ភ្នំពេញ៖សម្ដេចហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃ កម្ពុជា បានលើកឡើងថា៖ សូមជនរួមជាតិបន្តការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។
ខ្ញុំសូមជម្រាបជនរួមជាតិថា ខ្ញុំនិងសមាជិកក្រុមគ្រួសារ ព្រមទាំងសមាជិក សមាជិការដ្ឋសភា ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី៣ កាលពីថ្ងៃទី១២ធ្នូ ជាលទ្ធផល «អវិជ្ជមានទាំងអស់»
ទោះបីស្ថានការណ៍ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហាក់ត្រូវបានគេយើងគ្រប់គ្រងបានទាំងស្រុងហើយក្តី ប៉ុន្តែសូមជនរួមជាតិកុំប្រហែសជាមួយនឹងជំងឺកូវីដ១៩ឱ្យសោះ។ ជំងឺនេះ នៅបន្តគំរាមកំហែងប្រទេសយើងនិងសកលោកជានិច្ច។ យើងអាចភ្លេចជំងឺកូវីដ១៩ តែកូវីដ១៩ មិនដែលភ្លេចយើងនោះឡើយ។
សូមអំពាវានាវដល់ជនរួមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនរាល់វិធានការការពារ ទាំងឡាយដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច ជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសុវត្ថិភាព ហើយឧស្សាហ៍លាងសម្អាតដៃជាប្រចាំ។ បើមិនមានការចាំបាច់ ពុំគួរចេញក្រៅផ្ទះនោះឡើយ។
ភារកិច្ចសំខាន់របស់យើងក្នុងការជួយសង្គមជាតិ ក្រុមគ្រួសារនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងកុំឆ្លងជំងឺមកលើខ្លួន ហើយចម្លងទៅគ្រួសារយើង សហគមន៍យើង។
ខ្ញុំសូមជូនពរជនរួមជាតិ រីករាយនាឱកាសឈប់សម្រាកចុងសប្តាហ៍នេះ និងទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕SRP