ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិននៅព្រឹកមិញនេះ បាននាំយកម៉ូតូស៊េរីថ្មី ចំនួន ៨គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនសិស្សាពូកែ និទ្ទេស A ប្រចាំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោកខៀវ កាញារីទ្ធ តាងនាមអោយ សម្តេចតេជោនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការអបអរសាទរចំពោះ សិស្សានុសិស្សទាំងអស់ក្នុងស្រុកកោះសូទិន ដែលទទួលបានជោគជ័យ ពីការប្រឡង មធ្យមសិក្សា ទុតិយភូមិក្នុងសិក្សា ២០២០-២០២១ នេះ និងបានថ្លែង អំណរគុណដល់ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល អាជ្ញាធរស្រុក និងភាគី ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន ជួយឧបត្ថម្ភគាំទ្រ និងរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ រហូតទទួលបានលទ្ធផលល្អ។
ដូច្នេះអ្វីដែលសំខាន់សម្រាប់ក្មួយៗដែលទើបប្រឡងជាប់ហើយត្រូវបន្តការ សិក្សាថ្នាក់មហាវិទ្យា គឺជាសម្រេចចិត្តធំណាស់ ហើយត្រូវច្បាស់ខ្លួនឯងត្រូវរៀន ជំនាញអ្វី អោយច្បាស់លាស់ កុំចេះតែរៀនតាមគេ នៅពេលចេញធ្វើការងារ នឹង មិនបានជោគជ័យនោះទេ ព្រោះមិនត្រូវតាមចំណូលចិត្តខ្លួន។
តាមរយ:នេះរដ្ឋមន្រ្តី បានបញ្ជាក់ពីការជួយផ្តល់ជាអាហាររូបករណ៏ ដល់សិស្សដែល ខ្វះលទ្ធភាពចង់បន្តសិក្សាថ្នាក់ មហាវិទ្យាល័យ ហើយសម្រាប់ឱកាសនេះ លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានផ្តល់នូវអាហាររូប ករណ៏ ១០០% ចំនួន១០ កន្លែង នៅសកលវិទ្យាល័យ IU គ្រប់ជំនាញ ក្រៅពី ជំនាញផ្នែសុខាភិបាល។
លោកបានជម្រាបជូនថា នៅក្នុងសតវត្សទី២១ នេះ ប្រទេសដែលខ្លាំងមិនមែនមានទ្រព្យសម្បត្តិច្រើន មាន ប្រជាជន ច្រើន នោះទេ សំខាន់មានអ្នកចេះដឹងច្រើន មានខួរក្បាលដែលវៃឆ្លាត ទើបអាចធ្វើការអភិវឌ្ឍប្រទេសជាតិ បានរីកចំរើនយ៉ាងឆាប់រហ័ស។
លោកក៏បានជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹង ប្រែងសិក្សារៀនសូត្រ នៅថ្នាក់មហាវិទ្យាល័យបន្តទៀត ដើម្បីក្រេប ជញ្ជក់នូវ ចំណេះវិជ្ជា សំដៅពង្រឹងសមត្ថភាពរបស់ខ្លួន ឱ្យទៅក្លាយជាសសរ ទ្រូងឆ្នើម របស់ប្រទេសជាតិ និងត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ ក្រមសីលធម៌ និង គុណធម៌ ស័ក្តិសមជាកុលបុត្រកុលធីតាល្អ ដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្ត វេនក្នុង ការចូលរួមស្តារ និងអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ប្រែ ក្លាយប្រទេសជាតិយើងឱ្យទៅជាប្រទេសជឿនលឿន។
គួរបញ្ជាក់ថា អំណោយជាម៉ូតូទាំង ៨គ្រឿងនេះ គឺជាការចូលរួមជួយ ឧបត្តម្ភពី ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ក្នុងនោះរួមមាន៖លោក លី វ៉ាន់ហុង ម៉ូតូ ២គ្រឿង លោក ហួត ឃាងវេង ១គ្រឿង លោក សុខ ប្រសិទ្ធិ ១គ្រឿង លោក អ៊ុក សំរេច ១គ្រឿង លោក ស៊ូនី វង្សវិសិដ្ឋ ១គ្រឿង លោក ផុស សុវណ្ណ ១គ្រឿង និង លោក ឃឹម វុទ្ធី ម៉ូតូ១គ្រឿង។ ដោយឡែក លោក សឿម ណារិន និងអ្នកស្រី ខេង ពិទូពុធធីតា ម្ចាស់ហាង ម៉ូដស្ទ័រ Modestore ចូលថវិកាចំនួន៥លានរៀល សម្រាប់ដំណើរ ការកម្មវិធីនេះដែរ៕SRP