ខេត្តសៀមរាប៖សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលចាប់តាំងពីមានការស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរខេត្តសៀមរាប។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទីពុធនេះ បានលើកឡើងថា៖ ដោយសារស្ថានភាពសន្តិភាពពេញលេញ សន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច/សង្គម និងកំណើនប្រជាជន និន្នាការ និងសកម្មភាពសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ បានចាប់ផ្តើមកាន់តែខ្លាំងចាប់ពីឆ្នាំ២០០១ មកម្លេះ ហើយចាប់ពីឆ្នាំ២០១៧ មក ដោយសារកំណើននៃសំណង់ខុសច្បាប់ យើងធ្លាប់ទទួលបានលិខិតព្រមាន និងស្នើសុំការបកស្រាយ២ដងរួចមកហើយ ពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
លោកហង់ ពៅ បន្តថា ទោះបីជាមានទិន្នន័យជាគោល ព្រមទាំងយន្តការអមផ្សេងៗ សម្រាប់អនុវត្តក៏ដោយ បច្ចុប្បន្ននេះ ក៏មានសំណង់ខុសច្បាប់ នៅតែមានការកើនឡើងហួសពីការស្មាន បើធៀបនឹងឆ្នាំ២០០៤។ កត្តាចំបងៗនៃការកើនឡើងនេះ គឺភាគច្រើនដោយសារកំណើនប្រជាជន ការរីកចម្រើនខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច ទេសចរណ៍របស់ក្រុងសៀមរាប ចំណាកស្រុក និងការរីករាលដាលនៃក្រុងសៀមរាប ចូលក្នុងតំបន់ការពារ រួមទាំងកង្វះខាតនៃការគ្រប់គ្រងផងដែរ។
លោកបានបន្តថា ចាប់ពីឆ្នាំ២០០៤មក ដោយពុំមានទិន្នន័យច្បាស់លាស់ ពីចំនួនសំណង់ខុសច្បាប់ ការដាក់ចេញនូវផែនការសកម្មភាពគ្រប់គ្រងតំបន់ការពារ នៅពុំទាន់មានប្រសិទ្ធភាព។ ដោយឡែក សម្រាប់សំណង់ខុសច្បាប់ ដែលទើបកើតមាននារយៈពេល៣ខែចុងក្រោយនេះ ចំនួន៣៩៨ ព្រមទាំងករណីបន្ថែមដែលទើបសាងសង់២សប្តាហ៍ថ្មីៗនេះចំនួន៧៨ករណី ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសម្រេចរើចេញ បាន២០២ សំណង់ នៅសល់២៧៤សំណង់ ដោយសារភាពមិនសហការរបស់ម្ចាស់សំណង់ និងការបន្តស្នើសុំពន្យាពេលរុះរើពីសំណាក់អាជ្ញាធរដែនដី។
សូមជម្រាបថាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានចេញលិខិតមួយដោយស្នើសុំឲ្យអាជ្ញាធរជាតិអប្សរា ផ្អាកជាបណ្តោះអាសន្ននូវការរុះរើសំណង់ និងការ្យផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស បានហៅការចេញលិខិតនេះថា ជាការខុសឆ្គង ហើយអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវចំពោះរឿងនេះ និងហៅសំណង់ខុសច្បាប់ទាំងនោះ ថាជាសំណង់ដ៏គួរឲ្យខ្មាស់អៀន។
លោកជា សុផារ៉ា បានមានប្រសាសន៍ថា នៅក្នុងរមណីយដ្ឋានអង្គរ មានសំណង់ខុសច្បាប់ប្រមាណជាង៨ពាន់សំណង់ ដែលជាសំណង់ដ៏គួរឲ្យខ្មាសអៀន។
រដ្ឋមន្រ្តីបន្តថា ចាប់តាំងពីរដ្ឋបាលខេត្តសៀមរាប ចេញលិខិតចុះថ្ងៃទី២៧ មិថុនា ឆ្នាំ២០២២ សំណង់មានសំណង់ខុសច្បាប់ចំនួន៣៩៨សំណង់ ត្រូវបានសាងសង់ ដូច្នេះអភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ដោយត្រូវមោឃៈភាពលិខិតនោះជាបន្ទាន់។ បើទុកដូចជាការលើកទឹកចិត្ត ដល់ការរីករាលដាលនៃសំណង់ខុសច្បាប់មិនអាចគ្រប់គ្រងបាន។
លោកជា សុផារ៉ា បានថ្លែងបញ្ជាក់ទៀតថាដោយសារតែព្រះរាជក្រឹត្យ លេខ០០១នសចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ បានចាត់ទុករមណីយដ្ឋានអង្គរជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយចំណូលដែលបានពីវិស័យទេសចរណ៍អង្គរ ទទួលបានរាប់រយលានដុល្លារក្នុង១ឆ្នាំៗនោះ ចាប់ពីពេលនេះតទៅ គឺអាជ្ញាធរទាំងអស់ត្រូវបញ្ចប់ ការទទួលស្គាល់ ការធ្វើជាសាក្សី នូវរាល់ចរន្តនៃលក់ដូរដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ចំណែកប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ក៏កុំច្រឡំនិងឈប់ស្រមើស្រមៃថា អាចនឹងទទួលបានសិទ្ធិកាន់កាប់ដី តទៅទៀតនៅថ្ងៃណាមួយឱ្យសោះ។ «ចំពោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់១និងតំបន់២នៃរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាយូរមកហើយនោះ គឺពួកគាត់មានសិទ្ធិរស់នៅបន្តដោយគ្មានការបណ្ដេញឱ្យចាកចេញឡើយ ក៏ប៉ុន្តែការធ្វើផ្ទះថ្មីជំនួសផ្ទះចាស់ ឬក៏ការជួសជុលផ្ទះត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា»៕SRP