Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៥

ខេត្តពោធិ៍សាត់៖សកម្មភាពរថយន្តខ្នាតធំដូចយក្យដែលដឹកជញ្ជូនអនុផលព្រៃឈើទ្រង់ទ្រាយធំចេញពីក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាប។

ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងជាង ១២ យប់ ឈានចូលថ្ងៃអង្គារ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុច រង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយមន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ និងអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ ដោយអនុវត្តតាមបទបញ្ជារបស់លោក កូយ កាន់យ៉ា, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបានដឹកឈឺចេញពីតំបន់ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 3168 និងរថយន្តសណ្ដោង ម៉ាក យីឌុប ភ្លៅ ០៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 3926 ដែលមានផ្ទុកផលអនុផលព្រៃឈើចំនួន ៨២.៨០ ស្ទែ។

ប្រភពបន្ថែមថា ការបង្រ្កាបរថយន្តនេះ គឺដោយសារតែការផ្ទុកផលអនុផលព្រៃឈើ (អុសចម្រុះ) លើសចំនួន និង លើសពេលវេលា ហើយរថយន្តដែលរងការបង្ក្រាបនេះត្រូវបានគេលួចបង្ហើប្រាប់ថា អាចជារបស់លោក សៅរ ម៉ាច ថាជាអ្នកប្រមូលផលអនុផលព្រៃឈើស្ថិតនៅក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៥

រដ្ឋមន្រ្តីបរិស្ថានអ៊ាង សុផល្លែត បញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិន បញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាឱ្យ ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបញ្ឈប់បង្ហូរសំណល់រាវមិនត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ចូលទៅតំបន់ទឹកសាធារណៈ និងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈ។

បទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តប៉ៃលិន សហការជាមួយអាជញញាធរពាក់ព័ន្ធ បានរកឃើញ រោងចក្រកែច្នៃដំណាប់ស្វាយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពលូទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅក្បែរតំបន់រោងចក្រនោះ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីបានថ្លែងថា ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាន៉ ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។

សូមបញ្ជាក់ថាតបតាមបទបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត និងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចកម្ពុជា ក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន បានកំពុងចុះដល់ទីតាំងផ្ទាល់ យកសំណាកទឹក នៅតាមទីតាំងមួយចំនួន និងអនុវត្តវិធានការច្បាប់ជាបន្ទាន់ ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ត្រង់មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការណ៍ទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធធានាគារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៥

ភ្នំពេញ៖ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ក្រោយថ្ងៃរំដោះ ៧ មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យ នៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះបានតស៊ូប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។ យើងត្រូវការពេលវេលា ជិត ២ ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។

មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល៕SRP
#អរគុណសន្តិភាព

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៥

“ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង។”

ខាងលើនេះ ជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “រយៈពេល ១៥ខែ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះទាំងបី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ មកឱ្យក្រសួងមុខងារសាធារណៈដឹកនាំ។ ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ។”

“និយាមនីតិប្រតិបត្តិ ដែលយើងបានអនុវត្តរយៈពេល ១៥ខែ ពិតណាស់មិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ ចង់ឃើញលទ្ធផល និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។ មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

ពាក់ព័ន្ធនឹងការប្រឡងប្រជែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំដល់សមាជិក សមាជិកានៃអង្គវិបស្សនាទាំងអស់ថា ពិតណាស់ ក្រុមការងារបានអនុវត្តកិច្ចការងារបច្ចេកទេសដោយឡែកៗ រៀងៗខ្លួន តែសូមក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់ និងការរុញការកែទម្រង់ក្នុងការពង្រឹងរដ្ឋបាលសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅឆ្នាំ២០២៨ និងការធ្វើដំណើរជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់ថ្ងៃអនាគត។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា “ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ពិតជាមានសារៈសំខាន់ តែក៏មិនមែនជាកិច្ចការងារតែមួយ របស់ក្រសួងមុខងារសាធារណៈទេ។” “ប្រាកដណាស់ ការប្រឡងប្រជែងនីមួយៗ គឺជាឱកាសឱ្យមន្ត្រីរបស់យើង ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល ប៉ុន្តែកិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន ដូច្នេះក្រសួងត្រូវបែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀត។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មីនា ២០២៥

