Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បានអំពាវនាវ ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមឲ្យ មកពិនិត្យ ថែទាំ សុខភាព ឲ្យ បាន គ្រប់ៗគ្នា ចាប់ពី ពេល ពពោះ រហូត ដល់ពេល សម្រាល និងកូន ដល់ អាយុ ២ឆ្នាំ ដែល ជា យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាល ក្នុង ការ លេីក កម្ពស់ សុខុមាលភាព នៅកម្ពុជា។

ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសប្រារព្ធទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដែលប្រព្រឹត្តទៅ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៌ខ្ពង់ខ្ពស់ទាំងឡាយ ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ក្នុងសារលិខិតនេះ ដោយត្រូវរួមគ្នា ជួយអោយស្រ្តីមានផ្ទៃពោះ ទាំងអស់ ទទួលបានការពិនិត្យថែទាំ តាំងពីពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាល ត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងទារក រហូតកូនមានអាយុ២ឆ្នាំ។
ប្រការដែលសំខាន់ គឺស្ត្រីជាមាតាទាំងអស់ ត្រូវដឹងអោយបានច្បាស់ពីការចិញ្ចឹមទារក និងកុមារតូច ការតាមដានការលូតលាស់របស់កូន ការពន្យារកំណើត ជួយអោយម្តាយមានសុខភាពរឹងមាំ ហើយកូនអាចទទួលបានការថែទាំពេញលេញពីម្តាយ និងមានសុខភាពល្អ ។

ក្នុងស្ថានភាពដែលប្រទេសយើង មានការរំខាន ពីមេរោគកូវីដ ១៩ នេះ លោកបានក្រើនរំលឹកដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងអ្នកចូលរួមទាំងអស់ ត្រូវ បន្ត«រស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួន តាមរយៈ យុទ្ធសាស្ត្រ ” ៣ការពារ និង ៣កុំ ” របស់សម្តេចតេជោ សែន និងវិធានការើណែនាំនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជន ឆ្នើម ថ្នាក់ជាតិ បានផ្តល់ ជូន ស្ត្រី ចំនួន ១៥៨ នាក់ នោះ ម្នាក់ៗ ទទួលបាន៖ មី ជាតិ១ កេស , ឃី ត ១ កញ្ចប់ , ស្ករស ១ គ . ក . ទឹកដោះខាប់ ១ កំប៉ុង , ម្សៅ លាប ខ្លួន ទារក ១ ដប , សាប៊ូ ដុស ខ្លួន ទារក ១ ដប , ខោ ទឹកនោម ទារក ១ យួរ និង ថវិកា ២០,០០០ រៀល។  ជាមួយគ្នានេះដែរ ស្ត្រីម្នាក់ដែល ត្រូវ ឪពុកចុង ចាប់រំលោភ មាន ផ្ទៃពោះ ត្រូវបាន ផ្តល់ជូន ទឹកប្រាក់ ចំនួន ២០០,០០០ រៀល ។

សូម ជម្រាប ផងដែរ ថា បន្ទាប់ពី ពិធី សំណេះសំណាល និង ចែក អំណោយ ដល់ ស្ត្រី នៅ មន្ទីរ សុខាភិបាល ខេត្ត លោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ ដា និង ក្រុមការងារ បាន បន្តដំណើរ អញ្ជើញ ចុះសួរសុខទុក្ខ អ្នក ជំងឺជាស្ត្រីទើបសម្រាលកូន កំពុង សម្រាក ក្នុងមន្ទីរពេទ្យខេត្ត និង បាន ឧបត្ថម្ភ ថវិកា ជូន ក្នុង ម្នាក់ៗ ៥០,០០០ រៀល ផងដែរ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ក្រុម យុវជន សកម្ម ផ្នែក បណ្ដាញ សង្គម វគ្គទី ១ របស់ ក្រុម ការងារ យុវជន គណបក្សប្រជាជន កម្ពុជា ខេត្ត កំពង់ចាម នៅថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានប្រាប់ដល់ក្រុមយុវជនសកម្ម ផ្នែកបណ្ដាញសង្គម ឲ្យ ធ្វើ ការ ចងក្រង ជា ក្រុម ហើយ ផ្សព្វផ្សាយ ព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក នូវ អ្វី ដែល មាន ប្រយោជន៍ បម្រើដល់សង្គមជាតិទាំងមូល។

