ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ ចំនួន០៥គ្រួសារនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ដែលបានមានការព្រួយបារម្ភ បាក់ស្រុតដី បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីថ្ងៃទី១៣ ម្សិលមិញបានទទួលអំណោយសង្គ្រោះបន្ទាន់ ពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោកអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថាការប្រេះដីខាងក្រោយផ្ទះបងប្អូនប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ គឺមិនបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទេ។
ដោយការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែហើយបានប្រទះទឹកភ្លៀង ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំឲ្យមានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយមន្ត្រីជំនាញធនធានទឹក បានធ្វើការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ចៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលាដូចនៅពេលនេះផងដែរ។
គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ ក្នុង០១គ្រួសារ ទទួលបានថវិកា៥០ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី០២កេះ ត្រីខ០២យួរ ទឹកស៊ីអ៊ីវ០២យួរ និងតង់០១៕SRP