ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីណែនាំអំពីវិធានការបង្រ្កាបការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្សមត្ថកិច្ចពាក់ព័ន្ធ ធ្ធ្វើការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
ក្នុងកិច្ចប្រជុំ នៅថ្ងៃពុធនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់គណៈអភិបាលក្រុង-ស្រុក ទាំង១០ ត្រូវបេីកកិច្ចប្រជុំ ឲ្យបានឆាប់រហ័ស ដេីម្បីជំរុញដល់មេឃុំ ចៅសង្កាត់ និងមេភូមិ ទាំងអស់ ឲ្យចូលរួមអនុវត្តការបង្ក្រាប ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលខេត្តបន្តថាការបង្ក្រាបនេះត្រូវអនុវត្តឲ្យដូចភ្លៀងរលឹម ចំពោះម្ចាស់ទីតាំងបេីកអាជីវកម្មល្បែងស៊ីសង តាមអនឡាញទាំង ៣៩០កន្លែង ក៏ដូចជាអ្នកប្រកបរបរល្បែងស៊ីសងខុសច្បាប់ផ្សេងៗទៀត ត្រូវធ្វេីកិច្ចសន្យាបញ្ឈប់ជាស្ថាពរ បេីពុំដូច្នោះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។
អភិបាលខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ ប្រធានអង្គភាព ត្រូវណែនាំមន្រ្តី ឬសមត្ថកិច្ចក្រោមឱវាទ ព្រមទាំងក្រុមគ្រួសារ ឲ្យដកខ្លួនចេញពីបទល្មើស (ប្រសិន បើមានការពាក់ព័ន្ធ) និងហាមដាច់ខាត មិនឲ្យមានការពាក់ព័ន្ធ កុំអន្តរាគមន៍ កុំនៅពីក្រោយ និងកុំលាក់បាំង អប់រំណែនាំ ពោលគឺត្រូវកែប្រែចិត្តគំនិត ចាប់ពីពេលនេះតទៅ ដោយឡែករឿងរ៉ាវពីមុនគឺមិនចាប់ទោសអូសដំណេីរអ្វីឡេីយ។
លោក វង្ស ប៊ុនវិសុទ្ធ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានលេីកឡេីងថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាការជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ឲ្យរួចផុតពីភាពក្រីក្រ ក៏ដូចជាការលេីកស្ទួយដល់ជីវភាពគ្រួសារ ព្រមទាំងធ្វើឲ្យភូមិ-ឃុំមានសុវត្ថិភាពទៀតផង។
លោកបញ្ជាក់ថាដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការដោយមានការយកចិត្តទុកដាក់ ដើម្បីចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះ ចំពោះទីតាំងលេងល្បែងស៊ីសងតាមអនឡាញ ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ បេីមិនមានការលេងល្បែងភ្នាល់ដាក់ប្រាក់ទេ គឺយើងត្រូវអនុញ្ញាតឲ្យគាត់បេីកលក់ដូរ ឬលក់កាហ្វេ ដោយមេីលព័ត៌មាន ឬមេីលរឿងផ្សេងៗ តាមទូរទស្សន៍បាន ដោយពុំមានការហាមឃាត់ទេ។
សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងបង្ក្រាបល្បែងស៊ីសុងឲ្យអស់ពីមូលដ្ឋាន។ ក្នុងនោះសម្ដេចតេជោ បានព្រមានដកថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនដែលមិនបង្ក្រាបទល្មើសល្បែងស៊ីសងផងដែរ៕SRP