Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៥

ភ្នំពេញ​៖​នៅទីបំផុតចារកម្មរុស្សី បានចាប់ខ្លួនអតីតឧកញ៉ា ហេង សិទ្ធី នៅព្រំដែនប្រទេសរុស្សី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។

យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥​ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសមោឃភាព លិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនផងដែរ។

សូមជម្រាបជូនថា​ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ​ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតា របស់ អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ដែរ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា​ ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ។

ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន៖ បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមអបអរនូវលទ្ធផលការងារល្អប្រសើរដែលខេត្តសម្រេចបាន ក្នុងនោះ ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើឱ្យបទល្មើសទូទៅមានការថយចុះ ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ បង្ករលក្ខណៈជូនពួកគាត់ ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃបានល្អប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះការបង្ក្រាបទប់ស្កាត់បទល្មើស ជារួមបើប្រៀបធៀបទៅនឹងបណ្ដាខេត្តផ្សេងៗ ឃើញថា ខេត្តកំពង់ចាមមានលទ្ធផលបង្ក្រាបខ្ពស់ ក្នុងចំណោមខេត្តដែលលេចធ្លោ។ ក្នុងនោះដែរ ចំពោះបទល្មើសគ្រឿងញៀន ក៏មានការបង្ក្រាបអប់រំដំណើរការបានល្អ និងចំពោះករណីក្មេងទំនើង ក៏បានចាត់ចែងទប់ស្កាត់បានល្អប្រសើរផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងផងដែរថា ចំពោះការអភិវឌ្ឍន៍ ចំពោះការរក្សាសមិទ្ធផល លើវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម បើទោះបីខេត្តកំពង់ចាមជួបនូវបញ្ហាគ្រោះធម្មជាតិខ្លះៗ ក៏ប៉ុន្តែដំណើរការជារួម លើកគ្រប់វិស័យខាងផ្នែកសេដ្ឋកិច្ច នៅតែដំណើរការបានល្អប្រសើរ។ ជាមួយគ្នានេះ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺដំណើរការបានយ៉ាងពេញលេញ ក្នុងការបម្រើសេវាសាធារណៈ គ្រប់គ្រងរដ្ឋបាលដែនដី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងចាត់ទុកខេត្តកំពង់ចាម ជាខេត្តគំរូទូទាំងប្រទេស ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋហើយទាំងស្រុងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ខេត្តស្វាយរៀង៖តំណាងពលរដ្ឋភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង លោក ស៊ឹម ចាន់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ពន្ធ័ ចុះធ្វើការត្រួតពិនិត្យ ក្រុមហ៊ុនសោភណ្ឌ័ធានីស្ថាបនាផ្លូវ ដើម្បីជំរុញដល់ក្រុមការងារស្ថាបនាផ្លូវ ធ្វើអោយបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែង។

តំណាងពលរដ្ឋបានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបបរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់ថវិកា តាមរយ:មូលនិធីឃុំ/សង្កាត់ប្រើប្រាស់សម្រាប់ឆ្នាំ២០២៤ ធ្វើការស្ថាបនាផ្លូវឆ្លងកាត់មូលដ្ឋាន ដាក់អោយពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះ កន្លងមកពុំមានផ្លូវប្រើប្រាស់ក្នុងការធ្វើដំណើរបានល្អនិងគេទេ។ តំណាងដ៏ដែលបានសុំណូមពរ ដល់ក្រុមការងារថា បើបានតែធ្វើផ្លូវហើយ សុំអោយក្រុមការងារធ្វើអោយបានត្រឹមត្រូវតាមបទដ្ឋាន កុំធ្វើអោយតែបាន ហើយខុសនិង គម្រោងដែលរដ្ឋបាលស្រុកនិងឃុំ ដាក់អោយដេញថ្លៃធ្វើ ដើម្បីបញ្ជៀស ការខាតបង់ថវិកាជាតិ ប្រើប្រាស់មិនបានយូរអង្វែង ខណៈដែលបច្ចុបន្បន្ននេះឃើញថាការស្ថាបនាខុសនិងគម្រោង ដែលលោកអភិបាលស្រុក បានធ្វើការប្រជុំផ្សព្វផ្សាយប្រាប់ថា ផ្លូវដែលស្ថាបនានេះ មានកម្រាស់មួយតឹកកន្លះ តែការងារស្ថាបនាមិនដូចតាមការណែនាំរបស់រដ្ឋបាលស្រុកនោះទេ។

ជុំវិញនិងការលើកឡើងរបស់តំណាងពលរដ្ឋស្នើដល់រដ្ឋបាលឃុំ/ស្រុក និងផ្នែកពាក់ព័ន្ធ ចុះពិនិត្យកែលំអរផ្លូវ លោក កុល ហ៊ុន មេឃុំត្រពាំងស្តៅ និងជាម្ចាស់គម្រោង បានចុះពិនិត្យនិងណែនាំដល់ក្រុមហ៊ុនរួចរាល់ហើយនៅថ្ងៃនោះដែរ។

ដោយឡែកតំណាងហ៊ុនស្ថាបនាផ្លូវ លោក គឹម សោភណ្ឌ័ ប្រធានក្រុមហ៊ុនស្ថាបនាផ្លូវ បានទទួលតាមការណែនាំរបស់ម្ចាស់គម្រោង ដោយធ្វើប្តេជ្ញាអនុវត្តគម្រោង ដែលក្រុមហ៊ុនធ្វើការដេញថ្លៃបាន ពីរដ្ឋបាលស្រុក និងឃុំ អោយបានល្អ តែបច្ចុប្បន្ន ការងារស្ថាបនាផ្លូវ របស់ក្រុមហ៊ុនធ្វើមិនទាន់ហើយ ដូច្នេះ ក្រុមហ៊ុនធានានិងស្ថាបនាផ្លូវអោយបានល្អស្អាតតាមគម្រោង សូមបងប្អូនកុំមានការព្រួយបារម្មណ៍។

សូមបញ្ជាក់ថាផ្លូវមួយខ្សែប្រវែង ២ពាន់ ៨០ម៉ែត្រ ទទឹងផ្លូវ ៥ម៉ែត្រកន្លះ ក្រាលគ្រួសក្រហមទទឹងផ្លូវ៥ម៉ែត្រ កម្រាស់មួយតឹកកកន្លះ ដាំស្មៅតាមជើងទេ នឹងដាក់ស្លាកសញ្ញាគម្រោង ដែលពលរដ្ឋមានការស្នើដល់រដ្ឋបាលស្រុក/ឃុំ ចុះពិនិត្យការងារស្ថាបនានោះ ស្ថិតនៅក្នុងភូមិត្រពាំងស្គន់ថ្មី និងភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃអង្គារទី 14 ខែមករា ឆ្នាំ 2025 នេះបានបង្ហឡសំណេរនិងរូបភាពរំលឹកពីអតីតកាលកាន់តំណែងជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖
ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភា
បោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធាន
ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅ
ថានាយករដ្ឋមន្ត្រី (១៤មករា១៩៨៥-១៤
មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញាឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។

មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំ
កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះមានរយៈពេល៤៦ឆ្នាំ ហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។

ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក
ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។

អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀង ជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២៥

ប្រធានមន្ទីរបរិស្ថានចំនួន ៤ ខេត្តជុំវិញព្រៃឡង់ បានរបូតតំណែង ក្នុងនោះប្រធានមន្ទីរបរិស្ថានខេត្តមួយចំនួនទៀតក៏ត្រូវបានផ្លាស់ប្ដូរផងដែរ។ នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលត្រូវបានចែកចាយជាសាធារណៈនៅព្រលប់ថ្ងៃចន្ទនេះ។

នេះបើតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកហ៊ុន ម៉ានី។

ខ-ស្នើសុំសម្រួលភារកិច្ចមន្ត្រីរាជការ ចំនួន ០៤នាក់ ពីប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន ដូចមានរាយនាមខាងក្រោម៖

១- លោក តុប កក្កដា ពីប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

២- លោក ឆាយ ខួងសាវុធ ពីប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

៣- លោក ស្រេង ជាហេង ពីប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន

៤- លោក សុង ច័ន្ទសុជាតិ ពីប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។

ខ្ញុំបាទសូមគោរពអនុញ្ញាតបញ្ជាក់ជូនថា ការស្នើសុំតែងតាំងប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ខាងលើ ជាការ ស្នើសុំតែងតាំងក្នុងមុខតំណែងដដែលឡើងវិញ ចំនួន ១៨នាក់ និងតែងតាំងក្នុងមុខតំណែងថ្មី ចំនួន ០៦នាក់ ជំនួសប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តក្រចេះ ដែលត្រូវបានសម្រួលភារកិច្ច ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន។ ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ត្រូវបានតែងតាំងឱ្យកាន់ មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ សាមីក្រសួងពុំទាន់បានស្នើសុំតែងតាំងថ្មីដោយត្រូវអនុវត្តតាម បែបបទនីតិវិធីនៃការតែងតាំងប្រធានមន្ទីរនៅពេលក្រោយ។

បន្ទាប់ពីបានពិនិត្យ ផ្ទៀងផ្ទាត់ឯកសារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរួចមក ក្រសួងមុខងារសាធារណៈ យល់ឃើញថា គួរឯកភាពតាមការស្នើសុំខាងលើ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ សម្រេច និងផ្តល់អនុសាសន៍ណែនាំ ដោយសេចក្ដីអនុគ្រោះបំផុត។

សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២៥

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាតដំបងថ្មី ជំនួសលោក សួស សុភ័ក្រ្ត ដែលត្រូវទទួលភារកិច្ចថ្មី ជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមជាអធិបតីពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការតាមបណ្ដាមន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរួមសហការគ្នាខិតខំបំពេញភារកិច្ចបម្រើរដ្ឋ និងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបងឱ្យកាន់រីកចម្រើនបន្ថែមទៀត។

លោកសុខ លូ បានបន្តថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ គឺជាការផ្លាស់ប្ដូរបទពិសោធន៍តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារនិងការដឹកនាំគ្រប់គ្រងសំដៅធ្វើឱ្យមានកំណែទម្រង់ក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង។

អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ក្នុងព្រឹត្តការណ៍ធំៗនានាព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ក៏ដោយ ក៏នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះដើម្បីគ្រប់គ្រងវិស័យព័ត៌មាន និងសោទស្សន៍ក្នុងខេត្តទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

នាកាសនោះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្ដាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មាន ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សារព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងសង្គម សម្រាប់ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង និងជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋ ទៅថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំ មកប្រជាពលរដ្ឋវិញអំពីហេតុការណ៍ ស្ថានភាពនៅតាមមូលដ្ឋាននានា សេចក្តីត្រូវការ និងការស្នើសុំជាដើម។ ដើម្បីឱ្យការងារទាំងនេះប្រព្រឹត្តទៅរលូន លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ប្រធានមន្ទីរព័ត៌មានថ្មីត្រូវរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុន និងមន្ទីរនានាជុំវិញខេត្តឱ្យបានល្អ។

លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានដែលទើបប្រកាសចូលកាន់មុខតំណែង បានប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមរដ្ឋធម្មនុញ្ញ, ប្តេជ្ញារួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ខិតខំគោរព និងអនុវត្តតាមបទបញ្ជា គោលការណ៍ណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងនិងរដ្ឋបាលខេត្ត , ប្តេជ្ញាប្រកាន់យកអភិក្រមបុរេសកម្ម ក្នុងការអនុវត្តការងារប្រកបដោយភាពផ្តួចផ្តើម និងច្នៃប្រឌិតស្របតាមបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយជាវិជ្ជមាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែទូលំទូលាយ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាម ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី បន្តពង្រឹងវិន័យ និងពង្រីកសាមគ្គីភាព សហប្រតិបត្តិការ ឯកភាពផ្ទៃក្នុងរបស់មន្ទីរព័ត៌មានខេត្តបាត់ដំបង ឱ្យកាន់តែមានភាពរឹងមាំជាធ្លុងមួយដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម, ប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ច របៀបរបបការងារ បែបបទនីតិវិធី សមត្ថកិច្ច និងលក្ខខណ្ឌការងាររបស់មន្ត្រី បុគ្គលិកសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារ, ប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តបាត់ដំបង ប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ ស្ថាប័ន អង្គភាពនានា និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការពង្រីកវិស័យព័ត៌មាន និងសោតទស្សន៍ និងប្រែក្លាយតួនាទី មន្ទីរព័ត៌មានឱ្យក្លាយជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

កម្ពុជាទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៤

– ក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០នាក់ និងករណីស្លាប់ ៩៩នាក់

– ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួន ១៨ ៩៨៧នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬថយ ៤៦% និងករណីស្លាប់ ៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣នាក់ ឬថយ ៥៤%។

បើប្រៀបធៀបនឹងចំនួនករណីជំងឺគ្រុនឈាមដែលបានព្យាករណ៍ដោយកម្មវិធីជាតិ ថាឆ្នាំ២០២៤ នេះជាឆ្នាំដែលអាចមានការរាតត្បាតជំងឺគ្រុនឈាមចំនួនប្រមាណ ៧៥ ០០០ករណីឈឺ មានន័យថា ឆ្នាំនេះបានកាត់បន្ថយ ករណីឈឺរហូតដល់ប្រមាណ ៥៦ ០០០នាក់ ស្មេីនឹងថយចុះប្រមាណជិត ៤ដងធៀបនឹងចំនួនព្យាករណ៍រាតត្បាត។

ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម ជាបទពិសោធន៍ចម្បងដែលចូលរួមចំណែកធ្វេីឱ្យទទួលបានជោគជ័យដ៏ធំ ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាដេីមអាណត្តិទី៧នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២៥

«មិត្តអ្នកអាន» លោក រ៉េន អាទិត្យសិលវតា៖ លោក សម រង្ស៊ី នៅពីក្រោយឃាតកម្មលោក លិម គឹមយ៉ា យ៉ាងច្បាស់ក្រឡែត!

