Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមផ្ញើសារលិខិត គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកសូទ្រនិគម ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើអាស លើអនីតិជនអាយុក្រោម១៥ឆ្នាំ។ ហេតុការណ៍អំពើអាសកើតឡើងនៅថ្ងែទី០២ ខែសីហា ឆ្នាំ២០២២  វេលាម៉ោង ១៤ នៅចំណុចផ្ទះសំណាក់ពន្លឺចន្ទ្រា ភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទីទី០៣ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្រោយពីទទួលបានពាក្យបណ្ដឹង។ ជនសង្ស័យឈ្មោះ លន់ សុខលី ភេទ ប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំ្រងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ចំណែកជនរងគ្រោះ ឈ្មោះ ឡ.ច.យ ភេទស្រី អាយុ ១៣ឆ្នាំ រស់ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿងតាមបន្តនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២២

ខេត្តសៀមរាប៖នារីបម្រើការងារនៅក្នុងហាងម៉ាក់ប្រាងថ្មី ម្នាក់ត្រូវបានបុរសចំនួន២នាក់ តេហៅយកទៅរំលោភបូក នៅក្នុងព្រៃឧទ្យានអង្គរ។ កំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីរំលោភសេពសន្ថវៈ​បានកើតឡើងថ្ងៃ ព្រហស្បតិ៍  ទី០៤  ខែសីហា  ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុងក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

កំណត់ហេតុបានបន្តថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាក់ប្រាងថ្មី មានទីលំនៅកំណើត ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំសេរី មិនចាំផ្លាកលេខ។

កំណត់ហេតុបញ្ជាក់ថាករណីនេះមូលហេតុ ជនសង្ស័យបានខលទូរស័ព្ទទៅជនរងគ្រោះ ថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឈឺធ្ងន់អោយទៅជួយមើល។ ប៉ុន្តែជនរងគ្រោះ ប្រាប់ថា មិនមានម៉ូតូជិះ​​ ក៏អោយជនសង្ស័យ មកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺ។ នៅពេលជនសង្ស័យ ទៅយកជនរងគ្រោះ ខាងលើ ក៏បានឌុបមកដល់ចំណុច កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចតែម្ដងទៅ។ ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសួរនាំដើម្បីបន្តនិតិវិធី។ តែទោះជាយ៉ាងណាជនរងគ្រោះ ចាំបានភិនភាគជនសង្ស័យបានតែម្នាក់ផងដែរ។ ពាក់ព័ន្ធហេតុការណ៍បែបនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តសៀមរាប៖លោក Park Sungjin បានឱ្យដឹងថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និងធ្វើឱ្យកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប និង មានភាពប្រសើរឡើងវិញ។ ម៉្យាងទៀតលោម ក៏និងជម្រុញដល់កិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀតផងដែរ។

លោក Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បញ្ជាក់បែបនេះនៅថ្ងៃទីពុធ នេះ ក្នុងឱកាស លោកទៀ សីហា អភិបាលខេត្តសៀមរាប បាន អនុញ្ញាត លោកចូលជួបសម្តែងការគួរសមនិងជម្រាបលា មុនពេលបញ្ចប់អាណត្តិ អគ្គកុងស៊ុលប្រចាំខេត្ត នៅសាលាខេត្តសៀមរាប។

លោក Park Sungjin បានសម្តែងកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវីដ-១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅ ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ​ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង។

លោកក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដោយមិនបានប្រកាន់ពូជសាសន៍ពណ៌សម្បុលដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ។ ម៉្យាងទៀត ក៏បានយកចិត្តទុកដាក់លើសន្តិសុខ សុវត្ថិភាពជូនដល់ ប្រជាជនកូរ៉េ ហើយដែលមានប្រជាជនកូរ៉េ ប្រមាណ ២​ ០០០នាក់កំពុងរស់នៅប្រកបមុខរបរការងារអាជីកម្មនៅខេត្តសៀមរាប។ លោកក៏បានបញ្ជាក់ថា ដោយបញ្ហាវិបត្តិកូវីដ បានធ្វើឱ្យមានភាព អសកម្មលើកិច្ចទំនាក់ទំនងសហប្រតិបត្តការ រវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី នៃសាធារណរដ្ឋកូរ៉េ ជាមួយ ខេត្តសៀមរាប។

