ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅនៃខេត្តសៀមរាប បានថ្លែងថាការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជឈើគ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ឆ្នាំ២០១៧-២០១៨និង២០១៩។
លោកសេង លន បន្តថាករណីនេះគឺដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់។
លោកក៏បានអំពាវនាវឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងពេលចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ នៅពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០នេះ។
លោក សេង លន ក៏បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតគ្នា ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅប្រមាណជាង១ម៉ឺន៨ពាន់ហិកតា កំពុងបង្កឲ្យមានគ្រោះបាត់បង់ដីព្រៃ ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ៕SRP
