Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៥

អភិបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការចំពោះអាជីករដំឡើងថ្លៃលក់ដូរតាមរមណីយដ្ឋាននាៗ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានព្រមានចាត់វិធានការចំពោះអាជីករណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រឿងដែលកើតឡើងដដែលៗដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆាតែម្ដង។ គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ។

ឯកឧត្តមអភិបាលខេត្តបានបន្ដថា ចំពោះបញ្ហានេះសូមណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តណែនាំ និងឲ្យក្រុមការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។

លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ។ ព្រោះថាទង្វើបែបនេះគឺធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកំសាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តរបស់យើងទាំងមូលផងដែរ។

ថ្លែងបែបនេះនាឱកាស ឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ រួមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥  បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី  អាយុ ២៥ ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិសប្រាសាទតាក្របីស្លាបឆ្វេង និងគ្រួសារមានកូនភ្លោះ​ ៣នាក់​ មកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន  តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។

គួររំលឹកថា អ្នកស្រី ចាន់ រ៉ាឌី  ជាភរិយាវីរ:យោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុង បំពេញបេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន។ អ្នកស្រីបាន ស្នាក់នៅផ្ទះម្តាយបង្កើត នាភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តក្បូងឃ្មុំ  ហើយបាន ប្តីជាវីរ: កងទ័ពដែលបានច្បាប់ពីអង្គភាព ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅវេលាម៉ោង ៦ និង៤៥ នាទីព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ , អ្នកស្រី ចាន់ រ៉ាឌី  ក៏សម្រាល បានកូនប្រុស ១នាក់ ទម្ងន់២,៨ គក្រ ដោយសុវត្ថិភាព។

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ  បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូនអ្នកស្រី ចាន់ រ៉ាឌី  រួមមាន ម្សៅ ទឹកដោះគោ សម្ភារមាតា ខោអាវទារក   ឃីត ស្ត្រី ១ឈុត  ផ្លែឈើស្រស់ ២កន្ត្រក  និង ថវិកាសរុប ចំនួន ១,៥០០,០០០រៀល  និងស្ត្រីសម្រាលបានកូនភ្លោះ៣នាក់​ ទទួលបានថវិកា ២.០០០.០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៥

លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ផ្តល់សម្ភារមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាប​ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹក

ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានទទួលអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវទី១ បណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអម បានផ្តល់មុងចំនួន ៦០ការ៉ុង ស្មើ ៣ពាន់មុង ទឹកស៊ីអ៉ីវ​ ៥០កេស និង ទឹកត្រី ៧៥យួរ ដេីម្បីត្រៀមបំរុងចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដោយសង្គ្រាមឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវទី១ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះដោយសង្គ្រាម ហើយអំណោយទាំងនេះ ត្រូវបានអាជ្ញាធរខេត្ត ធ្វើការបែងចែកជូនដល់បងប្អូន នៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ដែលពួកគាត់កំពុងស្នាក់នៅ។ ម៉្យាងទៀតដោយសភាពការណ៍នៅតាមព្រំដែន មិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយការឈប់បាញ់ ធ្វេីឱ្យបងប្អូនបន្តរស់នៅក្នុងមណ្ឌល ដែលធ្វើឲ្យខាតពេលវេលារបស់បងប្អូនក្នុងការប្រកបរបរចិញ្ចឹមក្រុមគ្រួសារផងដែរ។

ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។ សូមបញ្ជាក់ថា រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាប ទទួលបានពីបងប្អូន សប្បុរសជនជាតិ អន្តរជាតិ ត្រូវបានក្រុមការងារខេត្ត ធ្វើការបែងចែកផ្គត់ផ្គង់ជូនដល់បងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកតាមក្រុង ស្រុក ព្រមទាំងបានផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ។

ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋ​ ភៀសសឹក​ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាបនិងមន្ត្រីរាជការទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុតចំពោះការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ដែលតែងតែជួយផ្តល់ការឧបត្ថម្ភនូវសម្ភារប្រេីប្រាស់មានមុង​ ភួយ​ កន្ទេល​ តង់​ និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកដែលបានជម្លៀសមកក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៥

មេរៀនរាប់អានមនុស្សគូប្រុងប្រយ័ត្ន! ផឹកស៊ីជុំគ្នាឈ្លោះប្រកែកវាយសម្លាប់គ្នា

ខេត្តសៀមរាប៖ជនដៃដល់ដែលវាយសម្លាប់ដៃគូផឹកស៊ីជុំគ្នាត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ចាប់ខ្លួនក្រោយធ្វើសកម្មភាព។

ការចាប់ខ្លួនធ្វើនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបញ្ជារបស់លោកឧត្តមសេនីយ៍ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។

ករណីអំពើហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវទឹកលិច ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនរងគ្រោះមានឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិធ្លកណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ជនសង្ស័យឈ្មោះ សាន សែន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុច ភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៩,០០នាទី សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៌ពីឈ្មោះ គឹម ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអញ្ញាញ សង្កាត់នគរធំ ក្រុងសៀមរាប (ត្រូវជាបងប្រុសសព)ថា ប្អូនរបស់ខ្លួនដែលជារងគ្រោះឈ្មោះ គឹម បញ្ញា បានស្លាប់ដោយសារមានមនុស្សវ៉ៃ ដោយជនរងគ្រោះដើរកាត់ទឹកមានជម្រៅ៤៨ស.ម រួចស្រែកប្រាប់ម្តាយថាមានគេវាយ ហើយដួលទៅក្នុងទឹក លុះមួយសន្ទុះទើបម្តាយខ្លួនចេញមកមើល ក៏ឃើញជនរងគ្រោះ ដួលនៅក្នុងទឹក ហើយក៏ផ្អើលឆោឡោ រួចដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បន្តថា ក្រោយចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង (អង្រែឈើប្រវែង៣៥ស.ម) យកមកធ្វើការសាកសួរបានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាពវាយនឹងដៃ ព្រមទាំងយកអង្រែ វាយជនរងគ្រោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន។ មូលហេតុដោយសារខ្លួនបានផឹកស៊ីជាមួយជនរងគ្រោះ បន្ទាប់មកខ្លួន និងជនរងគ្រោះ ក៏បានឈ្លោះប្រកែកគ្នា រហូតដល់ជនរងគ្រោះ បានយកអង្រែឈើ ប្រវែង៣៥ស.ម មកបម្រុងវាយខ្លួន តែខ្លួនក៏បានចាប់អង្រែបានពីដៃជនរងគ្រោះ ហើយវាយលើជនរងគ្រោះចំនួន១អង្រែ ចំត្រង់ចំណុចក្បាលផ្នែកខាងលើ បណ្ដាលឲ្យរយះចេញឈាមមកក្រៅ និងវាយជាច្រើនដៃត្រូវត្រង់ចំណុចចុងចិញ្ចីមទាំងសងខាង ,ចំណុចស្នាខាងឆ្វេង បណ្ដាលឲ្យមានស្នាមហើមជាំ ,ត្រង់បបូរមាត់ខាងក្រាម បណ្ដាលឲ្យរយះសាច់ចេញឈាមមកក្រៅ។

ករណីនេះសមត្ថកិច្ចបានដកហូត-វត្ថុតាង៖ អង្រែឈើប្រវែង៣៥សង់ទីម៉ែត្រ។

បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ករណីខាងលើនេះ អនុវត្តតាមបទបញ្ជាលោកស្នងការ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបមានចំណាត់ការបន្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កញ្ញា ២០២៥

កសិករចំនួន១១នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត សៀមរាបពាក់ព័ន្ធករណី អំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។

មន្ត្រីនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦:១៦នាទី កើតមានករណី អំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ កែច្នៃខុសច្បាប់) នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ដែលករណីនេះបង្កឡើង ដោយជនសង្ស័យចំនួន ០២ក្រុម ដែលមានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។

ជនសង្ស័យចំនួន២ក្រុម ដែលមានគ្នាចំនួន ១១នាក់ យកមកធ្វើការសាកសួរ៖

ក្រុមទី១ មានគ្នាចំនួន ០៥នាក់៖ ១.ឈ្មោះ ប៉ន ពិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ហាស់ ហុច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ, ៣.ឈ្មោះ ហាស់ ហួន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ, ៤.ឈ្មោះ ហាស់ ហ៊ុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ, និង៥.ឈ្មោះ ហាស់ ហៀម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ អ្នកទាំង ៥នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្រុមទី២ មានគ្នាចំនួន ០៦នាក់៖ ១.ឈ្មោះ សៃ សាញ់ ហៅសូយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ភាព សុភារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ អ្នកទាំង ២នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៣.ឈ្មោះ គួយ ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប, ៤.ឈ្មោះ ស៊ាត សាក់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៥.ឈ្មោះ មឿត មុត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិអន្ទឹតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប, និង៦.ឈ្មោះ ញ៉ាន វណ្ណៈ ហៅខ្នីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ស្នើសុំដីការតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត។

មន្ត្រីនគរបាលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំងពីរក្រុមខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សា និងប្រដាក់ដោយអាវុធ វាយតបតគ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស។

ករណីនេះកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ ដំបងដែកជ្រុងចំនួន ១ដើម, ដែកក្តារវីបេតុងចំនួន ១ដើម, កាំបិតព្រាចំនួន ១ដើម, កាំបិតខ្វែវចំនួន ៣ដើម និងជំពាមកៅស៊ូចំនួន១, ដាវសាំម៉ូរៃចំនួន ១ដើម, កាំបិតផ្គាក់ចំនួន ១ដើម, ពូថៅចំនួន ២ដើម, កាំភ្លើងកែច្នៃចំនួន ១ដើម និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។

សូមជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដោយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page32 Page33 Page34 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!