ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានសម្រាប់ដំណើរការមន្ទីរសុខាភិបាល រាជធានី-ខេត្ត និងបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តកំពង់ចាម ឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា មន្ទីរសុខាភិបាល គប្បីយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសេវាឯកជនឲ្យបានខ្ពស់ ដើម្បីប្រែក្លាយសេវាសុខាភិបាលឯកជន ទាំងកន្លែងព្យាបាលឯកជន និងសេវាកម្មឱសថឯកជនក្នុងខេត្ត ឲ្យមានដំណើរការប្រកបដោយគុណភាព ស្របច្បាប់ទាំងទីប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឲ្យធានាបានតាមគោលការណ៍ ផ្គត់ផ្គង់សេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ មិនថាយប់ឬថ្ងៃ ព្រមទាំងប្រែក្លាយមូលដ្ឋានសេវាសុខាភិបាលទាំងអស់ ក្នុងខេត្តឲ្យក្លាយទៅជាបង្អែកនៃសេវាធានារ៉ាប់រងសុខភាព ជូនប្រជាពលរដ្ឋ ជាពិសេសទារក កុមារ ស្ត្រីមាន ផ្ទៃពោះ និងចាស់ជរា។
ក្នុងពិធីនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានជម្រុញបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ និងធ្វើកំណែទម្រង់ការគ្រប់គ្រងតាមបែបវិមជ្ឈការ និងសហវិមជ្ឈការ ថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២០នេះ ដោយមន្ទីរសុខាភិបាល ចាប់ផ្តើមការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្ទេរមុខងារ ក្នុងវិស័យសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការដាក់ឲ្យអនុវត្តនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រង លើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវពីក្រសួងសុខាភិបាលមកឲ្យរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចការប្រតិបត្តិការនានាពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខេត្ត។ ដោយរដ្ឋបាលខេត្ត ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល លើការអនុវត្តមុខងារសុខាភិបាល ដែលជាការលើកកំពស់គុណភាព ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋផងដែរ៕SRP