ក្នុងជំនួនលោក ទៀ សីហា បានលើកឡើងថាក្នុងរយៈពេល៣ឆ្នាំមកនេះ លោកអគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់។ ម៉្យាងទៀតក្នុងពេលកន្លងមក អគ្គកុងស៊ុលកូរ៉េប្រចាំខេត្ត ក៏បានធ្វើការសម្របសម្រួល នូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប។

លោក ទៀ សីហា ក៏បានលើកផងដែរថា ចំពោះកិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រី ជាមួយខេត្តសៀមរាប ដែលបានអសកម្ម កន្លងមកដោយបញ្ហាជំងឺកូវីដ-១៩ ធ្វើឱ្យមានការអាក់ខាន ក៏ពិតមែន តែកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពនឹងទៅមុខជានិច្ច។ ម៉្យាងទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយលោកអភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នារ វាងខេត្ត​ ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និង ប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

លោក ទៀ សីហា ក៏បានលើកផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ កន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម , អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង។

អភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជា នៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់ មកខេត្តសៀមរាប នឹងធ្វើឲ្យវិស័យទេសចរណ៍ នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២២

ខេត្តសៀមរាប៖រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍ ជនជាតិបរទេស បានបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់និងរបួសធ្ងន់ស្រាលចំនួន៥នាក់។

ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១៧និង០០នាទី នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកនេះថា រថយន្តក្រុងម៉ាក Hyundai ពណ៌ស.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើក បរ ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ ក្នុងទិសដៅពីកើតទៅលិច មានអ្នករួមណើរជាភ្ញៀវបរទេសចំនួន០៨នាក់។

ចំណែកអ្នកបើកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិច ទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់។

ប្រភពបានបញ្ជាក់ថា មូលហេតុ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពី អ្នកបើកបរ រថយន្តមិនប្រកាន់ស្តាំ។

លោកសោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យនឹងប្រមូលវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២២

ខេត្តសៀមរាប៖រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ ដើម្បីជំរុញទាក់ទាញ កំណើនភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប។

ជុំវិញករណីនេះ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញ ភ្ញៀវទេសចរ អន្តរជាតិបង្កើនការមកទស្សនា ខេត្តសៀមរាប ឡើងវិញសម្រាប់រយៈពេលខ្លីចំពោះមុខនេះ គឺត្រូវរួមគ្នាបន្តអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗទាក់ទាញបន្ថែម ប្រកបដោយភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព ថ្លៃសមរម្យ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ នៅតាមតំបន់អាទិភាពទាំង៦ មានដូចជា តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់បេតិកភណ្ឌអង្គរ តំបន់ក្រុងសៀមរាប តំបន់បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ដោយពង្រឹងគុណភាព សេវាឱ្យបានល្អប្រសើរ និងរៀបចំកញ្ចប់ទស្សនកិច្ច ជាមួយតម្លៃសមរម្យមកកាន់ខេត្តសៀមរាប ទាំងសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិ ឆ្ពោះទៅការប្រារព្ធយុទ្ធនាការទស្សនាកម្ពុជា ឆ្នាំ២០២៣ (Visit Cambodia Year 2023)។

លោក ថោង ខុន មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ សមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្ម ភាពឆ្នាំ២០២២-២០២៣ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នៅថ្ងៃចន្ទនេះ។

ក្នុងពិធីលោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦ម៉ឺននាក់ កើនឡើងក្នុងអត្រា១.០២៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ និងភ្ញៀវទេសចរ ផ្ទៃក្នុងប្រមាណជាង១លាននាក់ កើនឡើងក្នុងអត្រា៧៩៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះជើងហោះហើរ មកកាន់ខេត្តសៀមរាបមានចំនួន៣៨៧ជើង នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។

លោក ទៀ សីហា បន្តថា ខេត្តសៀមរាបនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃ ក្នុងជាង២លាននាក់នឹងមកទស្សនា ខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣។

លោកអភិបាលខេត្ត បន្ថែមថា ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានរៀបចំអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា “គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន” ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលគោលការណ៍នេះ ទាមទារឱ្យមានការអនុវត្ត ប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដោយបានទទួលការអនុម័ត ពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយផែនការមេនេះ បានកំណត់ចក្ខុវិស័យសៀមរាបជា “គោលដៅទេសចរណ៍អន្តរជាតិ ដ៏ទាក់ទាញ ប្រកបដោយគុណភាព, ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគាំពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ, និងមានភ្ញៀវទេសចរ មកកម្សាន្ត បានម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ”។

ចំណែកលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធចំណុះ ឱ្យយន្តការនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ត្រូវពិភាក្សា និងសហការជាមួយរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងខេត្តសៀមរាប ដើម្បីរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ ខេត្តសៀមរាប ដោយឡែកមួយឱ្យបានរហ័ស ស្របតាមមាគ៌ាចង្អុលផ្លូវ ដែលបានកំណត់ក្នុង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឲ្យពន្លឿនការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីបង្កើនសមត្ថភាពផ្ទុកអ្នកដំណើរ តាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប និង លើកទឹកចិត្តដល់ការបន្តខិតខំអភិវឌ្ឍ ក្រុងសៀមរាប និងតំបន់អាទិភាពទាំងអស់ ជាក្រុងទេសចរណ៍ឆ្លាត និងគោលដៅទេសចរណ៍ឆ្លាត និងរដ្ឋបាលខេត្តសៀមរាប ត្រូវរៀបចំសណ្តាប់ធ្នាប់ សម្អាត និងថែរក្សាអនាម័យក្នុងក្រុង ទីប្រជុំជន និងតាមគោលដៅទេសចរណ៍ ឱ្យបានល្អប្រសើរ។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលបានអនុម័តនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» រួចមកហើយ ហើយកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះរាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការ នូវសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់តំបន់អាទិភាព ទាំង៦ រួមមាន៖១. តំបន់ឧទ្យានជាតិភ្នំគូលែន ត្រូវដឹកនាំដោយក្រសួងបរិស្ថាន , ២. តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប , ៣. តំបន់បេតិកភណ្ឌអង្គរ ជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា , ៤. តំបន់ក្រុងសៀមរាប ត្រូវដឹកនាំដោយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប , ៥. តំបន់បឹងទន្លេសាប ត្រូវដឹកនាំដោយគ្រឹះស្ថានអង្គរ និង ៦. តំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវដឹកនាំដោយក្រសួងទេសចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតក្រោយពីបានសាកសួរចប់ តុលាការខេត្តសៀមរាបបានសម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២២ នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។

លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណា សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់។

បើតាមមន្ត្រីបញ្ចាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។

ស្ត្រីឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។

សូមរំលឹកថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២ ជាងយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួន លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការប៉ូលិសខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ។

ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។ ករណីនេះ
កម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (កងរាជអាវុធហត្ថនិងនគរបាល) ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្ត។

បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងប្រពន្ធរបស់ខ្លួន។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២២

ខេត្តសៀមរាប៖ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រកាសផ្លាស់ប្តូរទីតាំង និងសម្ពោធអគារថ្មី របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។

អគារថ្មីនេះមានទំហំ ១៣៥៨ ម៉ែត្រការ៉េ  ស្ថិតនៅលើផ្ទៃដីសរុប ៥២៥៣ ម៉ែត្រការ៉េ នៅជិត ទីប្រជុំជន នៃក្រុងសៀមរាប ដែលនឹងផ្តល់នូវភាពងាយស្រួល ជាងមុន ដល់អតិថិជន ក្នុងការស្វែងរក។ នៅទីតាំងថ្មីនេះផងដែរ ក្រុមហ៊ុនក៏បានបំពាក់នូវសម្ភារៈបរិក្ខារទំនើបថ្មីៗជាច្រើន ដែលផ្តល់នូវផាសុកភាព និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ដល់អតិថិជន។

