សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ផ្ញើលិខិតអបអរសាទរជូនឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ
ក្រសួងធនធានទឹក និងរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យវិស័យឯកជនអនុវត្តគម្រោងស្ដារអាងទឹកទំនប់៧៨ ស្របតាមនីតិវិធីច្បាប់
ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន សែនគិរី អេកូផាក ឯ.ក អនុវត្តគម្រោងជីកស្ដារដីក្នុងអាងទឹកទំនប់៧៨ ដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយគ្រោះរាំងស្ងួតនារដូវប្រាំង ប៉ុន្តែក្រុមហ៊ុនត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដារអាងទឹកទំនប់៧៨ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានបញ្ជាក់ថា គម្រោងនេះមានទំហំ ២៨៨.៦០៣ ហិកតា ស្ថិតក្នុងតំបន់២ នៃបឹងទន្លេសាប ជាដីសាធារណៈរបស់រដ្ឋ។ ដីនេះស្ថិតនៅភូមិជ្រាវ និងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និងត្រូវបានប្រគល់ជូនក្រសួងធនធានទឹក និងឧតុនិយមគ្រប់គ្រង ដើម្បីបង្កើនសមត្ថភាពរក្សាទឹកទុក សម្រាប់ប្រើប្រាស់លើវិស័យកសិកម្ម ទេសចរណ៍ និងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕SRP
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំគម្រោងកែលម្អក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដែលមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំប្រជុំពិភាក្សាលើការងាររៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អទីក្រុងបាត់ដំបង និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងខេត្ត ដូចជាការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការរៀបចំតុបតែងលម្អតំបន់រមណីដ្ឋានភ្នំសំពៅ ស្រុកបាណន់ និងពិនិត្យពិភាក្សាលម្អិតបន្ថែមលើគម្រោងស្ថាបនា សួនតេជោសន្តិភាព ក្រុងបាត់ដំបង រៀបចំសួនសិល្បៈ មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណត់យានយន្តជាដើម និងរៀបចំគម្រោងផ្សេងៗទៀតក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ លើកស្ទួយជីវភាពប្រជាជនខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង ក្នុងឆ្នាំ២០២៥នេះនឹងមិនរៀបចំប្រារព្ធធ្វើពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ក្នុងខេត្តបាត់ដំបងនោះទេ៕SRP
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី គណៈអភិបាលខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង មន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីការត្រួតពិនិត្យទៅលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ទាំង៤ ចំណុច និង ការលើកឡើងរបស់សមាជិកសមាជិកាក្រុមប្រឹក្សា នូវចំណុចមួយចំនួន ពាក់ព័ន្ធបរិស្ថាន ផ្លូវថ្នល់ ដែលត្រូវធ្វើការកែតម្រូវនូវខ្លឹមសារ អត្ថន័យនៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត ប្រចាំខែសីហាឆ្នាំ២០២៥និងបានត្រួតពិនិត្យលទ្ធផលបូកសរុបការ ងារចុះមូលដ្ឋានរបស់ក្រុមការងារក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ត្រូវបានកិច្ចប្រជុំ ធ្វើការអនុម័តផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានលើកឡើងពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់របស់ខេត្ត និង ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ដែលបានមកស្នាក់នៅជំរុំសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត តាមបណ្តាក្រុង ស្រុក ព្រមទាំងជម្រុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនយកចិត្តទុកដាក់អំពី សុខភាព អនាម័យ និងការរស់នៅ។
