ខេត្តព្រះវិហារ៖រថយន្ដដឹកឈើរបស់ឈ្មោះ ព្រុំ វុទ្ឋី ហៅធី ត្រូវបានសមត្ថកិច្ចបង្ក្រាប។
ការបង្ក្រាបធ្វើឡើងចំណុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង១២និង៣២នាទី ថ្ងៃទី១ ខែមិថុនា។
លោកស៊ុំ សុវុត្ថា នាយផ្នែករវៀង បានអោយដឹងថារថយន្តដឹកឈើ របស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅ (ធី) កម្លាំងជំនាញបានយករថយន្តពាំងពីមុខទើប រថយន្តដឹកឈើនេះព្រមឈប់។
លោកស៊ុំ សុវុត្ថា បានបន្តថា ការចុះបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៏មាន។
លោកបានសំណូមពរទៅដល់កងកម្លាំងប្រដាប់អាវុធសូមចូលរួមសហការ ជាមួយកម្លាំងជំនាញផង បើពឹកផ្អែកលើកម្លាំងជំនាញ មិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ឋភាពឡើយ។
សូមបញ្ជាក់ថានៅថ្ងៃម្សិលមិញ លោក វុធ សាវី ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារបានអោយដឹងថា៖ មានក្រុមឈ្មួញទុច្ចរិតមួយចំនួន បានយកឈ្មោះរបស់លោក ទៅប្រព្រឹតរកសុីបទល្មើសខុសច្បាប់នឹងបានធ្វើអោយមហាជនមួយចំនួន មានការយល់ច្រលំមកលើរូបលោក។
លោកវុធ សាវី បានបញ្ជាក់យ៉ាងច្បាស់ថា៖ រូបលោកមិនដែលមានបងប្អូន ឬសាច់ញាតិ រកសុីបទល្មើសព្រៃឈើខុសច្បាប់ឡើយ។ លោកថា ត្រឹមអាហារ ហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់ឡើយ។ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំ អោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើអោយប្រសិទ្ឋភាពផង។
ក្នុងនោះលោកក៏បានស្នើដល់អ្នក
សាព័ត៌មាន អោយជួយតាមដាន នឹងប្រម៉ាញ់រូបភាពរួចរាយការណ៍ជូនលោក ទោះពេលណា ឬម៉ោងណាក៏ដោយ លោកនឹងមានចំណាត់ការអោយមានប្រសិទ្ឋភាព។
សូមរំលឹកថាមេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ៕SRP


