ខេត្តសៀមរាប៖លោកហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានមានប្រសាសន៍ជំរុញនិងក្រើនរំលឹក ឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ទាំងអស់ត្រូវចូលរួមសហការ ជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។
លោកមានប្រសាសន៍ ក្នុងវត្តវណ្ណារាម ហៅវត្តថ្មី នាថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៥ នេះនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន១៣ នៃឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រួមមាន៖ ភូមិពពេល ភូមិពង្រ១ ភូមិពង្រ២ ភូមិថ្មី ភូមិសំបូរ ភូមិអូររូង ភូមិពោធិ៍ ភូមិជ័យបូរ ភូមិផ្លុង ភូមិតាព័រ១ ភូមិតាព័រ២ ភូមិអូរខ្លុង និងភូមិដងផ្អាវ។
លោក ហ៊ី សាយ បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬ មិនពាក់ព័ន្ធនឹងដីរដ្ឋផងដែរ។
លោក ហ៊ី សាយ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដី ដោយបានឯកភាពព្រំ រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធ នឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឲ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និង ទាំងលក្ខណៈច្បាប់ផងដែរ។
លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឲ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និង ការទទួលខុស ត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។
លោកអភិបាលរងស្រុកជីក្រែង ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីឲ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យទៅបាន គឺទាមទារកិច្ចសហការរបស់បងប្អូនប្រជាពលរដ្ឋដែលម្ចាស់ដីផ្ទាល់ ត្រូវចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ ជាមួយគ្នានោះផងដែរលោកធូ ចន្ថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយ បន្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដីដែលពុំបានចួលរួមឲ្យបានដឹងនិងចូលរួមបោះបង្គោលព្រំដី ដោយបានឯកភាពព្រំ រវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធមួយចំនួន ឲ្យបានគ្រប់ៗគ្នាផងដែរ៕SRP
