ខេត្តព្រះវិហារ៖សម្ដេច ស ខេង បានប្រាប់អាជ្ញាធរខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងមតិយោបល់ប្រជាពលរដ្ឋ ឱ្យបានល្អ និងមានប្រសិទ្ធភាព ព្រមទាំងយកចិត្តទុកដាក់ទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិផងដែរ។
ការណែនាំឲ្យទប់ស្កាប់ការកាប់បំផ្លាញព្រៃឈើ និងថែរក្សាធនធានធម្មជាតិ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រម្សិលមិញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ។
ក្នុងពិធីសម្ដេចស ខេង ក៏បានប្រាប់អភិបាលខេត្តព្រះវិហារថ្មី ឲ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដែលភាគច្រើនក៏បាននាំចូលតាមច្រកព្រំដែនខេត្តព្រះវិហារជាប់ប្រទេសឡាវ និងប្រទេសថៃ។
សម្ដេចបានស្នើថា«កងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិដែលឈរជើងតាមព្រំដែន និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ ដែលនៅតាមព្រំដែនត្រូវសហការគ្នា ហើយកុំឃុបឃិតជាមួយពួកជួញដូរគ្រឿងញៀនឱ្យសោះ»។
សម្ដេចបន្ថែមថាក្រៅតែពីបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសន្តិសុខសង្គម បញ្ហាគ្រឿងញៀននេះក៏អាចជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬលាងលុយកខ្វល់ ដែលអាចធ្វើឱ្យប្រព័ន្ធធនាគារកម្ពុជាត្រូវចាត់បញ្ចូលក្នុងបញ្ជីប្រផេះ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីនេះ បញ្ហាគ្រឿងញៀនក៏អាចជាប់ពាក់ព័ន្ធនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្ម ដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ប្រឆាំងផងដែរ។
សម្ដេចក៏បានផ្ដល់ការណែនាំឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់នៃខេត្តព្រះវិហារ យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងនោះរាប់ទាំងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
សូមជម្រាបថាលោក គីម រិទ្ធី ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោកប្រាក់ សុវណ្ណ ដែលបានចូលនិវត្តន៍៕SRP


ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា បុគ្គលពាក់ព័ន្ធនឹងករណីដែលផ្សព្វផ្សាយអំពី បុគ្គលម្នាក់ជិះរថយន្តដេញតាមកាក់រថយន្តប្រជាពលរដ្ឋដែលដឹកទំនិញ ហើយទាញអាវមកពាក់ ដែលជាឯកសណ្ឋានកងរាជអាវុធហត្ថនោះជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំទទួលបានព័ត៌មាននេះរួចហើយ និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកការពិត។
ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ ! »ផ្នត់គំនិតនេះ ល្មមដូរហើយ។ តាមរយៈគណីហ្វេសប៊ុករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសរសេរថា៖ ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពីព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំនៅក្នុងសណ្ឋាគារ សុខាជ្រោយចង្វា។
លោក ខៀវ កាញារីទ្ធ បន្តថា៖ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ ដែលដាក់តាំងបង្ហាញ ហើយ មួយចំនួនធំមាននៅតាមខេត្តទៅទៀត។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន។ «ផ្នត់គំនិតនេះ ល្មមដូរហើយ» ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ !៕SRP