ខេត្តសៀមរាប៖ក្មេងប្រុសជិះកង់ម្នាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅជួយសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង នៅម៉ោង៤រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចខាងជេីងសកលវិទ្យាល័យវណ្ណ ដា ២០០ម៉ែត្រ ស្ថិតនៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប លេីផ្លូវបេតុង។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងកង់២គ្រឿង (ស្របទិសគ្នា) ដោយម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាក Honda wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1X-2394 អ្នកបេីកបរឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ កំណើតរស់នៅភូមិសាមគ្គី៦ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងថៅកែក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីជេីងទៅត្បូង បុកដៃចង្កូតកង់មួយគ្រឿង ពណ៌ទឹកប្រាក់ អ្នកជិះឈ្មោះ ចេក ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប ជិះទិសដៅពីជេីងទៅត្បូង បន្ទាប់មកកង់ខាងលើ រ៉េចង្កូតទៅបុកកង់ មួយគ្រឿង ពណ៌ខ្មៅទៀត ដែលជិះទន្ទឹមគ្នានៅខាងស្តាំ ជិះដោយឈ្មោះ ជា និរោធរង្សី ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប ជិះទិសដៅពីជេីងទៅត្បូង។

ករណីនេះបណ្តាលឲ្យស្លាប់មនុស្សឈ្មោះ ចេក ចិន្តាអ្នកជិះកង់ពណ៌ទឹកប្រាក់ (ពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា)។ របួសមនុស្សស្រាល ឈ្មោះជា និរោធរង្សី អ្នកជិះកង់ពណ៌ខ្មៅ។ ខូចខាតកង់ស្រាល ០២គ្រឿង និង ម៉ូតូសណ្តោងរ៉ឺម៉ក មិនមានការខូចខាត។ មូលហេតុ:ម៉ូតូសណ្តោងរ៉ឺម៉កបើកបរ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីមានកើតហេតុជំនាញនគរបាលចរាចរណ៍បាននាំយកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ទៅសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ឯវត្ថុតាងបានបញ្ជូនមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ​២០២៥បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព និងពន្លឿន នៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។

បើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា  បានបញ្ជាក់ថា ការជួសជុលកែលម្អសួនច្បារខាងលើនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងការយកចេញនូវដើមឈើមួយប្រភេទដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់។

អភិបាលខេត្តបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្ត  និងដើរហាត់ប្រាណជាដើម។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះ សម្ភារៈដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អ, ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណ៨៥ ភាគរយហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៥

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា សំណង់ទ្វារទឹកព្រែកតាយី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ មានលទ្ធភាពស្តុកទឹកប្រមាណជាង ៤០ម៉ឺន ម៉ែត្រគូប សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផល សំណង់នេះនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ មីនា ២០២៥ ឆាប់ៗខាងមុខនេះ។

លោកថ្លែងបែបនេះខណៈរួមដំណើរជាមួយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ចុះពិនិត្យទីតាំងសាងសង់សំណង់ ទ្វារទឹកព្រែកតាយី នៅក្រោយសាលាឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សំណង់ទ្វារទឹកព្រែកតាយីនេះ មាន លិទ្ធភាពស្តុកទឹក ដើម្បីធ្វើការស្រោចស្រពបន្ថែមលេីដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជូនប្រជាពលរដ្ឋ ៤ភូមិ ក្នុងឃុំពាមកោះស្នា មានចំនួន ១.៦៤៥គ្រួសារ ក្នុងនោះ​ ដំណាំស្រូវប្រាំងចំនួន ៤៣៤ហិកតា និងដំណាំរួមផ្សំចំនួន ១២ហិកតា ម៉្យាងវិញទៀត ជាមធ្យោបាយ ធ្វើដំណើរ ភ្ជាប់ពីមូលដ្ឋាន មកទីប្រជុំជន និងដឹកជញ្ជូនកសិផលកសិកម្ម យកទៅទីផ្សារបានយ៉ាងប្រសើរទៀតផង។

