ខេត្តត្បូងឃ្មុំ៖នៅចំពោះមុខយុវជន ក្នុងពិធីប្រកាស សមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក ទទួលបន្ទុកលើការងារយុវជន ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ម្សិលមិញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការបន្ថែមកម្លាំងរបស់គណៈពង្រឹង លើការជួយដល់ គណបក្សមូលដ្ឋាន គឺជាយន្តការ ដើម្បីរួមកម្លាំង នៅក្នុងយន្តការដែលមានស្រាប់ និងដើម្បីកៀរគរធនធាន ចូលរួមចំណែកបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ប្រឈមនានា នៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា សន្ទុះនៃការចុះឈ្មោះបោះឆ្នោតថ្មី.ក្នុងស្រទាប់យុវជននៅទូទាំងប្រទេស កំពុងមានកំណើនគួរឱ្យកត់សម្គាល់។ ដូច្នេះការពង្រឹងការងារយុវជន នៅថ្នាក់មូលដ្ឋាន រឹតតែមានសារៈសំខាន់ខ្លាំងណាស់។
ឯកឧត្តម បានសង្កត់ធ្ងន់ថា មូលដ្ឋាន គឺជាប្រភពកម្លាំងពិត នៃជ័យជម្នះ និងភាពរឹងមាំ របស់ថ្នាក់កណ្តាល ដើម្បីថ្នាក់កណ្តាលអាចមានលទ្ធភាព ដាក់ចេញនូវគោលនយោបាយ បម្រើឱ្យសេចក្តីត្រូវការ របស់ថ្នាក់មូលដ្ឋានវិញ។
ក្នុងន័យនេះ ទោះបី គណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យ លើសលប់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ក៏យើងទាំងអស់គ្នា ជា សមាជិក- សមាជិកាគណបក្ស ចាំបាច់ត្រូវខិតខំឱ្យបានខ្លាំងក្លាបន្ថែមទៀត ទាំងលើការងារពង្រឹងរចនាសម្ព័ន្ធ, ការងារកសាងសមាជិក និងការងារឃោសនា-អប់រំ ក៏ដូចជាកិច្ចការសង្គម និងមនុស្សធម៌ផ្សេងៗ ដើម្បីថែរក្សា និងបង្កើនប្រៀបឈ្នះរបស់គណបក្ស ឱ្យមាននិរន្តរភាពរឹងមាំ។
ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រូបនេះថ្លែងថា ការពង្រឹងប្រៀបឈ្នះ របស់ គណបក្សប្រជាជនកម្ពុជា មានគោលបំណងតែមួយគត់ គឺការបន្តអនុវត្តបន្ទាត់ នយោបាយ ដឹកនាំដ៏ត្រឹមត្រូវ ដើម្បីធានាអនាគតមួយ ដ៏ច្បាស់លាស់សម្រាប់កម្ពុជា តាមរយៈការការពារ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាផលបុណ្យ និងពរជ័យ ស្របតាមបំណងប្រាថ្នា របស់ប្រជាជាតិខ្មែរក្នុងការរស់នៅ ដោយមានសុភមង្គល និងភាពសុខសាន្ត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះ សមាសភាព ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកតំបែរ និងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំ ដែលទទួលបានការចាត់តាំង ឱ្យទទួលបន្ទុកលើការងារយុវជន ដើម្បីបន្តចូលរួមចំណែកបំពេញភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងរបស់ គណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសក្នុងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕SRP