Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៣

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១៣. ១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ាននេះ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ាន ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម និងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ ទន្ទឹមនេះ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្ដីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

ខេត្តសៀមរាប៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយលាតត្រដាងរឿងអាស្រូវ របស់លោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ ផឹកស៊ីស្រវឹងជោគជាំ មានកំហឹងក្រេវក្រោធ បាននាំកូនប្រុសរបស់ខ្លួន មកប្រើអំពើហិង្សាលើ លោក ឆោម ស៊ីថា ភេទប្រុស ចាងហ្វាងកាសែតកម្ពុជា ដោយសារខឹងសម្បានឹងចាងហ្វាងអ្នកកាសែតរូបនេះ បានចុះផ្សាយអំពីឈ្មោះ វៃ ដែលជាកូនប្រុសរបស់ខ្កួន បានឈូសឆាយដីព្រៃរបស់រដ្ឋអស់រាប់រយហិកតា។

ការប្រើអំពើហិង្សានេះកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រភពពីពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានលួចខ្សឹបប្រាប់ថា លោក ឆោម ស៊ីថា រងការវាយដំពី លោកអភិបាលរងស្រុកស្វាយលើ និងគូកន (កូនប្រុសពីរនាក់) ពិតប្រាកដមែន ដោយមានអ្នកវាយ មានអ្នកថតរូបទុកទៀតផង តែសំណាងល្អ​ បានបងប្អូនពលរដ្ឋ ដែលនៅក្បែរនោះ ទៅជួយអន្តរាគមន៍ ចាប់ឃាត់បំបែក។

លោក ឆោម ស៊ីថា បានប្រាប់កាសែតក្នុងស្រុកមួយថា៖ រូបលោកពិតជាត្រូវបាន លោកអភិបាលស្រុកស្វាយលើ​ និងកូនៗរបស់គាត់ ប្រើហិង្សាពិតប្រាកដមែន។

លោក ឆោម ស៊ីថា បន្តថា បន្ទាប់ពីមានការប្រើអំពើហិង្សាយ៉ាងដូច្នោះ លុះព្រឹកឡើងខាងស្រុក បានមកសុំទោស សូមសម្របសម្រួលបញ្ចប់រឿងអស់ហើយ។

លោកឆោម ស៊ីថា បានបន្ថែមថា លោករស់នៅក្រោមការគ្រប់គ្រងរបស់គេ​ ហើយគេជាអភិបាលរងស្រុក​ផង​ លោកមិនហ៊ានតតាំងជាមួយគេទេ សុំតែរស់ សុំតែសុខ ទៅបានហើយ។

សូមជម្រាបថា ថ្មីៗនេះមានបណ្ដាញសារព័ត៌មាន បានចុះផ្សាយថា ឈ្មោះ វៃ កូនលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើបានយកគ្រឿងចក្រអេស្កា ទៅឈូសឆាយដីព្រៃបម្រុងរបស់រដ្ឋ នៅឃុំកន្ទួតនិងឃុំតាសៀម រាប់រយហិកតា។

អង្គភាព សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលការបកស្រាយបំភ្លឺ ពីលោក សាធ ពៅ អភិបាលរងស្រុកស្វាយលើ និងលោក វៃ កូនប្រុសខ្លួនបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកស្វាយលើ ត្រូវបានក្រុមឈ្មួញមានអំណាចឃុបឃិតគ្នា ជួលគ្រឿងចក្រឈូសឆាយដីរបស់រដ្ឋ អស់រាប់រយហិកតា ដើម្បីវាទយកធ្វើជាកម្មសិទ្ធិ។

ករណីនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ការឈូសឆាយដីព្រៃនៅតំបន់ស្រុកស្វាយលើ គ្រប់គ្រងដោយខាងបរិស្ថាននិងតំបន់ខ្លះគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។

នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប សម្ដេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

ខេត្តសៀមរាប៖បើទោះបីជាមានការផ្សព្វផ្សាយ តាមសារព័ត៌មានជាច្រើន ជុំវិញ មានការលើកឡើងថា ក្រុមឈ្មួញដែលបានសិទ្ធិ ទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំ របស់លិខិតរដ្ឋបាលខេត្តសៀមរាប រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ គេនៅមិនទាន់ឃើញអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យនៅឡើយទេ។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ជាច្រើនខែមកហើយ គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារដើម្បីសង្គ្រោះត្រីពូជ។

បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដី ពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។

ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា  ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។

ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃ និងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំង ណយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។

មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដី ចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារ មានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៣

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ  និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពង្រលើ បានចាប់ឃាត់គោយន្តកន្រ្តៃ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបាក់ចិញ្ចៀន ភូមិ ស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បន្តថា ករណីនេះក្រុមជំនាញបាន
រឹបអូសឈើអារប្រភេទ ចំបក់ចំនួន ៦៣សន្លឹកស្មើ២,៥៦៨ ម៉ែត្រត្រីគុណ។ វត្ថុតាង ត្រូវបានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី​។

ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ​ ដោយលោក​ ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប​ និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់​ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថ​ស្រុក​ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត រដ្ឋបាលព្រៃឈើបន្ទាយស្រីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សរុបប្រមាណចំនួន ២១នាក់។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា មន្ត្រីខាងលើបានចូលរួមចុះពិនិត្យទីតាំងដី ដែលបានឈូសឆាយ ក្នុងតំបន់ការពារត្រង់ចំណុចខាងកើតត្រពាំងបាញ់ខ្លា ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បន្តថាក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងឃើញថា ទីតាំងដីខាងលើនេះ ត្រូវបានកាប់ទន្រ្ទានឈូសឆាយដីព្រៃប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ចកិច្ចសិរីមុនី​។ ក្នុងនោះ ក្រុមការងារបានចុះកំណត់ព្រំប្រទល់និយាមការ សម្រាប់រៀបចំធ្វើផែនទីដី ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៣

សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងផលិតផល ចេញពីអំពិលទុំ ដ៏ធំមួយកន្លែងនៅក្រុងសៀមរាប ដោយស្ងាត់ៗ កាលពីចុងខែមេសា។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅក្បែរភោជនីយដ្ឋានអង្គាដី ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

មន្ត្រីជំនាញនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ តាមទូរស័ព្ទថា ពិតជាមានករណីចុះបង្ក្រាបទីតាំងផលិតផលនោះប្រាកដមែន នៅចំណុចខាងលើ ប៉ុន្តែកម្លាំងនគរបាលជំនាញខេត្តសៀមរាប គ្រាន់តែសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមកពីក្រសួង តែប៉ុណ្ណោះ។

មន្ត្រីនគរបាលរូបនោះបានបន្តថា ការបង្ក្រាប គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានពន្លៀត ការងារមកពីខេត្តឧត្តរមានជ័យ ហើយនីតិវិធីគឺ នៅគណៈកម្មការបង្ក្រាប ជាអ្នកសម្រេច ហើយទីតាំងនោះ អាចមានច្បាប់ប៉ុន្តែខ្វះឯកសារមួយចំនួនពីសុខាភិបាល។ ហើយការផលិត អាចឡេឬស្កាប់ផងដែរ។

យោងតាមប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប មួយរូបទៀតបានបញ្ជាក់ថា៖ ពិតជាមានករណីកើតឡើងមែន៖
-កំពុងឃាត់ទុកវត្ថុតាង បណ្តោះអាសន្ន នៅទីតាំងបង្រ្កាប
– សមត្ថកិច្ចខេត្តចុះបង្រ្កាប ដោយគ្មានរបាយការណ៍ ( សម្ងាត់) គេលាក់ការណ៍។

បើតាមប្រភពបានអោយដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ មានអំពិលទុំជាច្រើនគីឡូក្រាម ប៉ុន្តែគេនៅពុំទាន់ដឹងថាការយកអំពិលទុំនោះច្នៃជាផលិតផលអ្វីពិតប្រាកដឡើយ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការកាភ្លឺ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែមនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៣

ខេត្តសៀមរាប៖យោងតាមប្រភពគួរឲ្យទុកចិត្តបានប្រាប់ អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថា ជនបង្កដែលបានបើករថយន្តបុកមនុស្សជិះម៉ូតូទាំងកំរោលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ នៅកន្លែងកើតហេតុ​ត្រូវបានគេស្គាល់ឈ្មោះហើយ។

ប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ​ជនបង្ក មានឈ្មោះ ឈ្មោះ វ៉ាន់ វីរ៉ុត ធ្វើការនៅធ្វើការនៅក្រុមហ៊ុនសួស្តីហ្វាយណែន ត្រូវជាកូន នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាបម្នាក់។ ប៉ុន្តែព័ត៌មានបានទម្លាយថា ជនបង្កបានរត់គេចពីខេត្តសៀមរាបហើយ។