ក្នុង ពិធី សំណេះសំណាល ននេះដែរ លោក អ៊ុន ចាន់ដា បាន ថ្លែង ថា វគ្គបណ្ដុះបណ្ដាល ផ្នែកបណ្ដាញសង្គមលើកទី១នេះ ពិតជា មាន សារៈសំខាន់ណាស់ ដេីម្បី ឲ្យ ក្រុមយុវជន របស់ គណបក្សប្រជាជនកម្ពុជាខេត្ត រួម គ្នា ផ្សព្វផ្សាយ អំពីសមិទ្ធផលផ្សេងៗ ជាពិសេសសមិទ្ធផល ដែលរាជរដ្ឋាភិបាល ខិតខំកសាងឡេីង នៅតាមមូលដ្ឋាន រួមទាំង គម្រោងអភិវឌ្ឍន៍ ផ្សេងៗ របស់ អង្កការ ជា ដៃគូ ដែល មាន ដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធ ធារាសាស្ត្រ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដើម្បី ឲ្យ មហាជន បាន ជ្រាប និង បាន យល់ដឹង ។

លោក អ៊ុន ចាន់ដា ក៏បាន សំណូមពរ សូមឲ្យក្រុមយុវជនសកម្ម ផ្នែកបណ្ដាញសង្គមទាំងអស់ រួមគ្នា ចងក្រង ឡេីងជា ក្រុម មាន ដូចជា ក្រុម ឃោសនឹក ធ្វើ ការ ផ្សព្វផ្សាយ ក្រុម វាគ្មិន និង ក្រុម តស៊ូ មតិ ដេីម្បី ធ្វើ ការ ពី ចម្ងាយ និង ផ្សព្វផ្សាយ ពីការ អភិវឌ្ឍន៍ រីកចម្រើន ជាពិសេស កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល ក៏ ជា សកម្មភាព ដឹកនាំ ដ៏រស់រវើក របស់គណបក្សប្រជាជនកម្ពុជា នៅ គ្រប់ មូលដ្ឋាន រហូត ដល់ ថ្នាក់ ជាតិ ពោលគឺ ត្រូវ ប្រេីប្រាស់ បណ្តាញ សង្គម ឲ្យចំទិសដៅ និង មាន ផលប្រយោជន៍ ដល់សង្គមជាតិ
យើងទាំងមូល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
២១ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖:កំព្យូទ័រយួរដៃ និង​ម៉ាស៊ីន​ព្រីនធ័ ចំនួន​១៤ឈុត​​ ដែល​ជា​អំណោយ​ របស់សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​-ហ៊ុន​សែន​ ត្រូវ​បាន​ផ្ដល់​ជូន​ឃុំ​ទាំង​១១​ និង​វិទ្យាល័យ​ទាំង​៣​ ក្នុង​ស្រុក​កងមាស​ ខេត្តកំពង់ចាម។

ការផ្ដល់នេះតាម​រយៈ​ លោក ណុប​ រ័ត្ននិមល​ សមាជិក យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធាន​ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យ សម្តេចហ៊ុន​ សែន​ តំណាង លោកហ៊ីង​ ប៊ុនហៀង​ នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន​ សែន​ និងជាប្រធាន​គណៈកម្មាធិការគណបក្ស ខុទ្ទកាល័យ សម្តេចហ៊ុន​ សែន​។​

ពិធី​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ​ ម្សិលមិញ ដោយមានការ ចូលរួមពីលោក អ៊ុន​ ចាន់ដា​​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ និនិងលោក ខ្លូត​ ផន​ អនុប្រធានប្រចាំការបក្សខេត្ត​ ព្រមទាំង​សមាជិក​ សមាជិកា​ គណបក្សប្រជាជន​កម្ពុជា​ ជាច្រើន​រូប​ផងដែរ​។

ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា​ ចំនួន៣២៤នាក់​ នៅស្រុក​កងមាស​ លោក អ៊ុន​ ចាន់ដា​ បានរំលឹកថា​ ជំនាន់​ប៉ុលពត​ គេសម្លាប់ និស្សិតបញ្ញវន្ត អ្នកចេះដឹងចោលស្ទេីរគ្មានសល់ ក្រោមការ​រំដោះ​ជាតិ​មាតុភូមិ​ ឲ្យ​មាន​សុខសន្តិភាព​ ​ពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​វីរបុរស​ស្នេហា​ជាតិ​ពិតប្រាកដ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​ផ្ដល់​ឱកាស​ឲ្យ​យុវជន​យេីង​ សិក្សា​រៀនសូត្រ​ កសាង​ធនធាន​មនុស្ស​ ដូច្នេះ​សូម​ឲ្យ​ប្អូនៗ​​ ជា​យុវសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ​ ដេីម្បី​បន្ត​វេន​ដឹកនាំ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ ​ឲ្យ​មាន​ការ​រីកចម្រើន​រុងរឿង​​​​ទៅ​ថ្ងៃ​អនាគត​។

លោក អ៊ុន​ ចាន់ដា​ ក៏បាន​សំណូមពរ​សូម​ឲ្យ​​យុវជន​ចងក្រង​ ជាក្រុមឃោសនឹក ផ្សព្វផ្សាយពីការអភិវឌ្ឍន៍រីកចម្រើន និង​កម្មវិធី​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ ក៏​ជា​សកម្មភាព​ដឹកនាំ​រស់រវើក​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​។

ដោយឡែក​មន្ត្រី​​ការងារ​​នៅ​ថ្នាក់​មូលដ្ឋាន​ ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ និង​ចងក្រង​ជា​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​​ ដេីម្បី​ស្នេីដល់​ថ្នាក់​ខេត្ត​ សុំផ្តល់ជា​ធនធាន​សម្រាប់​ ចុះបំពេញការងារ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈ ព្រឹកមិញនេះ បានចុះពិនិត្យស្ថានភាព ទឹកស្រោចស្រព និងការបង្កបង្កើន ផលស្រែប្រាំង របស់ប្រជាកសិករ​ នៅតំបន់​បឹងជ្រោយ ស្ថិត​ក្នុង​ឃុំសូទិព្វនស្រុកជើងព្រៃ។

សូមជម្រាបថាដោយអនុវត្ត តាមសេចក្តីណែនាំរបស់ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី១៨ ខែកុម្ភ:​ ម្សិលមិញ លោក​ ផេន​ សុផល​ អភិបាលស្រុកបាធាយ​ បានដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរឃុំ​ ចុះពិនិត្យ ការកាយ ដាក់លូរំដោះទឹក នៅតំបន់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ​ ដេីម្បីសម្រួល ការរំដោះទឹក រវាងប្រជាពលរដ្ឋ ស្រុកបាធាយ និងស្រុកជេីងព្រៃ​ សម្រាប់ធ្វើស្រែប្រាំងរបស់ ប្រជាពលរដ្ឋ ទាំងបីឃុំខាងលើ ប្រមាណជាង ១០០០ហិកតា។

ជាមួយគ្នា​នេះដែរ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ក៏បាន សហការជាមួយអាជ្ញាធរ ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកកងមាស ដោយមានការចូលរួមពីអាជ្ញាធរឃុំពាក់ព័ន្ធ ចំនួន៧ ធ្វើការបើកផ្លូវទឹក ព្រែកស្ទឹងឆ្វេងទៅតាមសំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋផងដែរ។

បើតាមមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ថា ការចុះដោះស្រាយនេះ ជាលទ្ធផល ក្រុមការងារសម្រេចបាន ទប់ព្រែក ដើម្បីឆ្លងកាត់ប្រវែង ៣៥.៤៩m បើកមុខ២ m នៅចំណុចខ្លាក្រទាម ឃុំផ្តៅជុំ ស្រុកជើងព្រៃ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m បើកមុខ២ m នៅ​ចំណុច​ក្រពើប្រជុល ព្រំប្រទល់ ស្រុកជើងព្រៃ និងស្រុកបាធាយ។​ ព្រមទាំង​ទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង ៣៥.៤០m ពីមុនបើកមុខលូ១ m មួយជួរ ឥឡូវក្រុមការងារ តម្រូវអោយបើកមុខលូ១ m មួយជួរ​បន្ថែម​ទៀត នៅ​ចំណុច​អន្លុងជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ។​ នឹងទប់ព្រែកដើម្បីឆ្លងកាត់ប្រវែង២០.២៥ m ពីមុនដាក់លូមុខកាត់០.៨ m មួយជួរ ឥឡូវក្រុមការងារតម្រូវអោយដាក់លូមុខកាត់០.៨ m ចំនួនពីរជួរន្ថែមទៀត ត្រង់ចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ​២០២០​ និង​លេីក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១​ របស់​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០២ ព្រឹកមិញ នេះ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ គោលដៅ​សំខាន់​បំផុត​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺ​ការ​កសាង​កម្លាំង​ ធ្វើ​យ៉ាងណា​ឲ្យ​យុវជន​​របស់​យេីង​ ធ្វេី​​ការងារប្រកប​ដោយ​ឆន្ទៈ​​មុះមុត​ និង​ក្នុង​​ស្មារតី​​ស្មោះត្រង់​ ដេីម្បី​ចូលរួម​​ការពារ​រាជរដ្ឋាភិបាល​ ស្របច្បាប់ ក្រោម​ការ​ដឹកនាំ​ របស់ សម្តេចតេជោ ហ៊ុន​ សែន ព្រោះ​ឆន្ទៈ​នេះ​ហេីយ​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ចូលរួម​​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ របស់យើងឲ្យកាន់តែមានការរីកចម្រើន។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​បន្តថា រដ្ឋបាល​ខេត្តកំពង់ចាម បាន​ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះ ការអនុវត្តការងារ របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ គ្រប់​លំដាប់​ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។​ ជាមួយគ្នានោះ​ រដ្ឋបាលខេត្តកំពង់ចាម ​ក៏មានការប្តេជ្ញាចិត្តខ្ពស់​ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា​ ប្រកបដោយ​ចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការ ជាមួយដៃគូអភិវឌ្ឍ នានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ទាំងអស់ក្នុងសង្គម ក្នុងនោះយុវជន ដែលជាធនធានមនុស្សប្រកបដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

ក្នុងឱកាសនេះដែរ លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា​ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញេី​សាកសួរសុខទុកពី​សំណាក់​ លោក ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហេីយ​ក៏​​បាន​ធ្វើ​ការ​សំណូមពរ​ដល់​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម​ ឲ្យ​ខិតខំ​ពង្រឹង​ ​និង​ពង្រីក​រចនាសម្ព័ន្ធ​របស់​ខ្លូន​​ ឲ្យ​មាន​ការ​​រីកចម្រើន​ ដេីម្បី​បំពេញ​បេសកកម្ម​ បម្រើដល់សង្គមជាតិ ជាពិសេស បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បាន អះអាងថា ស្រុក ស្ទឹងត្រង់ នឹងប្រែក្លាយ ទៅជាតំបន់ទីប្រជុំជន កសិ ទេសចរណ៍ យ៉ាង សំខាន់ ក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយមានការ រៀបចំ ដាក់តាំងរូបផ្លែឈើ នៅចំណុច រង្វង់មូលគល់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និង រៀបចំ ឲ្យ មាន ការដាក់ លក់ ផ្លែឈើ ផងដែរ ។

ថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឲ្យប្រេីប្រាស់ ជាផ្លូវការ សមិទ្ធផលនានា នៃ មន្ទីរពេទ្យ បង្អែក ហ៊ុន សែន ស្ទឹងត្រង់ ស្ថិត ក្នុង ភូមិ ត្នោត តាសាយ ឃុំ ព្រែក កក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកុម្ភៈ ព្រឹកមិញនេះ។

ក្នុងពិធីនេះដែរ អ៊ុន ចាន់ដា បាន ថ្លែង អំណរគុណ ដល់ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែល បាន គាំទ្រ ដល់ វិស័យ សុខាភិបាល ក៏ដូចជា មន្ទីរពេទ្យ បង្អែក ស្រុក ស្ទឹងត្រង់ នេះ ដោយ បាន ផ្កល់ ជាសម្ភារបរិក្ខាពទ្យ បូក រួម ទាំង សំណង់អគារ ផ្លូវបេតុង ប្រព័ន្ធ បង្ហូរ ទឹក និងសួនច្បារ យ៉ាងស្រស់ស្អាត សរុប ជាថវិកាប្រមាណជាង ៣៣ម៉ឺនដុល្លារអាមេរិក ដែល ជា សមិទ្ធផល ដ៏មានសារៈសំខាន់ សម្រាប់ ជួយដល់ ប្រជាពលរដ្ឋ នៅក្នុងស្រុក ស្ទឹងត្រង់ ។

អភិបាលខេត្ត បាន បញ្ជាក់ ថា ថ្វីត្បិតតែ យើងទទួលបានសមិទ្ធផល ល្អហើយ តែចំណុចសំខាន់ គឺសូមឲ្យប្រជាពលរដ្ឋ យើង សូមព្យាបាល សុខភាពនៅឯផ្ទះ ដោយខ្លួនឯងជាមុនសិន ពោលគឺ ត្រូវចេះការពារ ប្រសើរជាង ការព្យាបាល តាមរយៈ ការរស់នៅ អនាម័យសុខភាព និងការទទួល ទានចំណីអាហារផ្សេងៗ ឲ្យបានល្អប្រសើរ។ លោកថា យើងទទួលបានអគារ និងទីកន្លែងល្អហើយ តែសូមឲ្យល្អ ចំពោះ តែអ្នកជំងឺ មកទទួល សេវាសុខាភិបាល តែប៉ុណ្ណោះ ពោលគឺ អ្នកគ្មានជំងឺ ពុំចាំបាច់មកសម្រាកព្យាបាលនោះឡើយ។

លោកក៏បាន លេីក ឡើង ថា តម្លៃ នៃ សុខសន្តិភាព មិន អាច កាត់ ថ្លៃ បាន ឡេីយ មាន សុខសន្តិភាព
ទេីបមានការអភិវឌ្ឍន៍។ ជាក់ស្ដែង ស្រុក ស្ទឹងត្រង់ យើងនេះ ទទួល បាន សមិទ្ធផល ធំ ៗ ជាច្រើន មាន ដូចជា ស្ពាន ផ្លូវ និង មន្ទីរពេទ្យ បង្អែក ជាដើម ដូច្នេះ សូម ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ រួម គ្នា ថែរក្សា សុខសន្តិភាព មួយនេះ ឲ្យបានគង់វង្ស ដេីម្បី បន្ត ការ អនុវត្តន៍ រីកចម្រើន ទៅមុខទៀ៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖បុរសម្នាក់លួចយករថយន្តរបស់កូន ឯកឧត្តម គង់​ វុ​ទ្ធី​ អគ្គ​ នាយករង​ នៃ​អគនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបានប៉ូលិសខេត្តកំពង់ចាម ចាប់ខ្លួន តាមពាក្យបណ្ដឹងឪពុកម្ចាស់រថយន្តម៉ាកBMW X5​ ពាក់​ស្លាក​លេខ​ 2AQ-1944​ និងឯកសារពាក់ព័ន្ធ។

ការចាប់ខ្លួនធ្វើនៅម៉ោង​១២​និង​៣០​នាទី​ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ស្ថិតនៅភូមិ តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនសង្យ័យ ឈ្មោះ មេ​ត​ សុខ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​។​

សូមជម្រាបថាករណីលួចរថយន្ត នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នៅភ្នំពេញ។​

ករណីនេះ ​ដោយ​មាន​ឯកភាព​ពី​លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញា​រង​ សមត្ថកិច្ច​ បាននាំ​យក​ជនសង្ស័យ​ និង​រថយន្ដ​ ទៅកាន់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាងសំណុំរឿងតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ក្នុងពេលជួបសំណេះសំណាល ជាមួយកងកម្លាំងបោសសំអាត គ្រាប់យុទ្ធភ័ណ និង​កាកសំណល់​សង្គ្រាម​ ដែល​កំពុង​បំពេញ​ បេសកកម្ម ស្រង់យកគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះ នៅក្នុង​​ទន្លេមេគង្គ​ សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីន
ជាការងារមួយ ដែលរាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការ សកម្មភាពមីនជាតិ និងអន្តរជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីរំដោះផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​ របស់ប្រជាពលរដ្ឋ តាម​រយៈ​យកដីទាំងនោះ ទៅប្រកបរបរកសិកម្ម។

បេី​តាមរបាយការណ៍ របស់ លោកនាយឧត្តមសេនីយ៍​ សែម​ សុវណ្ណនី​ អគ្គនាយកមជ្ឈមណ្ឌលជាតិ​ បាន​ឲ្យដឹង​ថា ​រហូតមក​ដល់​ថ្ងៃ​ទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ម្សិលមិញ គ្រាប់យុទ្ធភណ្ឌ ដែលកម្លាំងជំនាញ ប្រមូលបាន ​សរុប​ជាង​៨តោន​​​ ក្នុង​នោះរួមមាន​
១-គ្រាប់មិនទាន់ផ្ទុះ​ ទំហំ៦០-១០៥មីលីម៉ែត្រ​​ ចំនួន​៧២២គ្រាប់​។
២-គ្រាប់​ប្រភេទតូច​ (ប្រភេទកាំភ្លេីងដៃ​ និងកាំភ្លើងយន្ត)​ចំនួន​៥៤,៩២៥គ្រាប់​។
សរុបរួមមាន​ចំនួន​៥៥,៦៩៧គ្រាប់​ ដែលត្រូវបានរុករកឃេីញ នៅក្នុងឃ្លុបទី១ និងនៅ​សល់​៣ឃ្លុបទៀត​ ដែលត្រូវយកចេញជាបន្តបន្ទាប់។​ កម្លាំងជំនាញ ក៏បានរកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់​កងទ័ព​​ ​បំណែក​​ឆ្អឹង​ក្បាល​ ​ឆ្អឹង​ជើង​ ននិងសម្ភារផ្សេងៗមួយចំនួនផងដែរ។

សូមជម្រាបថាពិធីនេះ ធ្វើនៅភូមិវាល ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ នៅថ្ងៃទី១២ ខែកុម្ភៈ​ ព្រឹកមិញ នេះដោយមានការចូលរួមពី លោក ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ពាក់ព័ន្ធ​ ​ជា​ច្រើន​រូប​ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លំនៅឋាន​១ខ្នង​ រួមជាមួយ​នឹង​ទ្រព្យសម្បត្តិ​ ក្នុងផ្ទះ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់ ខណៈ​ម្ចាស់​ផ្ទះ​រៀបចំ​សែន​កុងម៉ា​ ក្នុងឱកាសចូលឆ្នាំចិនថ្ងៃទី១ ហើយ​បិទទ្វារ​ ទៅលេងផ្ទះដន្លង នៅភូមិផ្សេង ដោយ​មិន​បាន​ ពន្លត់ភ្លើងទៀន។ ​​

ហេតុការណ៍​នេះ​ បានកេីតមានឡើងកាលពីវេលាម៉ោង២និង៣០នាទី ​រសៀល​ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅ​ក្នុង​ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​មានឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅ​ក្នុង​ភូមិ​កេីតហេតុ​ខាង​លើ​។
ករណីនេះ បណ្ដាលឲ្យផ្ទះទំហំ ៦ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា ថ្មក្រោម​ ឆេះ​អស់​ទាំងស្រុង​ រួម​នឹង​ទ្រព្យសម្បត្តិ​ មានដូចជា ទូរទស្សន៍០២គ្រឿង ស្រូវ១០បេ ប្រាក់៣០០ដុល្លា ខ្សែរកមាស៥ជី កង់ដៃ២១ធ្វើពីផ្លាកទីន និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ចំពោះ​មូលហេតុ ម្ចាស់ផ្ទះសែនរួច បិតទ្វារ ទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ដោយ​មិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា។

គួរ​បញ្ជាក់​ថា​ ក្នុងកិច្ចប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ស្នងការ ឯម កុសល បានបញ្ជាអោយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន០២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ០១គ្រឿង នឹងរថយន្តរបស់នគរបាលស្រុកចំការលើមួយគ្រឿង ចុះជួយអន្ដរាគមន៍ ដោយប្រើប្រាស់ទឹកអស់០៤រថយន្ដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖តាមរបាយការណ៍ របស់ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានបង្ហាញថា ចាប់ គិត ពីថ្ងៃ ទី ៣ ខែតុលា ឆ្នាំ ២០២០ រហូត ដល់ ថ្ងៃ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ ក្រុមមន្ត្រីជំនាញ បានរកឃើញគ្រាប់យុទ្ធភណ្ឌ សរុប៨២២៨,២៣តោន។
រួមមាន៖ គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះក៏បានរកឃើញវត្ថុតាងរួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន កម្ទេច ឆ្អឹង ក្បាល និង ឆ្អឹង ម្រាមជើង ផងដែរ។

