្លងកូវីដ១៩ស្រុក ដើមី្បនាំពួកគាត់មកធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕SRP
