Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៥

ខេត្តសៀមរាប៖លោក ឌី រ៉ាដូ បានសង្កត់ធ្ងន់ថា សេវាករអគ្គិសនី តាមបណ្ដាស្រុក ត្រូវពន្លឿនការងារដំឡើងបង្គោលភ្លើងថ្មីឱ្យបានឆាប់រហ័ស ស្របតាមផែនការដែលបានដាក់ជូននៅទីតាំងដែលរដ្ឋបាលខេត្តបានសម្រេចអនុញ្ញាត ឱ្យពង្រីក ព្រោះការពន្យារពេលកំពុងធ្វើឱ្យប្រជាពលរដ្ឋបន្តរង់ចាំ និងជួបការលំបាកក្នុងការប្រើប្រាស់ចរន្តអគ្គិសនី។ ជាមួយគ្នានេះ សូមឱ្យសេវាករទាំងអស់បំពេញការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្ដល់សេវាលឿនរហ័ស ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះការផ្ដល់សេវាអគ្គិសនីជាកត្តាគន្លឹះក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន។

លោក ឌី រ៉ាដូ មានប្រសាសន៍បែបនេះ ក្នុងឱកាស តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដាក់ផែនការដោះស្រាយសំណូមពរពលរដ្ឋដែលបានលើកឡើងតាមរយៈវេទិកា និងក្រុមការងារក្រុមប្រឹក្សាខេត្ត នៅថ្ងៃម្សិលមិញ។

នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងសំណូមពររបស់ប្រជាពលរដ្ឋតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ និងក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេលោក ឌី រ៉ាដូ បានជំរុញដល់អាជ្ញាធរមូលដ្ឋានរួមនឹងសេវាករអគ្គិសនីទាំងអស់ត្រូវ “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ” លើកិច្ចការងារផ្ដល់សេវាអគ្គិសនី។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យបញ្ជីឈ្មោះភូមិ និងពាក្យស្នើសុំដែលបានចុះពិនិត្យទីតាំងរួចហើយ ប៉ុន្តែមិនទាន់បានអនុវត្តគម្រោងដំឡើងបង្គោលភ្លើង ដើម្បីបម្រើផលប្រយោជន៍ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងបន្តតាមដាន និងវាយតម្លៃ លើការអនុវត្តសេវាកម្មនេះជាប្រចាំ ហើយក្នុងករណីរកឃើញមានការធ្វេសប្រហែស ឬមិនអនុវត្តតាមគោលការណ៍ដែលបានកំណត់ អាជ្ញាធរនឹង ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

សូមជម្រាបថា សម្រាប់វេទិកាកន្លងមក មានប្រជាពលរដ្ឋបានលើកឡើងពីសំណូមពរមួយចំនួនពាក់ព័ន្ធនឹងអគ្គិសនី រួមមាន៖ ស្នើសុំភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់នៅភូមិថ្មី, ស្នើសុំឱ្យសេវាករជួយដាក់បង្គោលភ្លើងថ្មីជំនួសបង្គោលចាស់ ដើម្បីកុំឱ្យខ្សែភ្លើងនៅទាបដែលអាចនាំឲ្យមានគ្រោះថ្នាក់, ដោះស្រាយបញ្ហាភ្លើងមានកម្លាំងខ្សោយ, ស្នើសុំឱ្យជួយតបណ្ដាញអគ្គិសនីរដ្ឋ សម្រាប់ប្រើប្រាស់នៅក្នុងភូមិដែលសព្វថ្ងៃប្រើប្រាស់ភ្លើងឯកជនដែលមានតម្លៃថ្លៃពេក។

ពាក់ព័ន្ធនឹងបញ្ហា និងសំណូមពរទាំងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងសេវាករអគ្គិសនីបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងនោះក៏សុំឱ្យម្ចាស់លំនៅដ្ឋានសម្រួលដល់ការប៉ះពាល់ដើមឈើ ឬទ្រព្យសម្បត្តិរបស់ពួកគាត់នៅពេលដាំបង្គោលភ្លើង។ ក្នុងនោះសេវាករបាននិងកំពុងធ្វើការកែសម្រួលបង្គោល និងប្រអប់នាឡិកាស្ទង់លើកឱ្យបានខ្ពស់ផុតពីដៃក្មេង ដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ដោយបានចាប់ផ្ដើមអនុវត្តកែសម្រួលបង្គោលជាបណ្ដើរៗផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ តុលា ២០២៥

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែ ទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ ខេត្តកំពង់ចាម ពោលគឺជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យ កាន់តែច្រើនថែមទៀត។

ថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក ក្រុងកំពង់ចាម​ នៅព្រឹកម៉ិញនេះ ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

អភិបាលខេត្តកំពង់ចាម​ មានប្រសាសន៍ថា​ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព​ បង្កើតកញ្ចប់ទេសចរណ៍​ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្តតាមបណ្តោយដងទន្លេមេគង្គ​ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឱ្យអស់លទ្ធភាព សំដៅផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡេីង​។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់​ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ពិសេសបណ្តាខេត្តជុំវិញដងទន្លេមេគង្គ លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់​ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូនឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស រួមទាំងការជំរុញការផលិត ផលិតផល ទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេចរណ៍ សំដៅជំរុញការនាំចេញ​ នៅនឹងកន្លែង ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧នេះ។

អភិបាលខេត្តកំពង់ចាម​ បានសង្កត់ធ្ងន់ថា​ ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍនានា យើងទាំងអស់គ្នា ត្រូវតែប្រកាន់ខ្ជាប់ថា ការរក្សាសុខសន្តិភាព ជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសន្តិភាព​ ដោយមិនត្រូវឱ្យប្រទេសណាមួយ ឬក្រុមណាមួយមកបំផ្លាញសុខសន្តិភាពរបស់ យើងបានឡើយ​។

ពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងទេសចរណ៍, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ, តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង, តំណាងរដ្ឋបាលខេត្តព្រៃវែង, តំណាងរដ្ឋបាលខេត្តក្រចេះ, តំណាងរដ្ឋបាលខេត្តស្វាយរៀង រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ, យុវជន, លោកគ្រូអ្នកគ្រូ សិស្សនុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ តុលា ២០២៥

ចិន.ខ្មែរចំនួន៨នាក់ ត្រូវបានចាប់ខ្លួន ករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, ជនដៃដល់ជនជាតិចិន និងខ្មែរ សរុបចំនួន៨នាក់ត្រូវបានចាប់ខ្លួន ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និងខេត្តកណ្តាល ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការជួយសង្រ្គោះជនរងគ្រោះខាងលើនៅចំណុចស្ថិតក្នុងផ្លូវ៥៨ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៤០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៨នាក់រួមមាន៖

១៖ ឈ្មោះ ZHU LI MIN ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន
២៖ ឈ្មោះ HE YE ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៣៖ ឈ្មោះ HE SHUAI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ WANG HUA XIE ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ យឿន វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
៦៖ ឈ្មោះ ដោម សីហា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
៧៖ ឈ្មោះ យ៉ា ចំរុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ
៨៖ ឈ្មោះ វ៉ែន ដាវីត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។

ដោយជួយសង្គ្រោះបានជនរងគ្រោះម្នាក់ទៀតដែលក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង មានឈ្មោះ MA CHANG ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៥

ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង បានមានប្រសាសន៍ថា ខេត្តសៀមរាប មានក្រុមហ៊ុននិងអាជីវកម្មទឹកស្អាតឯកជនចំនួន១០.មូលដ្ឋាន កំពុងដំណើរការយ៉ាងរលូនដើម្បីជួយដល់សហគមន៍មូលដ្ឋាន។ កន្លងមកអាជ្ញាធរខេត្ត បានពិនិត្យមើលការផ្គត់ផ្គង់ទឹកស្អាតរបស់សហគមន៍ និងបានកំណត់សម្រេចលើគោលការណ៍ច្បាប់ ក្នុងការផ្ទេរអាជីវកម្មទៅឱ្យឯកជនវិញ ចំពោះសហគមន៍ណាដែលបំពេញកិច្ចការមិនបានរលូនល្អ។ លោកក៏បានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរូមពីមន្ទីរ អង្គភាពពាល់ព័ន្ធ នុងក្រុមការងារជំនាញ។