សូមជម្រាបថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកុម្ភៈ ព្រឹកមិញ
បានអញ្ជើញចុះពិនិត្យ លទ្ធផល នៃការស្វែងរកគ្រាប់យុទ្ធភណ្ឌ និងកាកសំណល់ សម័យ សង្គ្រាម ដែល កម្លាំង បោសសំអាត បានស្រង់ ចេញ ពី ខ្មោច នាវា លិច ទឹក ខាងលើ នៅក្រោមបាតទន្លេមេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា បន្ទាប់ពី ក្រុម ហ៊ុន គ្លូបប៊លហ្គ្រីន បាន បូម ខ្សាច់ នៅ តំបន់ នោះ ដេីម្បី ដឹក យក ទៅ រាជធានី ភ្នំពេញ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ មិនទាន់ផ្ទុះជាច្រើនគ្រាប់ គឺមាន ១-គ្រាប់AK57 ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធ មន្ត្រីស៊ីម៉ាក់ និង ក្រុមជំនាញមុជទឹក បានមកពិនិត្យទីតាំងបូមខ្សច់ ជម្ជម្រៅប្រមាណជា១៩ម៉ែត្រ។ ដោយលទ្ធផលក្រុមជំនាញបានពិនិត្យឃើញ ទ្រង់ទ្រាយ ជា ម៉ារីន (នាវា ចម្បាំង ) មួយគ្រឿង នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និង ជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បាន នាំយក អំណោយ  មនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ចែកជូន ប្រជាពលរដ្ឋខ្វះខាត ក្នុងជីវភាព ចំនួន ៨៩គ្រួសារ មកពីភូមិចំនួន៣ គឺ  ភូមិបឹងបាសាក់ កំពង់រលីង និងភូមិតាណេង នៃសង្កាត់សំបួរមាស ពិធីចែកអំណោយនេះត្រូវបានរៀបចំឡេីង នៅវត្តខេមវ័ន្តបឹងស្នាយ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយ មាន ការ អញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមនឹង ថ្នាក់ដឹកនាំ   ក្រុមការងារកាកបាទក្រហមកម្ពុជា ព្រមទាំង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូន ប្រជាពលរដ្ឋ ទាំង៩៨គ្រួសារ  ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម  មី  ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឃីត ១កញ្ចប់ អាវយឺត២ និងថវិកា២០.០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២១

ខេត្តកំពង់ចាម៖ផ្លូវ​បេតុង​អាមេ​១ខ្សែ​ ប្រវែង​៨៨៤ម៉ែត្រ​ គិត​ជាថវិកា​ សរុបជាង២២៥លានរៀល ដែល​ជា​គម្រោង​មូលនិធិ​ ឃុំឆ្នាំ២០២០ ​សាងសង់​ឡេីង​ ដោយក្រុមហ៊ុន យ៉េន​ ស៊ី​នួន​ នា​អំឡុង​ដើម​ខែ​តុលា​ ឆ្នាំ​២០២០​ នៅភូមិ​ក្រោយ​វត្ត​ តភ្ជាប់​ទៅ​ភូមិ​ត្រពាំង​ពោន​​​ ​ស្ថិតក្នុង​ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​គេ​លាបកៅស៊ូ​ ពីលេីដេីម្បីធ្វើការបិទបាំងនូវអ្វីមួយ?​ ប៉ុន្តែ​ទីបំផុត នៅតែលេចចេញ ជាស្នាមប្រេះស្រាំហុយទ្រលោម។

