ខេត្តកំពង់ចាម៖ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមហាកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមីនា នេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គណបក្សប្រជាជន បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិ ក្នុងនាមជាប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។
លោកហ៊ុន ម៉ាណែត ក៏បានសំដែងការអបអរសាទរផងដែរ ចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយជោគជ័យនេះកើតមានទ្បើងដោយសារប្រតិបត្តិករ ៣សំខាន់៖ ទី១. គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវ ល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញ ដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។ ទី២. គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ ទី៣. គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ៕SRP