អភិបាលខេត្តបានឱ្យដឹងទៀតថា បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកនេះរួច លទ្ធផលដំបូង ដែលប្រជាពលរដ្ឋទទួលបាន គឺការការពារធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន មានទឹក គ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើការងារបង្កបង្កើនផលកសិកម្មនៅដើមរដូវ និងចុងរដូវ បង្កើនរដូវ ដាំដុះដំណាំកសិកម្ម កំណើនទិន្នផលកសិកម្ម បង្កើនការចិញ្ចឹមសត្វ បង្កើនមុខរបរលក់ដូរក្នុងតំបន់ កសិករដែលស្ថិតនៅក្នុងតំបន់អនុវត្តតម្រោងទទួលបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រសើរ ជាងមុន ហើយក៏ជាកន្លែងសម្រាប់កំសាន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៥

ឯកឧត្តម ប៉ែន បូណា៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។

ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត។

ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយដែលចាស់តែអាយុតែខ្វះភាពចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់កំណើតឡើយ។ ក្រោយពីបានភ្ជាប់ខ្លួនជាមួយចលនាបដិវត្តន៍ពណ៌ដែលកើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បានភ្ជាប់ខ្លួនទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍ពណ៌នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះនៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃគ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែលទទួលផលប្រយោជន៍អ្វីសោះពីព្រឹត្តិការណ៍ទាំងនោះក្រៅពីការខកចិត្ត ទោះបីជាគាត់ខំហក់លោតតោងកន្ទុយក្បិនគេឡើងវិលក្បុងដូចស្វាលេងប៉ាហ៊ីក៏ដោយ។

ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោងព្រឹត្តិការណ៍នោះជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសាដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះនឹងកើតឡើងចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា។

ប៉ុន្តែ បុគ្គលជ្រុលនិយមដែលខួរក្បាលដិតដាមដោយភាពខ្មៅងងឹតឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹកនាំដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជានិងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់ឆ្អឹងមកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកកកស្ទះចរាចរណ៍គ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។ អង្គការសហប្រជាជាតិក៏ទើបតែអនុម័តឱ្យកម្ពុជាចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹតល្ងង់របស់ខ្លួននោះឡើយ។

ដោយសារតែភាពងងឹតងងុលជ្រុលនិយមនេះហើយទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់នៅកម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះកាន់តែឯកោអស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំបរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះហើយដែលហៅថា អ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសារតែរត់តោងកន្ទុយក្បិនគេ ដោយសារគ្មានគំនិតខ្លួនឯងជាទីពឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៥

ខេត្តសៀមរាប៖លោកអែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប ក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ ដែលជាសាសនិកទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើងនោះទេ ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។

លោកមានប្រសាសន៍អរគុណបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាស ដឹកនាំសហការីដែលជាក្រុមការងារសាសនិកឥស្លាម បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន  ជូនដល់សាសនិកឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន៥៥គ្រួសារ នៅភូមិលេខ៥សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

លោកអែល សៀត បានមានប្រសាសន៍ថាកញ្ចប់អាហារស្រាយបួសដែលយកមកជូនសាសនិកឥស្លាមដែលមានជីវភាពក្រីក្រនេះគឺទទួលបានការឧបត្ថម្ភ ពីមិត្តភ័ក្តិសប្បុរសជននៃប្រទេសម៉ាឡេស៊ីដែលផ្តល់តាមរយៈ លោកផ្ទាល់។

លោកបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់សាសនិកក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមសាសនិកឥស្លាមដូចគ្នា។

លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ជារៀងរាល់ឆ្នាំ សប្បុរសជននៃប្រទេសម៉ាឡេស៊ីតែងតែផ្តល់ជំនួយកញ្ចប់អាហារដល់សហគមន៍ឥស្លាមខេត្តសៀមរាប ដើម្បីចែករំលែកដល់សាសនិកដែលមា ជីវភាពខ្វះខាតផងដែរ។

ក្នុងនាមសាសនិកឥស្លាមខេត្តសៀមរាប លោក អែល សៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភ័ក្តិដែលជាសប្បុរសជន នៃប្រទេសម៉ាឡេស៊ីដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់សាសនិកឥស្លាម ក្នុងខេត្តសៀមរាប។