លោកសម រង្ស៊ី នៅពីក្រោយឃាតកម្ម ឯកឧត្ដម លីម គីមយ៉ា យ៉ាងច្បាស់ក្រឡែត! យោងតាមមូលហេតុខាងក្រោម៖

១-លោក លីម គីមយ៉ា គឺជាសមាជិកអតីតគណបក្សប្រឆាំងដែលមាននិន្នាការជាមួយលោកកឹម សុខា មិនមែនសម រង្ស៊ី

២-លោក លីម គីមយ៉ា មិនសប្បាយចិត្តនឹងនយោបាយដឹកនាំបន្តរបស់ សម រង្ស៊ី រហូតដល់មានការបង្ហោះជាសាធារណៈពី សម រង្ស៊ី

៣-លោក សម រង្ស៊ី បារម្ភថានឹងបាត់បង់ប្រជាប្រិយភាពនយោបាយ និងគ្មានអង្គហេតុដើម្បីប្រឆាំងបន្ត

ដូច្នេះ លោក សម រង្ស៊ី បានសហការជាមួយនឹងគណបក្សប្រឆាំងនៅប្រទេសថៃ ដើម្បីបង្កើតព្រឹត្តិការណ៍នេះឱ្យផ្ទុះទាំងនយោបាយក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ធ្វើយ៉ាងណា៎គណបក្សដែលកំពុងកាន់អំណាចបាត់បងការគាំទ្រ ឬចោទប្រកាន់គណបក្សកាន់អំណាចនៅពីក្រោយ ការសម្លាប់នេះ។

នៅក្នុងប្រទេសថៃ ប្រធានបទដ៏ក្ដៅរបស់គេគឺ រដ្ឋាភិបាលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា បែរជាឪពុកជាអ្នកដោះស្រាយវិញ ចំណែកឯ ប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា ។

ដោយឡែក ក្នុងករណីនេះ លោកសម រង្ស៊ី បានបង្កើតអង្គហេតុនេះឡើងមក បើទោះបីជា លោកលីម គីមយ៉ា ជាអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិយ៉ាងនេះផង ហើយលោក លីម គីមយ៉ា ក៏មិនស្ថិតក្រោមបញ្ជានយោបាយរបស់ខ្លួនផង ក៏បង្កើត និងឈរនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា​ យ៉ាងព្រៃផ្សៃហើយ បោះដុំភ្លើងនយោបាយនេះ មកកម្ពុជា ជាពិសេសគំនុំចាញ់នយោបាយសម្ដេចតេជោផង ក៏សម្រេចចោទប្រកាន់សម្ដេចតេជោម្ដងហើយម្ដងទៀត (គឺធ្វើនយោបាយគំនុំ មិនគិតពីប្រយោជន៍ជាតិ)។

ចំណែកឯការចោទប្រកាន់ ឯកឧ.ឃួង ស្រេង វិញ ព្រោះដោយខឹងអភិបាលរាជធានីភ្នំពេញ ទាញសមាជិកសកម្មជននយោបាយរបស់ខ្លួនចុះចូលនឹងគណបក្សប្រជាជនជាច្រើននាក់ ទើបទាញ អភិបាលរាជធានី ចូលក្នុងអង្គហេតុនេះ ដើម្បីធ្វើឱ្យសកម្មជននយោបាយប្រឆាំងរបស់ខ្លួនមិនហ៊ានចុះចូលនឹងគណបក្សកាន់អំណាច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៥

ខេត្តកណ្ដាល៖លោកមេភូមិរួមនិងក្រុមប្រឹក្សាឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានអះអាងដូចៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត « មេទឹកសំឡូង» ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវមេឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី ជិត២០ម៉ឺនដុល្លារ…!។ បច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយ។ នេះបើតាមសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយ។

ជុំវិញរឿងនេះប្រជាពលរដ្ឋបានបង្ហើបថាពួកខ្លួនពុំបានដឹងឮ និងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ។ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ (ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ…។ ក្នុងនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងបោកប្រាស់ទាំងស្រុង។