​លោក​ជឹម​​ សំអាត​ មេភូមិ​ក្រោយ​វត្ត​ បាន​ឲ្យដឹងថា​ គម្រោង​ផ្លូវ​បេតុង​អាមេ​​១ខ្សែ​នេះ​ ត្រូវ​បាន​ក្រុមហ៊ុន​ យ៉េន​ ស៊ី​នួន​ ​ទទួល​ការ​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​សរុប​​២២៥.៤២០.០០០​រៀល​ ដែល​ចាប់ផ្ដើម​អនុវត្ត​កាលពី​ដេីម​ខែ​១០​ ឆ្នាំ​២០២០​ មិនទាន់​​បាន​ប៉ុន្មាន​ខែ​ផង​ ស្រាប់តែ​ប្រេះ​ខូច​ជាបន្តបន្ទាប់​ ឡេីង​ហុយ​ទ្រលោម​ ហើយ​ខាង​ក្រុម​ហ៊ុន​ បាន​យក​កៅស៊ូ​ មក​លាប​ពី​លើ​ ក្នុង​គោល​បំណង​បិទបាំង​ស្នាម​ប្រេះស្រាំ​នោះ​ ដែល​ទង្វើរ​នេះ ប្រជាពលរដ្ឋ មិនអាចទទួលយកបានឡេីយ ហេីយ​លោក​ក៏​បាន​សំណូមពរ​ថា​ បេីបាន​ជា​​កសាង​ហើយ​នោះ​ ធ្វើ​យ៉ាងណា​ ឲ្យប្រជាពលរដ្ឋ ប្រេីប្រាស់បានស្រួល និង​យូរអង្វែង​ផង។

លោក​មេភូមិ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ផ្លូវ​១ខ្សែ​នេះ​​ទទួល​រងការ​ខូចខាត​​ ហើយនោះ ខាង​ក្រុម​ហ៊ុន​ បានចោទប្រកាន់ទៅលើ រថយន្តដឹកដី ប៉ុន្តែ​ផ្លូវ​បេតុង​​តភ្ជាប់ជាមួយ​គ្នា​នោះ​ ដែល​ក្រុម​ហ៊ុន​ផ្សេង​ ទទួលការធ្វើតាមក្រោយ ពុំមាន​ការខូចខាត​ដូច​ផ្លូវ​ដែល​ក្រុម​ហ៊ុន​ យ៉េន​ ស៊ី​នួន​ ធ្វើ​នោះ​ឡើយ​។

ពាក់ព័ន្ធព័ត៌មាននេះ លោក​ សាន់​ សុខខេន​ មេឃុំ​គរ​ បាន​ឲ្យដឹងថា​ ចំពោះ​បញ្ហា​ផ្លូវ​ ដែលរងការខូចខាតខាងលេីនេះ លោក​បាន​ប្រាប់​ឲ្យខាង​ក្រុមហ៊ុន​​ ធ្វើ​ការ​​ជួសជុល​ ឡេីងវិញហើយ ដោយ​គ្រាន់តែ​លាប​កៅស៊ូ​ពី​លេី​ ឬយ៉ាងណា​នោះ​ លោក​មិន​បានដឹង​ទេ​។

ដោយឡែក​ លោក​ ប្រាក់​ ទិត្យ​ នាយក​ទីចាត់ការ​ផែនការ​ និង​វិនិយោគ​ ខេត្តកំពង់ចាម​ បាន​ប្រាប់​អ្នកសារព័ត៌មាន​​ឲ្យដឹងថា​ គម្រោង​ស្ថាបនា​ ផ្លូវ១ខ្សែនេះ គឺត្រូវចំណាយថវិការដ្ឋអស់ច្រើនណាស់។ ចំពោះ​ករណី​ដែល​ក្រុមហ៊ុន​ទទួល​ការ​ធ្វើ​របៀប​នេះ​ គឺលោកមិនអាចទទួលយកបានទេ។ លោកនឹងចាត់តាំងមន្ត្រីជំនាញឲ្យចុះ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​អ្នកសារព័ត៌មាន​ បានទៅថត ខាង​ក្រុមហ៊ុន​ ក៏បានទៅ​លាបកៅស៊ូ​ បន្ថែមពីលើ នៅកន្លែង​ ដែលចន្លោះខ្វះខាតនោះថែមទៀតផងដែរ។ ជុំវិញការលើកឡើងខាងលើនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន យ៉េន ស៊ីនួន នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page56 Page57 Page58 … Page81 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!