ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា៖ ចំពោះការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា៖ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើ ព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអក្សរសាស្រ្តជាតិ នាគ្រប់សម័យកាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃសុក្រម្សិលមិញ។
លោកឧត្ដមសេនីយហ៊ុន ម៉ាណែត បានលេីកឡេីងថា៖ ការដឹកនាំដោយធម៌ គឺពិតជាសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលសព្វថ្ងៃ បានដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋ ចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជក់ថា សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែកដោយមិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេស ការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវផងដែរ៕SRP