សូមជម្រាបថារថយន្តម៉ាស្តា ស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខនគរបាល ដែលបើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

យោងតាមរបាយការណ៍នគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនវេលារំលងអាធ្រាត្រ ចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង សៀមរាប។

របាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាក ម៉ាសដា ពណ៌ ខ្មៅ ពាក់ផ្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក វ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរ ឈ្មោះ លឹម ពុទ្ធាវី ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅផ្ទះជួលភូមិ ធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលឲ្យ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូ និងរថយន្តខូចខាតធ្ងន់ធ្ងរ។

ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប លោក សោម វីរៈ រូបនេះបានឲ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្តបានបើកបរក្នុងល្បឿនលឿន។ លោកថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សមត្ថកិច្ចក៏កំពុងស្រាវជ្រាវ រកអត្តសញ្ញាណអ្នកបើកបររូបនេះផងដែរ។ បើតាមការបញ្ជាក់ពីលោក សោម វីរៈ រថយន្តបង្កមិនមែនជារថយន្តនៅក្នុងអង្គភាពណាមួយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេ។

ថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃចន្ធម្សិលមិញ មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បញ្ជាក់ថា រថយន្តពាក់ផ្លាកលេខនគរបាល ដែលបានបុកមនុស្សស្លាប់កាលពីយប់មិញ ផ្លាកលេខរថយន្តនោះ មិនមាននៅក្នុងបញ្ជីឯកសារនោះទេ មានន័យថា ផ្លាកលេខក្លែងក្លាយ ហើយជាមួយគ្នានេះ អ្នកបើកបររថយន្តរូបនោះក៏មិនមែនជានគរបាលដែរប៉ុន្តែរស់នៅខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៣

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងការហេតុ។

ហេតុការណ៍បានកើតឡើង វេលាម៉ោងទៀបភ្លឺ ថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០២៣ ចំណុចខាងលិចផ្លូវបំបែកផ្សារកាកំបុត ចម្ងាយ៥០០ម៉ែត្រ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ២៩២.២៩៣ ឃុំរកាកំបុត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ហ៊ីយានដាយ ពាក់ផ្លាកលេខ កំពត 3 A.0769 បុកជាមួយម៉ូតូម៉ាកហុដាទ្រីមពណ៌ខ្មៅមពាក់ផ្លាកលេខ សៀមរាប 1 AN.1760 ម្ចាស់ឈ្មោះសឹម ធា ភេទប្រុសអាយុ ២៩ឆ្នាំរស់នៅភូមិត្រាំកង់ ឃុំ និទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺស្លាប់និងកន្លែងកើតហេតុ បើកបរមានទិសដៅពីកើតទៅលិច។

ប្រភពបានបន្តថា ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុកនៅអធិការស្រុកដើម្បីបង្កសំណុំរឿងចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៣

ខេត្តសៀមរាប៖នគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២០:២០នាទី
មានមអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង នៅចំណុចភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម្ចាស់ផ្ទះឈ្មោះ រឿន ភីរម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិឃុំកើតហេតុខាងលើ។

បណ្ដាលឱ្យខូចខាត៖
-ផ្ទះឈើមួយខ្នងប្រក់ដំបូលសង្ក័សី និងជញ្ជាំងសង្ក័សី ទំហំ ៥ម៉ែត្រ * ៦ម៉ែត្រ ខូចខាតអស់ខ្ទង់ ៧០%។
-សម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃ និងឯកសារមួយចំនួន។
មូលហេតុ៖ ទុស្សេខ្សែភ្លើង។ ម្ចាស់ផ្ទះបើកភ្លើងអំពូល និងដើរចោលផ្ទះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

នៅទីបំផុតកម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿន ទី៣ សៀមរាប-ភ្នំពេញ ដោយគ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទ ស្តីពីការលើកកម្ពស់ ការតភ្ជាប់ការដឹកជញ្ជូន ក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ នៅក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣នេះ ហើយសម្រាប់កម្ពុជា ការអភិវឌ្ឍ មានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។

លោក ស៊ុន ចាន់ថុល លើកឡើងទៀតថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងនៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ ផែកុងទីន័រថ្មីមួយទៀត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ១៨ភាគរយប៉ុណ្ណោះដែលអាចចូលចតបាន។