តាមរយៈសន្ទរកថារបស់លោក រីយ៉ូជិ ហ៊្វូជិតា ​អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបញ្ជាក់ថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តសៀមរាប នេះ បានបើកដំណើរការតាំងពីឆ្នាំ២០១២ រហូតមកដល់ពេល បច្ចុប្បន្ន មានរយៈពេលជាង១០ឆ្នាំហើយ។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រពីសំណាក់អតិថិជនជាច្រើន ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរមកទីតាំងថ្មី ដែលអាចដាក់តាំងបង្ហាញរថយន្តជាច្រើនម៉ូឌែល រួមជាមួយយានដ្ឋានជួសជុល ធំទូលាយ មានស្តង់ដារខ្ពស់ ចំណតរថយន្តអតិថិជនប្រកបដោយសុវត្ថិភាព កន្លែងផ្តល់ សេវាកម្មប្រឹក្សាជួសជុលរថយន្តរហ័សទាន់ចិត្ត និងកន្លែងទទួលភ្ញៀវយ៉ាងស្រស់ស្អាតដែលអតិថិជនអាចរីករាយ ជាមួយការទទួលទាននូវភេសជ្ជៈជាច្រើនជម្រើស។

លោកបានបន្តទៀតថា៖ ជោគជ័យដែលក្រុមហ៊ុនទទួលបាននាពេលបច្ចុប្បន្ននេះ គឺតាមរយៈទំនុកចិត្តដែលក្រុមហ៊ុនបានកសាងជាមួយអតិថិជនជាយូរមកហើយ ក្នុងការផ្តល់នូវផលិតផលនិងសេវាកម្មប្រកបដោយ គុណភាព សុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

​សូមបញ្ជាក់ថាទីតាំងថ្មីនេះ នឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ តទៅ ដោយរួមមានការផ្តល់សេវាកម្មដូចជា លក់រថយន្តថ្មី  ផ្តល់សេវាកម្មថែទាំនិងជួសជុលទូទៅ លក់គ្រឿងបន្លាស់សុទ្ធ ទិញចូលនិងលក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ ​(បង់រំលោះ) ជាដើម។

លោកអ្នកអាចមកទទួលយកបទពិសោធន៏ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)សាខាខេត្តសៀមរាប   ចាប់ពីថ្ងៃជូនដំណងនេះតទៅ។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៧ ២២២៥៥៧/ ០១៧​៣៣៣៥២២។

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖មន្ត្រីប៉ុស្ដិ៍ស្លក្រាមបានឲ្យដឹងថានៅវេលា ម៉ោង០៧ ថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០២២  នៅត្រង់ ចំណុចផ្ទះជួល  ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប  មានករណីធ្វើអត្តឃាតចងក សម្លាប់ខ្លួន។

ជនរងគ្រោះ ឈ្មោះ  Loots Andries stephanus  ភេទ ប្រុសអាយុ ៧១ឆ្នាំជនជាតិ អាហ្រ្វិកខាត្បូង  កាន់លិខិតឆ្លងដែនលេខ  M00089421 មុខរបរគ្មានស្នាក់ នៅបន្ទប់ជួល  ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីប៉ុស្ដិ៍បន្តថាផ្អែកតាមសាក្សីនិងតាមការបំភ្លឺពិនិត្យសាកសពនិងផ្អែក លោកគ្រូពេទ្យ កោសល្យវិច័យ ខេត្តសៀមរាប ជនរងគ្រោះ បានស្លាប់ដោយសារមានវបត្តិជម្ងឺទឹកនោមផ្អែមទើបចងកសម្លាប់ខ្លួន។ បើតាមមន្ត្រីសាកសព ត្រូវបានដឹកយកទៅតម្កល់ ទុកនៅវត្តទឹកថ្លាទីក្រុងភ្នំពេញ រង់ចាំសាច់ញាតិនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ប៊ីចេងសញ្ញារូបវែក ក្លែងក្លាយប្រមាណជិត២០តោន ធ្វើបានសមត្ថកិច្ចចម្រុះធ្វើការដុតកម្ទេចចោលកាលម្សិលមិញ។

ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់ សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ត សៀមរាប។

អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ គ.ប.ផ.ក និងជាអ្នកដឹកនាំការបង្រ្កាប លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានមានប្រសាសន៍នៅក្នុងពិធីដុតបំផ្លាញនេះថា ប៊ីចេងទាំងនេះ មានប្រមាណជាង១៨តោន ត្រូវបានរឹបអូស កាលពីចុងឆ្នាំ ២០១៩ នៅក្នុងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា បានបន្តថា ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ក៏បានធ្វើការចាប់ខ្លួនម្ចាស់ទីតាំងខាងលើ យកទៅផ្តន្ទាទោសផងដែរ។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ជារឿយៗនៅពេលទទួលបានព័ត៌មាន អំពីផលិតផលក្លែងក្លាយ កម្លាំងសមត្ថកិច្ច តែងតែចុះធ្វើការបង្រ្កាបទាន់ពេលវេលា ហើយការបង្ក្រាបមានទាំងការដកហូតវត្ថុតាង និងឃាត់ខ្លួនមនុស្ស បើទោះជាអ្នកនោះគេច ខ្លួនរួចក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនដែរ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលើកឡើងថា ការបង្រ្កាបផលិតផល ក្លែងក្លាយជារឿងមួយដែលយើង ត្រូវចូលរួមដោយសារថា ផលិតផលក្លាយក្លាយ បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសខេត្តសៀមរាបដែលជាខេត្តតំបន់ទេសចរណ៍។

សូមជម្រាបថា កាលពីថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចរបស់ គ.ប.ផ.ក សហការជាមួយ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាប បង្ក្រាបទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញរូបវែក ក្លែងក្លាយមួយកន្លែងនៅផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរឹបអូសវត្ថុតាងជាប៊ីចេង បានប្រមាណជាង១៨ តោន និងឃាត់ខ្លួន ម្ចាស់ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការសាលាដំបូងខេត្តសៀមរាប។

បើតាម លោក ប៉ុក តារា ជាតំណាងអយ្យការដែលចូលរួមក្នុងពិធីដុតបំផ្លាញប៊ីចេងនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ម្ចាស់ទីតាំងខាងលើ ត្រូវបានចៅក្រមសាលាដំបូងចេញសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយទោសនោះក៏អនុវត្តរួចរាល់ហើយដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២២

ខេត្តសៀមរាប៖ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសដឹកនាំ ដុតកម្ទេចប៊ីចេងក្លែងក្លាយ នៅស្រុកប្រាសាទបាគង មន្ត្រីបានឲ្យដឹងថា សមត្ថកិច្ចជំនាញនឹងបន្តសា្រវជ្រាវទប់ស្កាត់បង្ក្រាបការផលិតឬលក់ (លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ដែលមានជនមួយចំនួនបានបង្ហោះលក់តាមប្រព័ន្ធអនឡាញ។

លោកទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបញ្ជាក់ថា កន្លងមក គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) បានបង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់ហើយជនមួយចំនួនត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការផងដែរ។ ចំណែកជនមួយចំនួនទៀតដែលនៅតែបង្ហោះលក់សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ដោយឡែកចំពោះការបង្ហោះលក់ឡេមួយចំនួនតាមប្រព័ន្ធ online លោកបានបញ្ជាក់ថា ការលក់ទាំងនោះយើងមិនប្រាកដថាខុសច្បាប់នោះទេ គេអាចមានច្បាប់ ហើយប្រសិនបើយើងចុះទៅទុកស្កាត់បង្ក្រាបការលក់នោះលើកលែងតែយើងដឹងច្បាស់ថាការលក់នោះមានអត់ច្បាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការលក់ឡេតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវបានគេដឹងថា ពួកគេមួយចំនួនបានសុំច្បាប់ទៅតាមក្រសួងជំនាញពាក់ព័ន្ធដែរ។

បើទោះបីសមត្ថកិច្ចជំនាញអះអាងថា កន្លងមកបានទប់ស្កាត់បង្ក្រាបការលក់ លិង្គសិប្បនិមិត្ត បុរសនារី ) ឬឧបករណ៍សិច ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បច្ចុប្បន្នគេសង្កេតឃើញមានការបង្ហោះលក់ឧបករណ៍បែបនេះនៅតាមប្រព័ន្ធបណ្ដាញសង្គមយ៉ាងផុសផុល៕

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page77 Page78 Page79 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×