លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សុខសន្តិភាពពិតជាបានមកដោយការលំបាកណាស់ ហើយការការពារសុខសន្តិភាព កាន់តែមានការលំបាកទៅទៀត។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព សុខដុមរម្យនីយកម្ម ស្ថិរភាពពេញលេញលេីផ្ទៃប្រទេស និងមានការអអភិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ពីសំណាក់សម្តេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូច្នេះសូមឲ្យ ពុកម៉ែបងប្អូន ចូលរួមចំណែកថែរក្សា សុខសន្តិភាពនេះ ឲ្យបានគង់វង្ស ដេីម្បីបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានការរីកចម្រើនបន្តទៅទៀត។
អភិបាលខេត្តកំពង់ចាម ថ្លែងបែបក្នុងឱកាសចូលរួមចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម ៥៥០គ្រួសារ នៅស្រុកកោះសូទិន នៅរសៀលថ្ងៃម្សិលមិញ។
លោក រ៉ូហ្វី អូស្មាន ក៏បានពាំនាំការសុខទុក្ខពីសំណាក់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់ គណបក្សប្រជាជនកម្ពុជា ដោយលោកបានលើកឡើង ពីសមិទ្ធិផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបាន ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន និងសុំអោយបងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោតគាំទ្រដល់ រាជរដ្ឋាភិបាល នៅគ្រប់អាណត្តិ ដើម្បីជាម្លប់សន្តិភាពដល់សង្គមជាតិទាំងមូលផងដែរ។
គួរបញ្ជាក់ថា ការចែកជូនកញ្ចប់អាហារស្រាយបួសសំរាប់ប្រជាពលរដ្ឋ ចំនួន ៥៥០គ្រួសារនេះ គឺមានឯកសណ្ឋានថ្វាយបង្គំ ចំនួន២០០ឯកសណ្ឋានសំរាប់យុវជន ស.ស.យ.ក និង សម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀន ស្ម័គ្រចិត្ត ខ្មែរឥស្លាម ចំនួន៣០រូប គម្រោងនេះក្រោមកិច្ចសប្រតិបត្តិកាជាមួយ សប្បុរសជនពី ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសព្រុយណេរ និងអូស្ត្រាលី សមាគមអាល់រ៉ហ៊ីមមូស្លីមកម្ពុជា ដែលបានចំណាយថវិកាសរុប ចំនួន ៤៦,០៥០,០០០ រៀល ស្មើរនឹង ១១,៣៧០ដុល្លា សហរដ្ឋអាមេរិក៕SRP