លោកស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿន យឺត ឲ្យទៅជាផ្លូវរថយន្តភ្លើង មានល្បឿនលឿន ពីភ្នំពេញ ទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោកបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿន ទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង១៩០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០២២ ដែលបានប្រើប្រាស់ទុនវិនិយោគប្រមាណ២ពាន់លានដុល្លាអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

ថ្លែងនៅមុខអាជ្ញាធរមូលដ្ឋាន ដូនជី តាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ នាថ្ងៃសុក្រម្សិលមិញ ក្នុងពិធីសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា ផ្លូវថ្នល់ និងនិងសមិទ្ឋផលនាៗ នៅវត្តគគីរ ស្រុកប្រាសាទបាគង​ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានបញ្ជាក់ថា រាល់សមិទ្ឋផលនានាទាំងនៅទីនេះ​ និងនៅទីដ៏ទៃក្នុងទូទាំងប្រទេស អាចកើតឡើងទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍឱ្យរីកចម្រើនដូចពេលនេះបានឡើយ។

ឯកឧត្តម សៀង ណាំ ក៏បានកោតសរសើរ ចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគគីរ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសាលាធម្មសភា និងសមិទ្ឋផល មួយចំនួនទៀត បានសម្រេចរួចរាល់ជាស្ថាពរ។

ឯកឧត្តម ក៏បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

ឯកឧត្តម ក៏បានប្រគេនព្រះចៅអធិការវត្តនូវថវិកាចំនួនប្រគេនបច្ច័យចំនួន ១០លានរៀលនិង ចែកជូនតាជីយាយជី ២០០នាក់ សិស្សានុសិស្ស ១០០នាក់ លោកគ្រូ អ្នកគ្រូ ១៥នាក់ ប្រជាពលរដ្ឋ១ពាន់នាក់ សរុបអស់ថវិកា ១៧លានរៀលផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា សង្គមខ្មែរយើងបានចាត់ទុកព្រះពុទ្ឋសាសនា ជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍ មិនអាចខ្វះបាន ហើយពុទ្ឋចក្រ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវិស័យនេះ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពុទ្ឋបរិស័ទ មកបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា ជាមួយគ្នានេះវត្តអារាម បានផ្តល់គុណសម្បត្តិដល់ពុទ្ឋបរិស័ទ ដែលមានព្រះសង្ឃ ជាតួអង្គសំខាន់ និងបានជួយអភិវឌ្ឍសង្គម កម្ពុជាតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា សមិទ្ឋផលថ្មីជាគរុភ័ណ្ឌវត្តនេះ មានដូចជា សាលាធម្មសភា មួយខ្នងមានទំហំ១៦មគុណនឹង៣៧ម៉ែត្រ ផ្លូវថ្នល់មុខវត្តប្រវែង១ពាន់២០០ម៉ែត្រ​ ទទឹង​ ៨ម៉ែត្រ និងសមិទ្ឋិផលនាៗ មួយចំនួនទៀតចំណាយក្នុងការកសាងអស់ថវិកាសរុប ជាង៤១ ម៉ឺនដុល្លារ និងនៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់ ៦ម៉ឺន៨ពាន់ដុល្លារទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

យ៉ាងហោចណាស់គោមួយក្បាលបានស្លាប់ មនុស្សម្នាក់បានរករបួស ក្នុងហេតុការណ៍គ្រោះធម្មជាតិ មួយនៅរសៀលថ្ងៃសុក្រនេះ។

ព័ត៌មានបឋម ថា នៅរសៀលថ្ងៃនេះ នៅចំណុចភូមិស្រិតខាងកើត និងភូមិតាត្រាវ ឃុំកន្ត្រាំងស្រកប្រាសាទបាគង មានករណីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលបណ្តាលឲ្យដួលរលំរោង១ខ្នងទាំងស្រុង ដែលមានទំហំ (៣៧មx ១៧ម)និងរបេីកសំយ៉ាបផ្ទះ១ខ្នងទំហំ (៦មx៣ម)។

ប្រភពបានបន្តថា គ្រោះធម្មជាតិនេះ បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សម្នាក់របួសស្រាលមនុស្ស១នាក់ និងរន្ទះបាញ់ សត្វគោងាប់១ក្បាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page57 Page58 Page59 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
© 2026 srpostnew.com. All Rights Reserved!
×