ឯកឧត្តមបានបញ្ជាក់ថា យើងត្រូវពង្រឹងបន្ថែមទីកន្លែងសង្គ្រោះ ដល់ជនរងគ្រោះដោយសង្រ្គាម ដែលខេត្តបានរៀបចំនៅស្រុកក្រឡាញ់ និង ស្រុកស្វាយលើ រួមនឹងមន្ទីរពេទ្យបង្អែកខេត្ត និង មន្ទីរពេទ្យ យោធភូមិផងដែរ។
ឯកឧត្តមបានឲ្យដឹងផងដែរថា គិតមកដល់ពេលនេះពលករវិលមកពីប្រទេសថៃមានជាង២ម៉ឺននាក់ ដែលត្រូវមន្ទីរពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុង ធ្វើការផ្សព្វផ្សាយពីកន្លែងការងារ ដែលបងប្អូនត្រូវការធ្វើ។ ឯកឧត្តម អភិបាល ខេត្ត ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមានលំនៅដ្ឋាននៅក្នុងតំបន់បេតិកភណ្ឌអង្គរ មួយចំនួនបានចាក់ចេញទៅកាន់ទីតាំងថ្មី នៅក្រុងរុនតាឯកតេជោសែន ហើយចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង ដោយមិនទាន់បានរៀបចំរួចរាល់។ តំបន់បេតិកភណ្ឌអង្គរ មាន១១៤ភូមិ ដែលនៅពេលខាងមុខនិងរៀបចំប្លង់គោល ដោយមានតំបន់ហាមឃាត់ និង តំបន់ ទ្រនាប់។ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកពួក និង ប្រជាពលរដ្ឋស្រុក ដែល មានទឹកចិត្តសប្បុរសធម៌ បានផ្តល់ទីកន្លែងស្នាក់នៅ និងផ្គត់ផ្គង់ម្ហូបអាហារដល់សិស្ស ខេត្តឧត្តរមានជ័យ បានមកប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤.២០២៥ ។ ក្នុងនោះដែរឯកឧត្តមជម្រុញដល់រដ្ឋបាលក្រុង ស្រុក ត្រូវ យកចិត្តទុកដាក់ខ្ពស់ពីគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង ព្រមទាំងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជួយ សង្គ្រោះបងប្អូនរងគ្រោះ និង ងាយរងគ្រោះ សំខាន់កងកម្លាំងទាំងបីត្រូវមានមុខជាប្រចាំ។
ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥នេះ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេ តែអាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ។ ក្នុងគោលដៅទាក់ទាញដល់ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកកម្សាន្ត ព្រមទាំងបន្តធ្វើការដាំ និង ថែទាំដើមឈើ ដែលបានដាំនៅតាមដងវិថីក្នុងក្រុង។
ឯកឧត្តម លី សំរិទ្ធ ក៏បានជម្រុញដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត បន្តចុះធ្វើកិច្ចការរបស់ខ្លួនឱ្យកាន់តែទទួលបានលទ្ធផលល្អថែមទៀត។ ក្នុងនោះឯកឧត្តមក៏បានផ្តោតសំខាន់ចំពោះសុខភាពអនាម័យ និង ការសង្រ្គោះដែលជាកត្តាសំខាន់ ចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ព្រមទាំងចំពោះក្មួយៗ សិស្សានុសិស្សមកពីខេត្តឧត្តរមានជ័យ និង តាមបណ្តាក្រុង ស្រុក មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤.២០២៥។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានសង្កត់ធ្ងន់ផងដែរថា រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ខ្ពស់ លើការងារបណ្តុះបណ្តាលធនធានមនុស្ស គឺត្រូវចាត់តាំងមន្ត្រីរបស់ខ្លួនឲ្យច្បាស់ នៅពេលបញ្ជូនមកចូលវគ្គបណ្តុះ បណ្តាល ព្រមទាំងឲ្យមន្ត្រីធ្វើរបាយការណ៍ ធ្វើការកែតម្រូវ នូវខ្លឹមសារ អក្ខរាវិរុទ្ធ ព្រមទាំងធ្វ់ការរំលេចនូវលទ្ធផលការងារ ដែលតាមបណ្តាមន្ទីរ អង្គភាពអនុវត្តបានផងដែរ។
ឯកឧត្តមក៏បានជម្រុញផងដែរ ដល់អាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន ឲ្យបានគ្រប់ពេលវេលា នៅពេលដែលភូមិសាស្ត្ររបស់ខ្លួនទទួលរងគ្រោះធម្មជាតិ និង រកទីទួលសុវត្ថិភាពសម្រាប់ប្រជា ពលរដ្ឋស្នាក់នៅ៕SRP