លោកបន្តថានេះ គឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាម និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៥

កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដោយយកការបោះឆ្នោត ជាយន្តការសម្រេចក្នុងការជ្រើសរើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើន ជាអ្នកឈ្នះនិងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។

ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេចគឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិច ក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើ មតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើន អាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះ មិនសមហេតុផលឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។

នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយម ហាក់ដូចជាកំពុងវង្វេង នៅលើវិថីប្រជាធិបតេយ្យ នេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោត តែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីដំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូច ដែលពេលខ្លះមិនដល់១%ផងឱ្យធ្វើបាតុកម្ម ហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះ តែងយករឿងអវិជ្ជមានតិចតួច ដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋាន ក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។

ដូច្នេះ ដើម្បីពង្រឹងប្រជាធិបតេយ្យ នៅកម្ពុជា ជម្រើសមានតែមួយគត់ គឺការប្រើប្រាស់យន្តការបោះឆ្នោត ដោយគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋភាគច្រើន និងគោរពច្បាប់កម្ពុជា។ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលទទួលសំឡេងគាំទ្រភាគច្រើនលើសលប់ពីប្រជាពលរដ្ឋមានការទទួលខុសត្រូវខ្ពស់និងក៏មានគោលនយោបាយដែលត្រូវអនុវត្តតាមសន្យាជាមួយម្ចាស់ឆ្នោតដែរដោយមិនអនុញ្ញាតឱ្យក្រុមណាមួយ មកបង្កភាពវឹកវរក្នុងសង្គមតាមទំនើងចិត្តបានឡើយ។

ដូច្នេះ សូមអ្នកវង្វេងប្រជាធិបតេយ្យ ទាំងឡាយយល់ឱ្យច្បាស់ និងគួរតែប្រញាប់កែខ្លួនជាបន្ទាន់ពោលគឺកែរបៀបធ្វើការឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ បើមិនដូច្នោះទេ ត្រូវកែឈ្មោះដោយមិនត្រូវតាំងខ្លួនជា «អ្នកប្រជាធិបតេយ្យ» ទៀតទេ ពីព្រោះអំពើរបស់អ្នកមិនឆ្លុះបញ្ចាំងពីគោលការណ៍ប្រជាធិបតេយ្យឡើយ តែវាគឺជាការបំផ្លាញប្រជាធិបតេយ្យទៅវិញទេ៕SRP អត្ថបទរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៥

នៅឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ នៅថ្ងៃអង្គារម្សិលមិញភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្ម រវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាព ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

ក្នុងជំនួបប្រកបដោយភាពស្និទស្នាល នេះភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែនជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញផងដែរ។

នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ជាប់ទៅនឹងខេត្តចំនួន៣ របស់ប្រទេសថៃរួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។

តាមរយៈអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ឯកឧត្តម សុខ លូ ស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ណារុត សូន្ថរោត្តម ក៏បានស្នើដល់ ឯកឧត្តម សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។

ឯកឧត្តម ណារុត សូន្ថរោត្តម មើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៥

ធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីប្រកាសផ្ទេរ និងតែងតាំង នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ពិធីនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី។

ក្នុងពិធីនេះ លោកជំទាវទេសាភិបាល មានប្រសាសន៍ថា ការកែសម្រួលភារកិច្ចនេះធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការរបស់ស្ថាប័ន តាមរយៈការនាំមកនូវជំនាញ និងបទពិសោធន៍ថ្មីបន្ថែមទៀត ដើម្បីបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខាឱ្យប្រព្រឹត្តទៅបានរលូននិងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ លោកជំទាវក៏បានយកឱកាសនេះណែនាំមន្ត្រី-បុគ្គលិកសាខាខេត្តរតនគិរី ឱ្យត្រៀមខ្លួនសហការក្នុងការធ្វើអង្កេតទំនុកចិត្តធុរកិច្ច (Business Confidence Survey) នៅខេត្តរតនគិរី ដើម្បីតាមដានស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។

បន្ថែមលើនេះ លោកជំទាវក៏បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមបង្កើនសកម្មភាពបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page45 Page46 Page47 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×