ឯកឧត្តម អ៊ុំ សុថា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់គាំទ្រដល់វិស័យទឹកស្អាត និងបង្កលក្ខណៈដល់ប្រតិបត្តិករទាំងអស់ ទាំងរដ្ឋ និងឯកជន។ ឯកឧត្តម លើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «ទឹក» ត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ រួមមាន៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ រាជរដ្ឋាភិបាលកំពុងជំរុញឱ្យសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដែលកំណត់ថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នានៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តមបានបន្តថា ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រងនិងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ហើយរដ្ឋអាចផ្តល់សិទ្ធិជូនវិស័យឯកជន ដើម្បីផ្តល់សេវានេះដោយអនុលោមតាមច្បាប់។ ហេតុនេះ ឯកឧត្តមបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិ សូមចៀសវាងមានទស្សនៈថា ប្រតិបត្តិករទឹកស្អាតឯកជនគ្រាន់តែជាអ្នកធ្វើអាជីវកម្មស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន។ ឯកឧត្តមបានបញ្ជាក់ថា៖ «ត្រូវចាត់ទុកថា ប្រតិបត្តិករទឹកស្អាតឯកជន គឺកំពុង ផ្តល់សេវាទឹកស្អាតជូនប្រជាជន ដែលជាប្រភេទសេវាសាធារណៈមួយ ក្នុងនាមរដ្ឋ ជំនួសរដ្ឋ និងជាកាតព្វកិច្ចរបស់រដ្ឋ ក្នុងខណៈដែលរដ្ឋយើងមិនទាន់អាចធ្វើបាននៅតាមទីកន្លែងមួយចំនួន»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៥

ខេត្តកណ្ដាល៖ជនជាតិខ្មែរមួយរូបនិងវៀតណាមពីររូបត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេធ្វើ សកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ។

ការចាប់ខ្លួននេះធ្វើឡើងនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង។

នគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មាន ឈ្មោះ រ៉ន ឆរី ភេទស្រី អាយុ៤៤ឆ្នាំមុខរបរមេផ្ទះ, ឈ្មោះ ង៉ យ៉ាំងធីង ភេទ ប្រុស អាយុ៤១ឆ្នាំមុខរបរអ្នកបកប្រែ សញ្ជាតិវៀតណាម និងឈ្មោះ DO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិវៀតណាម។

នគរបាលបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅម៉ោង៤រសៀលថា មានក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចងការប្រាក់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានចុះទៅដល់កន្លែងកើត ហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចង ការប្រាក់ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារដើម ដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន ៣០.០០០រៀល និងបង់កម្រៃជើងសារ ១១០.០០០រៀល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ បានបញ្ជាក់ថា ជនសង្ស័យតម្រូវឲ្យពួកគេបង់កម្រៃជើងសារចំនួន ១០០.០០០រៀលឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA CB ដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋចំនួន ១០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ កញ្ញា ២០២៥។

វត្ថុតាងដែលដកហូតបានរួមមាន៖ សៀវភៅស្នាក់នៅ ៤ច្បាប់, សៀវភៅគ្រួសារ ១ច្បាប់, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ឯកសារកិច្ចសន្យា ៩ច្បាប់ដែលបានសរសេររួច, ប្រដាប់កៀប ១, ប្រាក់ខ្មែរចំនួន ៤.០០០.០០០ រៀល, ប្រាក់ដុល្លារចំនួន ១.៥០០ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ ២គ្រឿង និងទូរសព្ទ ៤គ្រឿង។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!