ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ បានប្រាប់ពលរដ្ឋថា បើសិនជាបងប្អូនណាឃើញមានល្បែងស៊ីសង ឬមានការប្រើប្រាស់នូវគ្រឿងញៀន សូមជួយរាយការណ៍មកដល់លោកមេភូមិ ហើយលោកមេភូមិរាយការណ៍ មកលោកមេឃុំ ចៅសង្កាត់ លោមេឃុំ ចៅសង្កាត់ ត្រូវរាយការណ៍ ទៅលោកអភិបាលស្រុក ហើយលោកអភិបាលស្រុក រាយការណ៍ទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីឲ្យឯកឧត្តម មាន ឱកាស់ចាត់វិធានការឲ្យកម្លាំងចុះមកបង្ក្រាបឲ្យបានទាន់ពេលវេលា។
អភិបាលខេត្ត បានបន្តថា ប្រសិនបើមូលដ្ឋានណាកើតមានឡើងនៅល្បែងសុីសង់ អាជ្ញាធរមូលដ្ឋាននោះត្រូវទទួលខុសត្រូវ ទាំងមេភូមិ ទាំងមេឃុំ ក៏ដូចគ្នាជាមួយនឹងប៉ុស្តិ៍នគរបាល និងអធិកា មេបញ្ជាការកងរាជអាវុធហត្ថ ឬក៏អភិបាលស្រុកក្រុងទាំងអស់ ដាច់ខាតភូមយើងទាំងអស់ ៨៧៣ ភូមិដែលចំណុះឲ្យរដ្ឋបាលខេត្តត្បូងឃ្មុំ របស់យើងនេះ ត្រូវតែជាភូមិ << ស >> ជាភូមិ ផា សុខភាព គឺជាភូមិដែលបងប្អូនយើងអាចរស់នៅដោយសុខសាន្តត្រាន មិនមានការរស់នៅដោយភិតភ័យ បញ្ហាចោរកម្មលួចឆក់ប្លន់នោះទេ។
លោក ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា បើបុគ្គលណា ដែលមានពាក់ព័ន្ធ ត្រូវតែមានទោសទាន់ មិនឲ្យរួចខ្លួនទេ ជាការក្រើនរំលឹកទៅដល់អាជ្ញាធរនៅមូលដ្ឋាន របស់យើង កងកម្លាំងរបស់យើង នៅតាមមូលដ្ឋាន អ្នកដែលប៉ះពាល់ត្រូវតែមានទោសទាន់ ដកចេញពីមន្ត្រីរាជការ ដកចេញពីកងកម្លាំង ហើយត្រូវមានទោសទាន់ថែមទៀត។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អះអាងបែបនេះ នៅ ថ្ងៃសៅរ៍ ម្សិលមិញ ក្នុងឱកាស នាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋ នៅទីទួលសុវត្ថិភាព បន្ទាប់ពីជម្លៀស មកពីឃុំជីរោជ៍ទី១ និងឃុំទន្លេបិទ សរុបចំនួន ១៣២គ្រួសារ ដែលរងគ្រោះ ដោយទឹកជំនន់។
លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យអាជ្ញាធរសហការ ជាមួយ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដេីម្បីរៀបចំការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ឲ្យបានល្អ ដោយមានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ ព្រមទាំងបានក្រើនរំលឹក ឲ្យបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូន រស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ផងដែរ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗ រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន២០,០០០រៀលផងដែរ៕SRP