ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនពាក់ព័ន្ធក្នុងករណី ឆបោក។
ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ ប្ដឹងពីបទកករណី ឆបោក ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
នគរបាលបានបន្តថា ប្រតិបត្តិការនេះ គឺអនុវត្ត តាមដីកាសម្រេចអោយបើកកាស៊ើបអង្កេតបឋមលេខ៣៦២ អយក/២២ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តសៀមរាប។
បើតាមប្រភពពីមន្ត្រីនគរបាលបានបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ សុខ រ៉ាដែន ភេទប្រុស ឆ្នាំកំណើត ១៩៦៩ បានប្រគល់ប្រាក់ចូលហ៊ុនចំនួន ២០,០០០ដុល្លារ អោយទៅឈ្មោះ សុខ យ៉ន ភេទប្រុស ឆ្នាំកំណើត ១៩៧៨ និង ប្រពន្ធឈ្មោះ សុិន ផល្លា ឆ្នាំកំណើត ១៩៨១ ដើម្បីធ្វើប្រតិបត្តិការទិញត្រីពីវារីវប្បកម្ម កម្ពុជា និងអាជីវកម្មនាំចូលត្រី ជាក់ស្តែង ប៉ុន្តែពីរនាក់ប្តីប្រពន្ធខាងលើនេះយកប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចំនួន ២០០០០ដុល្លារជាមួយនឹងឈ្មោះ សុខ រ៉ាដែន ផងដែរ។
នគរបាលបានបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយនិងសារភាព កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០,០០០ដុល្លារ ពី សុខ រ៉ាដែន ដែលចូលហ៊ុនធ្វើអាជីវកម្ម ទៅប្រើប្រាស់ផ្ទាល់ខ្លួនអស់ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចូលហ៊ុនជាមួយឈ្មោះសុខ រ៉ាដែន ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ ជនសង្ស័យត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនហើយនៅព្រលប់ម្សិលមិញ៕SRP