បើតាមពលរដ្ឋ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥ម៉ឺនដុល្លារ ក្នុង១ហិកតា សរុប៣ហិកតាកន្លះស្មើ១៧.៥០០០ដុល្លារ។ ដោយបច្ចុប្បន្ន ឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលឱ្យពលរដ្ឋ ធ្វើស្រូវក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង។

ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌មាន បានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការ របស់ឧកញ៉ា ចាប ហុងលី ដោយលោកបានទទួលស្គាល់ថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ ប្រាកដមែន ដោយផ្អែកថា ប្រជាពលរដ្ឋឯកភាពឱ្យលក់។

លោក ទឹម ទន មេភូមិសន្លុង បានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំ ហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់។

ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុង បានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់ ”មេទឹកសំឡូង” ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញប្លង់រឹងឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ។

បើតាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ៥០.០០០ដុល្លារក្នុង១ហិកតា ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន នាពេលថ្មីៗនេះដែរទេ។ លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់។

ជុំវិញករណីនេះ អ្នកសារព័ត៌មានក៏បានសុំការបំភ្លឺពីលោកស្រី ណេង ដាលីស មេឃុំសន្លុង តាមប្រព័ន្ធTelegram ប៉ុន្តែលោកស្រី មិនបំភ្លឺនឹងមិនឆ្លើយតប ហើយពេលខលចូលក៏មិនទទួល។

ចំណែកលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ អ្នកសារព័ត៌មានថាលោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ។ ឯលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា លោកពុំបានដឹងរឿងនោះឡើយ។

ក្នុងរឿងនេះ ពលរដ្ឋសុំស្នើដល់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើ ថា តើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ.ទើបពលរដ្ឋស្ងប់ចិត្ត។ ព្រោះថា ការលក់ដីអាករឃុំសន្លុង ប្រជាពលរដ្ឋបានដឹងសឹងតែគ្រប់គ្នា ដោយម្នាក់ៗ រង់ចាំមើលចំណាត់ការពីថ្នាក់ដឹកនាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មករា ២០២៥

ខេត្តសៀមរាប៖បុរសម្នាក់ជាបុគ្គលិកធ្វើការ នៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។

ហេតុការណ៍បានកើតឡើង វេលាម៉ោងជាង៩យប់ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវផ្ទះក្រហម ត្រង់ចំណុចមុខឈាងខាងលិចបាឡុងអង្គរ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តី បានរាយការណ៍ថា ជនរងគ្រោះជិះម៉ូតូ Honda ADV 160cc ពណ៌ស៊ីម៉ង់ ពាក់ផ្លាកលេខ សៀមរាប 1AS-4898 សង្ស័យបើកបរក្នុងល្បឿនលឿន ដួលហើយបុកផ្ទប់ជាមួយដើមឈើបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះ មានឈ្មោះ ពុទ្ធ ចិត្រា មានមុខរបរជាបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មាននៅបច្ចុប្បន្ន ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ខេត្តសៀមរាបមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឱ្យមានបណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ ជាមួយគ្នានេះដែរលោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីទាំងអស់ ត្រូវចូលរួមសហការ ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឱ្យបានលឿន។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសុក្រនេះ ក្នុងឱកាសប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិ ក្នុងស្រុកពួក ស្ថិតក្នុងឃុំយាង ស្រុកពួក មានភូមិសួនសា ភូមិចុងថ្នល់ ភូមិយាង ភូមិសុខសាន្ត និងភូមិកញ្ចន់គុយ។

លោក ប៊ូ ជាសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប មានប្រសាសន៍ថា ការផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។

លោកអនុប្រធានមន្ទីរ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដីត្រូវចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំហើយត្រូវត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំវាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឱ្យមន្រ្តីចុះបញ្ជីធ្វើបាននូវភាពសុក្រឹត ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីដែលពុំបានចួលរួមឱ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួនឱ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មករា ២០២៥

ក្រសួងការពារជាតិ បានសំណើតម្រូវការពលទាហានថ្មី ចំនួន (២០០២នាក់) លើគម្រោងសេចក្ដីត្រូវការចាំបាច់ ចំនួន (៧.៨៧០នាក់) ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការនិងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

នេះបើតាមលិខិតរបស់ក្រសួងការពារជាតិ ចុះហត្ថលេខាដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ គោរពជូនសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ទើបទទួលបាននៅថ្ងៃ ១០ខែមករា ឆ្នាំ២០២៥នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page57 Page58 Page59 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×