ប្រមុខក្រសួងមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព និងបម្រើសេវាជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមទស្សនៈ ធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បែបនេះ ពិធីប្រកាសចូលកាន់មុខតំណែងលោកជំទាវ ឈី វ៉ា ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានបន្តថា រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយផ្តល់សារសំខាន់ចំពោះធនធានមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
ស្របតាមគោលនយោបាយនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ជាពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា លោកជំទាវ ឈី វ៉ា នឹងខិតខំបន្ត ទទួលខុសត្រូវលើការងារដឹកនាំ ក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ បន្តពីលោកជំទាវមិថុនា ភូថង និងអភិបាលខេត្តជំនាន់មុន ដែលបានខិតខំពូនជ្រំកសាងសមិទ្ធផលជាច្រើន។
ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អតីតអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានគូសបញ្ជាក់ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់លោកជំទាវ ក្នុងរយៈពេលកន្លងមកសម្រេចបានជាច្រើន ជាពិសេសការចូលរួមចំណែកការពារសុខសន្តិភាព ការផ្តល់សេវារដ្ឋបាល ការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងការកសាងសមិទ្ធផលរូបវន្តជាច្រើន។ លោកជំទាវ ក៏បានលើកឡើងពីសារសំខាន់នៃការចូលរួមគាំទ្ររបស់មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ចំណុះរដ្ឋបាលខេត្ត និងជាពិសេសការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ដែលជាលក្ខខណ្ឌសំខាន់សម្រាប់ការឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតរបស់រដ្ឋបាលខេត្ត។ លោកជំទាវ ក៏បានទទូចឱ្យបន្តផ្តល់ការគាំទ្រលោកជំទាវអភិបាលខេត្តថ្មី ដើម្បីឱ្យលោកជំទាវកាន់តែមានលទ្ធភាពក្នុងការបន្តអភិវឌ្ឍខេត្តកោះកុងឱ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព។
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈ អភិបាលខេត្តកោះកុង បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះអង្គម្ចាស់ជីវិតលើត្បូង ដែលបានចេញព្រះរាជក្រឹត្យ តែងតាំងលោកជំទាវជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង និងគោរពថ្លែងអំណរគុណ ចំពោះការផ្តល់សេចក្តីទុកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកជំទាវក៏បាន ស្នើសុំឱ្យថ្នាក់ដឹកនាំ ចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋបន្តផ្តល់ការគាំទ្រ ចូលរួមជាមួយលោកជំទាវដើម្បីរួមគ្នាសម្រេចបាននូវវឌ្ឍនភាព បន្ថែមទៀតជូនខេត្តកោះកុង។
គួរកត់សម្គាល់ថា នៅក្នុងឱកាសថ្លែងសន្ទរកថា នាពិធីនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានណែនាំរដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ចំណុះរដ្ឋបាលខេត្តកោះកុង និយាយដោយឡែក និងជារួមនៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសំខាន់ៗជាអាទិ៍ បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ដែលជាបញ្ហាកំពុងកើតមានជារៀងរាល់ថ្ងៃ និងជាក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ អនុវត្តឱ្យបានសកម្ម និងខ្លាំងក្លា ដើម្បីប្រែក្លាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលបាននិយាយទាំងពីបញ្ហាគ្រឿងញៀន ក្មេងទំនើង និងលក្ខណសម្បត្តិផ្សេងៗទៀត សរុប៧ចំណុច ឱ្យក្លាយទៅជាសមិទ្ធផលជាក់ស្ដែង៕SRP